KPT+
តែប៉ុណ្ណេះ អ្នកចង់ដើរព្រៃតែខ្លាចសត្វទាក លែងមានបញ្ហាធំទៀតហើយ
អ្នកទេសចរដែលចូលចិត្តលុកលុយចូលក្នុងព្រៃស្រោងដែលមានកូនរុក្ខជាតិដុះពេញពេញសឹងមើលមិនឃើញផ្លូវថ្មើរជើង ពិសេសតាមផ្លូវព្រៃទៅតំបន់ទឹកឆាយ ទឹកធ្លាក់ តែងតែប្រទះជួបសត្វទាក តោងទាមបឺតឈាម ពីម្រាមជើង ឡើងរហូតដល់ ក ដល់មុខក៏មាន ដែលនេះជាបញ្ហាធំមួយចំពោះដើរព្រៃ ពិសេសអ្នកខ្លាចសត្វទាក។

ពិតណាស់ គ្រប់បញ្ហា សុទ្ធតែមានដំណោះស្រាយ ឱ្យតែយើងមិនបោះបង់ ហើយខិតខំស្វះស្វែង រាវរកគន្លឹះដោះស្រាយ បើទោះជាមិនអាចដោះបាន ១០០% ក៏មិនធ្វើឱ្យយើងខាតបង់ ឬរាំងស្ទះទាំង ១០០% ផងដែរ។ ជាមួយគ្នានេះ វិធីបង្ការ និងបង្ក្រាបសត្វទាក មិនឱ្យមកយីយាអ្នកថ្មើរព្រៃ ក៏មានច្រើនវិធី។

បើតាម លោក ជ័យ ជាអ្នកនាំភ្ញៀវដើរព្រៃ និងលោក ហេង បញ្ញា អ្នកដឹកនាំទេសចរដើរព្រៃ បានឱ្យ “កម្ពុជាថ្មី” ដឹងស្រដៀងគ្នាថា ដើម្បីបង្ការកុំឱ្យសត្វទាកទាមលើខ្លួនប្រាណ អ្នកទេសចរ ត្រូវពាក់ស្បែកជើងមានក ឬកវែងដែលមានក្រឡាបាតក្រាស់ៗ និងត្រូវពាក់ស្រោមជើងវែង ស្លៀកខោជើងវែងញុកជើងខោចូលស្រោមជើង ពាក់អាវដៃវែងញុកចុងដៃអាវចូលក្នុងស្រោមដៃ មានក្រណាត់ ឬក្រមារុំក រុំក្បាល កុំឱ្យទាកចូលត្រចៀក។


ប្រើថ្នាំបង្ការទាក ដែលមានដូចជា ថ្នាំខ្លាំង ឬថ្នាំជក់ (ថ្នាំដែលយាយៗចុកមាត់) អំបិល ស្រាខ្លាំង ឬម្សៅសាប៊ូ។ ត្រូវយក ថ្នាំខ្លាំង ឬថ្នាំជក់ ត្រាំជាមួយទឹកអំបិលឱ្យចេញពណ៌ក្រហមជាំ។ នៅពេលជិតទៅដល់តំបន់ដែលមានសត្វទាក យើងអាចស្រោច ឬបាញ់ទឹកត្រាំថ្នាំជក់នោះទៅលើជើងខោ ស្បែកជើង លើខ្លួន ឬនៅលើរបស់របរផ្សេងទៀត ដើម្បីការពារកុំឱ្យទាកមកជិត ឬតោង ព្រោះទាកមិនចូលចិត្តក្លិនល្បាយថ្នាំជក់ទេ។


ប្រសិនបើសត្វទាកទាមលើខ្លួនអ្នកហើយ អ្នកអាចប្រើទឹកអាល់កុលបាញ់ទៅលើវា ឬយកអំបិលរោយលាបលើវា នោះវានឹងរបេះធ្លាក់ចេញពីយើងដោយងាយ ពោលមិនបាច់ពិបាកទាញ ដែលនាំឱ្យដាច់សាច់ ឬឈាមខ្លាំងនោះទេ។ ជាមួយគ្នានេះ ប្រសិនទាកទាមបឺតឈាមយើងហើយ យើងត្រូវច្របាច់មុខរបួសនោះឱ្យចេញឈាមដែលមានជាតិពិសទាកឱ្យអស់ ព្រោះ ពិសរបស់ទាកនឹងធ្វើឱ្យរបួសយើងឡើងពណ៌ក្រហមជាំខ្មៅ ចេញស្នាមក្រឡៅ និងបង្កការរមាស់។ យើងក៏អាចយកក្រណាត់រុំ ឬបង់បិទដំបៅបិទលើមុខរបួស និងប្រើម្សៅហុយ ឬម៉្សៅកូនក្មេង លាបលើមុខរបួសបង្ការការរមាស់បានផងដែរ។


នៅពេលធ្វើដំណើរឆ្លងកាត់តំបន់មានសត្វទាក យើងកុំសូវឈប់សម្រាកយូរពេក ហើយរាល់ពេលដើរ ឬពេលឈប់សម្រាកម្ដងៗ ក៏ត្រូវពិនិត្យមើលជុំវិញខ្លួនឱ្យសព្វ ក្រែងលោពួកវាកំពុងលោតមកតោងយើង ហើយយើងអាចយកវាចេញកុំឱ្យបឺតឈាមទាន់។

គួរបញ្ជាក់ថា ទាក គឺជាពពួកសត្វឥតឆ្អឹងកងមួយប្រភេទ ដែលរស់នៅអាស្រ័យនឹងដីសើមក្បែរប្រភពទឹក ហើយមានព្រៃក្រាស់។ តាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ទាក គឺជាឈ្លើងគោក, មានតែក្នុងព្រៃស្រោង ឬជើងភ្នំដែលមានធាតុសើមជានិច្ច។ យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គោលដៅទេសចរណ៍នៅតំបន់ព្រៃភ្នំ នៃសហគមន៍អេកូទេសចរណ៍ បាន និងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ ដោយមានអ្នកទស្សនាកម្សាន្តឥតដាច់ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត