សន្តិសុខសង្គម
៣ ខែនេះ កម្មករ ១៤ នាក់ បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ដែលទើបចេញផ្សាយថ្មីៗនេះបានឱ្យដឹងថានៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងទៅលើបងប្អូនកម្មករនិយោជិតចំនួន៣៧០ ករណីដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ក្នុងនោះស្លាប់ ១៤នាក់ របួសធ្ងន់ ១១៩នាក់ និងរបួសស្រាល ២៦៩នាក់។
របាយការណ៍ដដែលបានបន្តថា ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៤ លើក របួសសរុប ៨៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៣នាក់ និងរបួសស្រាលចំនួន ៧៥នាក់។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍សម្រាប់គាំទ្រកម្មករនិយោជិតបានឱ្យដឹងថា ស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់មានការធូរស្រាល តែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្របទៅតាមលក្ខណៈ បច្ចេកទេស។
នៅក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាកាលពីថ្ងៃទី១៨ ឧសភា លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានស្នើឱ្យភាគីពាក់ព័ន្ធដែលក្នុងនោះមានទាំងផ្នែករដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល បន្តជួយជ្រោមជ្រែងលើការងារបង្កើនការយល់ដឹង ថ្នាក់ដឹកនាំសហជីពកម្មករលើបញ្ហាសុវត្ថិភាពចរាចរណ៍ និងជួយកៀរគរមតិគាំទ្រចំពោះការជំរុញការប្តូររថយន្តដែលមានសុវត្ថិភាពប្រសើរជាងសម្រាប់កម្មកនិយោជិត។
លោកបានសំណូមពរនៅកម្រិតរោងចក្រ គួរតែមានការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករនិយោជិតផងដែរ ព្រោះថាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតពីគ្រោះថ្នាក់ចរាចរណ៍ គឺជាការរួមចំណែកយ៉ាងសំខាន់ ចំពោះការរីកចម្រើនរបស់រោងចក្រ សហគ្រាស គ្រួសារ សហគមន៍ដែលគាត់រស់នៅ និងសេដ្ឋកិច្ចជាតិ។
បើតាមនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ជារៀងរាល់ថ្ងៃនៅកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់កំពុងប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរក ចំណូលផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។
លោកស្រី សួន សុគន្ធា អនុប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បានឱ្យដឹងថា សហជីពរបស់លោកស្រី នឹងចូលរួមផ្សព្វផ្សាយព័ត៌មាន ទៅកាន់សាធារណជន ជាពិសេសកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ឲ្យបានយល់ដឹងកាន់តែច្រើនថែមទៀត អំពីវិធាន សុវត្ថិភាពចរាចរណ៍ ខណៈដែលពួកគាត់ជាបុគ្គលដ៏សំខាន់មួយ ក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ យូអិនឌីភី ដោយបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថាគិតត្រឹមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ២ពាន់នាក់ និងរងរបួសជាច្រើពាន់នាក់ ជាលទ្ធផលរកឃើញថា កម្ពុជាខាតបង់ជិត ៤៦៧លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ