ព័ត៌មានជាតិ
ក្រសួងសាធារណការ រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង ២២ សាងសង់មិនមានគុណភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង ២២ សាងសង់មិនមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស និងបានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់កែតម្រូវឡើងវិញ។
ការប្រកាសរកឃើញនេះបន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមេសានេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរ ឬយ៉ាងណា និងដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរអង្វែង។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រោយពីការធ្វើតេស្តលក្ខណៈបច្ចេកទេស ជាលទ្ធផលក្រុមការងារបច្ចេកទេសរបស់ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយលោក បានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។
មិនត្រឹមតែរកឃើញផ្នែកខ្លះនៃផ្លូវមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសហើយ ក្រុមហ៊ុនសាងសង់មានភាពយឺតយ៉ាវមិនរួចរាល់តាមកិច្ចសន្យាដែលបានកំណត់ជាមួយក្រសួងផងដែរ ខណៈគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន ៧៦,២០ ភាគរយប៉ុណ្ណោះ។
ទាក់ទិនបញ្ហានេះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ។
លោកទេសរដ្ឋមន្ត្រី បានពន្យារពេលពេលវេលាឱ្យក្រុមហ៊ុនសាងសង់រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថា ផ្លូវនេះមានគុណភាពតាមអ្វីដែលក្រសួងចង់បាន។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យបាស្រ័យចំពោះការអូសបន្លាយពេលយូរចំពោះការសាងសង់។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ ខែ គិតចាប់ពីចុងឆ្នាំ២០១៩។
ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤ គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសង ខាងទទឹង ០,៥ ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី២ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី៣ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ក្រោយបញ្ចប់គម្រោងជាស្ថាពរ ផ្លូវនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ