ព័ត៌មានជាតិ
ដាក់វិន័យក្រុមគ្រូពេទ្យ ខ្វះការទទួលខុសត្រូវឲ្យស្រ្តីឈឺពោះសម្រាលកូនមុខមណ្ឌល
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សម្រេចដាក់ទណ្ឌកម្មខាងវិន័យចំពោះប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន៦ នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ដោយសារតែប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
ការសម្រេចដាក់ទណ្ឌកម្មខាងវិន័យលើគ្រូពេទ្យនេះបានធ្វើឡើង បន្ទាប់ពីមានករណីប្រជាពលរដ្ឋបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដោយសារតែមិនមានគ្រូពេទ្យប្រចាំការ។
តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង០៦ និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលកូន បានមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស តែមិនឃើញមានគ្រូពេទ្យប្រចាំការ រហូតដល់ម៉ោងជាង០៨ ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាព ដោយឆ្មបបុរាណ ទាំងម្តាយ និងកូន គឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំកែវផុស។
ដោយឡែកក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុស បានរាយការណ៍ថា ចំពោះករណីប្រជាពលរដ្ឋឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាពឃុំកែវផុស គឺនៅចំពេលម៉ោងប្តូរវេនប្រចាំការ ដោយសារគ្រូពេទ្យប្រចាំការចេញមុនម៉ោង និងគ្រូពេទ្យប្តូរវេនមកយឺតពេល ដែលបណ្តាលឱ្យមានភាពខ្វះចន្លោះក្នុងការផ្តល់សេវា។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ក៏បានទៅសុំទោសក្រុមគ្រួសារស្រ្តីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពដល់គេហដ្ឋានផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ លោក គួច ចំរើន បានធ្វើការសន្និដ្ឋានថា ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុស អនុវត្តពុំទាន់ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ ចំពោះមុខទាក់ទងនឹងបញ្ហានេះ កំហុសលើការទទួលខុសត្រូវលើម៉ោងពេល គឺនៅតែជាកំហុស ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យ។
លោកក៏បានដាក់ការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវយកបទពិសោធន៍នៃបញ្ហានេះធ្វើការដឹកនាំប្រជុំផ្សព្វផ្សាយទៅដល់មណ្ឌលសុខភាពផ្សេងៗទៀត ឱ្យមានការទទួលខុសត្រូវ ព្រោះមិនអាចឱ្យមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់យើងមួយ ធ្វើឱ្យប៉ះពាល់ដល់ការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលដែលគិតគូរល្អិតល្អន់ និងត្រឹមត្រូវនោះទេ ហើយត្រូវណែនាំពីរបៀបរបបនៃការបែងចែកវេនយាម និងការប្តូរវេនយាមចាប់ពីថ្ងៃនេះតទៅ គឺមិនអនុញ្ញាតឱ្យអ្នកដែលមិនទាន់ដល់ពេលចេញទៅផ្ទះនោះទេ អ្នកថ្មីមិនទាន់មកដល់ អ្នកចាស់មិនទាន់ចេញ ត្រូវមានចុះហត្ថលេខាប្តូរវេនគ្នាឱ្យបានត្រឹមត្រូវពីវេនមួយទៅវេនមួយ។
ជាមួយគ្នានេះ ដោយទទួលបានការឯកភាពពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួចមក លោកអភិបាលខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ (ក- ស្តីបន្ទោស, ខ- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន, គ- ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ, ឃ- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់) ចំពោះប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន៦នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ពីការប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ត្រូវធ្វើការកែលម្អដើម្បីជាការប៉ះប៉ូវនូវកំហុសឆ្គងកន្លងមក ករណីមិនមានកែប្រែនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការបន្ត។
ចំពោះក្រុមគ្រួសារស្ត្រី ដែលសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដែលបានចូលរួមស្តាប់កិច្ចប្រជុំ បានឯកភាពទទួលយកតាមការសម្រេចរបស់អង្គប្រជុំ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាព ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ និងក្រុមប្រឹក្សាឃុំកែវផុស ដែលបានជួយសម្របសម្រួលការសម្រាល និងផ្គត់ផ្គង់ស្បៀងអាហារដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងពេលមានទុក្ខលំបាក។ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់គាត់បានសុំយកឈ្មោះរបស់លោកមេឃុំកែវផុស ធ្វើជាត្រកូលឱ្យកូនប្រុសរបស់គាត់ដែលទើបតែសម្រាលនេះ ដើម្បីទុកជាការដឹងគុណ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋ ដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាព ប្រធានមណ្ឌល សុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ