ព័ត៌មានជាតិ
ផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូ ធ្វើរួចហើយ អាជ្ញាធរឃុំនិងក្រុមហ៊ុនអំពាវនាវអាជីវករដែលពុំមានលទ្ធភាពជួលតូបចូលមកចរចា
កំពង់ឆ្នាំង ៖ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវ សូមឲ្យបងប្អូនអាជីវករចាស់ នៅក្នុងផ្សារឆ្នុកទ្រូទាំងអស់ចូលលក់ក្នុងផ្សារឆ្នុកទ្រូ ដែលក្រុមហ៊ុនបានធ្វើរួចរាល់ហើយ។ ចំពោះបងប្អូនដែលពុំមានលទ្ធភាពជួលតូបលក់ដូរសូមមេត្តាចូលមកចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុន ដើម្បីមានឱកាសបានតូបលក់ដូរក្នុងផ្សារដូចគេដូចឯង។
ដោយឡែកក្នុងទិសដៅគឺអាជីវកទាំងអស់ត្រូវតែចូលលក់ក្នុងទីតាំងផ្សារថ្មីដែលបានធ្វើហើយ ដោយមិនអនុញ្ញាតឲ្យលក់ដូរអនាធិបតេយ្យនៅលើផ្លូវសាធារណៈ ឬលក់ក្រៅទីតាំងផ្សារថ្មីនោះឡើយ។ ចំពោះបងប្អូនអ្នកលក់ដូរដែលមានតែ១កញ្ច្រែង ឬ ១ល្អីនោះ គឺក្រុមហ៊ុនបានរៀបចំកន្លែងឲ្យបងប្អូនលក់ដូររួចហើយ គឺមិនយកថ្លៃឈ្នួលប្រចាំថ្ងៃ ឬប្រចាំខែនោះឡើយ។ ចំណែកដីជុំវិញទីតាំងផ្សារថ្មីគឺ ទុកឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាសួនច្បារនិងផ្លូវចេញចូលផ្សារជាដើម។ ដូច្នេះសូមបងប្អូនអាជីវករកុំជឿការញុះញង់របស់ជនអគតិឲ្យសោះដែលអាចធ្វើឲ្យការលក់ដូររបស់បងប្អូនជួបលំបាកក្នុងពេលខាងមុខនេះ។
លោកមេឃុំបានបញ្ជាក់ឲ្យដឹងថា កន្លងមកក្នុងឆ្នាំនេះ អាជ្ញាធរឃុំបានទទួលដីអនុប្រយោគពីរដ្ឋចំនួន១៥ហិកតា ដើម្បីធ្វើការអភិវឌ្ឍក្នុងឃុំ។ ក្នុងនោះដីចំនួន ៦ហិកតាត្រូវបានកសាងធ្វើជាផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូ។ ចំណែកដី៩ ហិកតាទៀត គឺធ្វើជាទីតាំងកំពង់ផែ ក្នុងនោះដែរកំពង់ផែបានបែងចែកជា៣ ប្រភេទគឺកំពង់ផែទេសចរណ៍ កំពង់ផែលក់កសិផលនិងលក់កំពង់ផែត្រី។
ដោយឡែកទាក់ទងនឹងការជួលតូបក្នុងផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូ ដើម្បីលក់ដូរ លោកលឹមសុង តំណាងឲ្យក្រុមហ៊ុនវិនិយោគទុន បានបញ្ជាក់ឲ្យដឹងថា ផ្សារសមុទ្រទឹកសាបឆ្នុកទ្រូមានទីតាំងសម្រាប់ជួលតូបលក់ដូរចំនួន ២២០កន្លែង។ តម្លៃឈ្នួលតូបត្រូវតម្កល់ទុកទឹកប្រាក់ ១៥០០ដុល្លារ ក្នុង១តូប សម្រាប់រយៈពេល៣ឆ្នាំ។ ដោយឡែកថ្លៃជួលតូបប្រចាំខែគឺក្នុងមួយខែ៣៥ដុល្លារ។ គិតមកដល់ថ្ងៃនេះ គឺមានអាជីវករចុះឈ្មោះជួលតូប៨០ ភាគរយហើយ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថាទឹកប្រាក់ដែលតម្កល់ទុកចំនួន១៥០០ដុល្លារក្នុង១តូបនោះ មិនមែនជាប្រាក់ថ្លៃទិញតូប ឬជាថ្លៃឈ្នួលតូបនោះទេ គឺជាប្រាក់តម្កល់សម្រាប់ធានាឲ្យការលក់ដូររយះពេល៣ឆ្នាំ។ ដោយក្នុងរយៈពេល៣ឆ្នាំនេះ បើអាជីវករណាមិនចង់លក់ដូរបន្តចង់ចាកចេញវិញនោះ គឺក្រុមហ៊ុននឹងបើកប្រាក់ចំនួន១៥០០ដុល្លារនេះគ្រប់ចំនួនជូនវិញ។ ប៉ុន្តែប្រាក់តម្កល់នេះក៏ទុកកាត់កងនៅពេលអាជីវករណាដែលមិនព្រមបង់ថ្លៃឈ្នួលតូបទៅប្រចាំខែជូនក្រុមហ៊ុនផងដែរ។
ដោយឡែកចំពោះបងប្អូនអាជីវករដែលពុំមានលទ្ធភាពបង់ប្រាក់តម្កល់ជួលតូបវិញនោះ សូមបងប្អូនចូលមកចុះឈ្មោះចរចាផ្ទាល់ជាមួយក្រុមហ៊ុន និងបើក្រុមហ៊ុនស្រាវជ្រាវ ទៅឃើញថា បងប្អូនពិតជាគ្មានលទ្ធភាពមែននោះ ក្រុមហ៊ុននឹងជួយដោះស្រាយផ្តល់តូបជូនបងប្អូនលក់ដូរដោយសុទ្ធចិត្ត៕
ដោយ ៖ ឈៀង ថារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង