ព័ត៌មានជាតិ
ឧត្តមសេនីយ៍កងទ័ពជប៉ុន សន្យាចូលរួមចំណែកជួយពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះ ធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/IMG_20220429_072304_973-1024x502.jpg)
នៅក្នុងជំនួបនោះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ មកកាន់កម្ពុជា និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់នូវសន្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្តរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក្នុងការជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ។
ទន្ទឹមគ្នានេះ លោកក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្រប់បណ្តាប្រទេសជាមិត្តរួមទាំងប្រទេសជប៉ុនផ្ទាល់ នៅក្នុងការចូលរួមចំណែកដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/IMG_20220429_072248_579-1024x972.jpg)
ក្នុងន័យនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជាពិសេសការជំរុញឱ្យមានទំនាក់ទំនងជាក់ស្តែងរវាងអង្គភាព និងអង្គភាព តាមរយៈសកម្មភាពមួយចំនួនដូចជា៖ ការហ្វឹកហ្វឺនបណ្តុះ បណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធន៍ និងលំហាត់រួមជាដើម។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមប្រជាជនកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន ដែលជាមិត្តដ៏ល្អរហូតមក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការទទួលស្គាល់ឯករាជ្យ, ការស្វែង រកសន្តិភាព និងដំណើការកសាង និងអភិវឌ្ឍកម្ពុជាក្រោយសម័យសង្គ្រាម។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/IMG_20220429_072250_553-1024x682.jpg)
នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានសម្តែងនូវក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះគឺជាការ សម្រេចតាមបំណងប្រាថ្នាដែលបានគិត ទុកជាយូរមកហើយ និងស្របពេលដែលឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកយ៉ាងសកម្មផងដែរ។
តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោកក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណងមិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន លោកក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/IMG_20220429_072253_297-1024x882.jpg)
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ដោយក្នុងនេះមានការរៀបចំកម្មវិធីមួយចំនួនដូជា៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និង ពិធីប្រារព្ធខួបដោយមានការចូលរួមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចូលចតនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ចនៅកំពង់ផែយោធារាម កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះជាដើម៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ចរាចរណ៍៦ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត