នយោបាយ
មន្រ្តីជាន់ខ្ពស់ គ.ជ.ប បង្ហើបពីលក្ខខណ្ឌមួយចំនួន ក្នុងការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ចាប់ពីថ្ងៃស្អែកតទៅ
ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភាស្អែកនេះហើយ។ ដើម្បីឲ្យការហែក្បួនឃោសនា របស់គណបក្សនយោបាយ ប្រព្រឹត្តិទៅដោយរលូន មានរៀបរៀបរយ មានសណ្តាប់ធ្នាប់ និងគ្មានអំពើហឹក្សា លោក ឯម សូផាត សមាជិក គ.ជ.ប បានលើកឡើងពីលក្ខខណ្ឌមួយចំនួន ក្នុងការឃោសនានេះ។
ការលើកឡើងរបស់លោក ឯម សូផាត គឺនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី ២០ ខែឧសភានេះ។
បើតាមលោក ឯម សូផាត ការឃោសនាបោះឆ្នោត មានបំណងឲ្យគណបក្សនយោបាយ ដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជនធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អ្នកបោះឆ្នោត ហើយសកម្មភាពឃោសនាមានដូចជា៖
ការជួបប្រជុំជាសាធារណៈ របស់គណបក្សនយោបាយ ឬបេក្ខជន, ការរៀបចំក្បួនព្យុហយា ត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងឃុំ-សង្កាត់, ការជួបជុំ ឬការឃោសនាតាមផ្ទះ, ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន, ការផ្សព្វ ផ្សាយតាមរលកធាតុអាកាស ឬការឃោសនាតាម ឧបករណ៍បំពងសំឡេង ឬតាមរយៈការចាក់ផ្សាយកាស្សែត វីដេអូ ឬវីស៊ីឌី ឬឌីវីឌី ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ, សកម្មភាពបិទផ្សាយនូវបដា ពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនានានា, សកម្មភាពចែកចាយខិត្តប័ណ្ណគណបក្សនយោបាយ, សកម្មភាពចែកចាយស្លាកសញ្ញាគណបក្ស ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗ ដែលមានបោះពុម្ព ឬគូរ ឬផលិតស្លាកសញ្ញាគណបក្ស ឬបេក្ខជន, សកម្មភាពលើកបដានៅទីសាធារណៈ ឬដំឡើងក្តារបន្ទះបិទ ក្រដាសផ្សាយ, ការប្រគំតន្រ្តី ឬការច្រៀងចម្រៀងឃោសនា ឬការលេងភ្លេងឃោសនា និងការរៀបចំកម្មវិធីប្រកួតកីឡា ជាដើម។
លោក ឯម សូផាត បញ្ជាក់ថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ គ្រប់សកម្មភាពឃោសនា ត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។
ចំណែកសកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេងត្រូវ៖ ហាមឃាត់ជាទូទៅ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល, ហាមឃាត់នៅក្បែរមន្ទីរពេទ្យ, ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេលម៉ោងសិក្សា។ ចំពោះរាល់ការស្ទង់មតិ និងការផ្សព្វផ្សាយលទ្ធផល នៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ត្រូវបញ្ឈប់ ៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។
ដោយឡែកការលើក ឬបិទផ្សាយស្លាកសញ្ញាគណបក្សនយោបាយ និងសម្ភារឃោសនាបោះឆ្នោត នៅក្នុងអំឡុងពេលឃោសនា គណបក្សនយោបាយ អាចលើកស្លាកសញ្ញាគណបក្សនៅទីសាធារណៈ ដោយមានការសម្របសម្រួលពីអាជ្ញាធរឃុំ-សង្កាត់ ដោយផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពសាធារណៈ, មិនត្រូវបានអនុញ្ញាតឲ្យលើកស្លាកសញ្ញាគណបក្សនយោបាយ ឬបិទសម្ភារឃោសនានៅក្នុងបរិវេណ ឬលើអគារ ឬការិយាល័យរបស់រដ្ឋ, មិនត្រូវបានអនុញ្ញាតឲ្យលើក ឬបិទស្លាកសញ្ញាគណបក្សនយោបាយ បដាឃោសនា រូបសញ្ញាឃោសនា ពាក្យស្លោក ខិត្តប័ណ្ណ នៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រសិនបើមិនមានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន។
លោក ឯម សូផាត បញ្ជាក់ទៀតថា ស្លាកសញ្ញា ឬសម្ភារឃោសនារបស់គណបក្សនយោបាយ ដែលស្ថិតនៅក្នុងរង្វង់ ១០០ម៉ែត្រ ពីការិយាល័យបោះឆ្នោត សាមីគណបក្សត្រូវយកចេញយ៉ាងយូរបំផុត នៅថ្ងៃបញ្ចប់ការឃោសនា លើកលែងតែស្លាកសញ្ញា ដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្សនយោបាយ ហើយគណបក្សនយោបាយ ត្រូវប្រមូលយកមកវិញនូវប័ណ្ណប្រកាស ឬប័ណ្ណបិទផ្សាយ ឬបដា ឯកសារឃោសនាទាំងអស់របស់ខ្លួន ពីគ្រប់ទីកន្លែងសាធារណៈ ក្នុងរយៈពេលយ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។
ជាមួយគ្នានោះ លោក ឯម សូផាត បានឲ្យដឹងដែរថា នៅក្នុងការឃោសនា ហាមប្រើប្រាស់ថវិកា សម្ភារ មធ្យោបាយដឹកជញ្ជូនជាសម្បត្តិរបស់រដ្ឋ ដែលមានស្លាកលេខ ឬដោះស្លាកលេខចេញ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២១ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ