ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា ពន្យល់អាមេរិកជាថ្មីអំពីវត្តមានកងទ័ពបរទេស នៅមូលដ្ឋានទ័ពជើងទឹករាម
ការបញ្ជាក់ប្រាបជាថ្មីអំពីវត្តមានកងទ័ពបរទេស នៅមូលដ្ឋានទ័ពជើងទឹករាមនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស នៃសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
នៅក្នុងជំនួបពិភាក្សានោះ ចំណែកលោកស្រី Wendy Sherman បានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបញ្ហាអ៊ុយក្រែន ដោយអះអាងថា កម្ពុជាបានគិតគូរពីគោលការណ៍ នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ លោកស្រី Wendy Sherman អះអាងថា សហរដ្ឋអាមេរិកគាំទ្រសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិតពិសេស នៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ តែទោះជាយ៉ាងណា លោកស្រីក៏មិនបានភ្លេចពីករណីកង្វល់របស់អាមេរិកទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានោះទេ។
ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្ត្រប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និងជម្លោះនៅអ៊ុយក្រែន។
ចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម លោកឧបនាយករដ្ឋមន្ត្រីបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា។
ដោយឡែកចំពោះស្ថានភាពលទ្ធិប្រជាធិបតេយ្យ លោកឧបនាយករដ្ឋមន្ត្រីបានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ ១៩៩៣ ហើយការបោះឆ្នោតទាំងនោះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ នឹងផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង ២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព ៥ ក្នុងរោងចក្រតែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។
ទោះជាយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សិទ្ធិ និងសេរីភាព មិនមែនជាការគេចវេះពីកាតព្វកិច្ចគោរពច្បាប់នោះទេ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន