ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ហើយទុកឲ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថាតើ គួរពាក់ម៉ាស ឬមិនពាក់ម៉ាស។
យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមេសានេះ បានឲ្យដឹងថា បន្ទាប់ពីមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធនានារួចមក គឺរាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិតដោយទុកឲ្យប្រជាជនទាំងអស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ដូច្នេះមានន័យថា ចាប់ពីម៉ោង ដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស នៅកន្លែងដែលចំហក្រៅពីកន្លែងដែលមានការបិទជិត អត្ថន័យនៃកន្លែង ដែលមានការបិទជិត ដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិត ប្រើដោយម៉ាស៊ីនត្រជាក់»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា សម្រាប់ក្នុងករណីទីកន្លែងមានលំហ ដូចជាការនៅក្នុងបន្ទប់អគារដដែល តែមានលំហនៅខាងក្រៅ អាចដោះម៉ាសចេញបាន។ ម្យ៉ាងទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្ដផ្សេងៗ ដែលមិនមានការបិទជិតនោះទេ ប្រជាជនអាចសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។
ចំពោះទីកន្លែងមួយចំនួនផ្សេងទៀត គឺរាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដែលត្រូវតែពាក់នោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញ ឬប្រមូលផ្ដុំ និងទីកន្លែងដែលមានការសង្ស័យថា អាចមានករណីកូវីដ-១៩ នៅទីនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ដូច្នេះជម្រើសនេះ គឺជាជម្រើសដែលល្អបំផុតសម្រាប់ចូលរួមចំណែក ជាមួយនឹងបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញ រួចមកហើយ ហើយជាមួយនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំទូលប្រគេនថា ចំណុចទីកន្លែងដែលធ្លាប់បានអនុវត្តទៅតាមស្ដង់ដារ ដែលរៀបចំដោយក្រសួងដូចជា ភោជនីយដ្ឋាន ឬក៏ទីកន្លែងមួយចំនួន ដែលមានការបិទជិតក៏ត្រូវអនុវត្តទៅតាមនោះ និងទៅតាមការជាក់ស្ដែង នៅទីកន្លែងនីមួយៗ ដោយមិនស្លាប់ក្រឡានោះទេ»។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋអាចរំដោះខ្លួនចេញពីការលំបាក ការចំណាយ ដោយរាជរដ្ឋាភិបាលបានយកវ៉ាក់សាំងមកជំនួស ដោយការពាក់ម៉ាស។ ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តភាពនៃការមិនពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត សម្ដេចអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលវ៉ាក់សាំងដូសទី ៣ ដែលត្រូវបានចាត់ទុកថា ជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ