ព័ត៌មានជាតិ
ពិធីបុណ្យវិសាខបូជាឆ្នាំនេះនឹងរៀបចំ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ
បើតាមមន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១១ ខែឧសភានេះថា ពិធីបុណ្យវិសាខបូជា ឆ្នាំនេះ នឹងរៀបចំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ បុណ្យវិសាខបូជា នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥-១៦ ខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សហការជាមួយក្រសួង រដ្ឋលេខាធិកាដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ចាត់តាំងរៀបចំពិធីបុណ្យវិសាខបូជាជាផ្លូវការរយៈពេលមួយថ្ងៃ គឺនៅថ្ងៃពេញបូណ៌មី ១៥កើត ខែពិសាខ ដោយមានកម្មវិធី ហែប្រទក្សិណ ព្រះមហាសក្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សហទានសីល វេរភត្ត ឧទ្ទិសកុសល និងនិមន្តព្រះសង្ឃបិណ្ឌបាត នៅឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើត ព្រះមហាសក្យមុនីចេតិយ។ ចំណែកនៅពេលល្ងាច និងថ្ងៃបន្ទាប់ ជាឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សូត្រនមស្ការគាថាបំពេញកុសលតាមសទ្ធាជ្រះថ្លា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
គណៈកម្មាធិការ អំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ អញ្ជើញចូលរួមបំពេញកុសល តាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការអភិរក្សអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផលានិសង្ស រៀងៗខ្លួន ដោយប្រព្រឹត្តស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងអនុវត្តតាមវិធានការ សុខាភិបាល និងវិធានការរដ្ឋបាលរបស់អាជ្ញាធរដែនដី សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា នៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ ព្រះបរិនិព្វាន។
តាមការស្រាវជ្រាវបានបង្ហាញថា បុណ្យវិសាខបូជា ទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ ប្រភពមួយចំនួនបានលើកឡើងថា ប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើបចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩។ នៅក្នុងប្រទេសកម្ពុជា បានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រឹស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។
សមាជិក នៃអង្គការសហប្រជាជាតិជិត ២០០ប្រទេស បានអនុម័តជាឯកច្ឆន្ទទទួលស្គាល់ និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនា ជាបុណ្យអន្តរជាតិ នៅឆ្នាំ ១៩៩៩៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ