KPT+
អ្នកចង់បោះតង់គេងលើភ្នំ គួរត្រៀមថ្នាំសង្កូវអ្វីខ្លះ កុំឱ្យប៉ះអាសន្នកណ្ដាលព្រៃ?
ព្រៃភ្នំ មិនមែនគ្រាន់តែជាទីឆ្ងាយពីផ្ទះទេ គឺថែមទាំងមិនមានផ្សារ ឬតូបលក់ទំនិញ ដែលយើងអាចយក ឬទិញអ្វីតាមតម្រូវការ បើទោះជាមានលុយច្រើនក្ដី។ ដូចនេះដើម្បីចៀសវាងនូវការខ្វះ ឬមិនមានរបស់តាមតម្រូវការ ពិសេសពេលមានរបួស ឈឺថ្កាត់នានានោះ អ្នកដើរព្រៃគប្បីត្រៀមនូវថ្នាំសង្កូវ ឬការសង្គ្រោះបឋមចាំបាច់។
តាមបទពិសោធន៍អ្នកនិយមចូលចិត្តដើរព្រៃ ដែលជួនកាលនៅបោះតង់គេងតាមព្រៃរហូតដល់ ៣ ៤ យប់ បានឱ្យដឹងថា អ្នកដើរព្រៃគួរត្រៀមថ្នាំសង្កូវមួយចំនួនតាមតម្រូវ ឬភាពចាំបាច់របស់ខ្លួនដូចជា៖
– ប្រេងខ្យល់ ប្រេងកូឡា៖ យើងអាចបង្ការចាប់តាំងពីពេលធ្វើដំណើរពីផ្ទះ តាមរថយន្តជាដើមនោះ ក្រែងលោ ពុលឡាន ឬកើតជំងឺខ្យល់ វិលមុខ ធីងធោងជាដើម។ បើដឹងខ្លួនថាពុលឡាន ត្រៀមថ្នាំពុលឡានឱ្យហើយ ទាំងពេលចេញដំណើរ និងធ្វើដំណើរមកផ្ទះវិញ។
– បន្ទះបិទ ឬថ្នាំស៉្បាយបាញ់ខ្លួន កុំឱ្យមូសសត្វល្អិតទុំ ទិច ឬខាំ៖ នៅផ្ទះ នៅភូមិ គង់នៅមានមូស ឬសត្វល្អិតនានា ចុះទម្រាំនៅតំបន់ព្រៃភ្នំ គឺច្បាស់ជាមាន ហើយអាចមានច្រើនទៀតផង។ ដូចនេះ យើងត្រៀមថ្នាំទាំងនេះ គឺជាការបញ្ចៀសការរំខាន ការឈឺសាច់អស់ឈាមពីពពួកសត្វទាំងនោះ ពិសេសជំងឺគ្រុនចាញ់ ពីមូសដែកគោលញី បើតំបន់ព្រៃដែលយើងទៅនោះ មានជំងឺគ្រុនចាញ់។
– បង់រុំរបួស បង់បិទដំបៅ សំឡី ថ្នាំក្រហម៖ ដើរព្រៃ ឡើងភ្នំ លេងទឹកធ្លាក់អស់នេះ សឹងគ្មានឡើងអ្នកដែលមិនរងរបួស ដូចជារអិលដួល មុតថ្ម កូតកំណាត់ឈើ ឬមុតបន្លា និងស្លឹកស្មៅតាមផ្លូវ។
– ថ្នាំឈឺក្បាល៖ ជួនកាល យើងដើរក្រោមថ្ងៃក្ដៅយូរពេក ឬហត់ពេក ក៏ធ្វើឱ្យឈឺក្បាល។
– ថ្នាំផ្ដាសាយ៖ ដោយសារនៅតំបន់ព្រៃភ្នំ ជាតំបន់ត្រជាក់ ពិសេសនៅពេលយប់។ សម្រាប់អ្នកឆាប់ចាញ់ការប្រែប្រួលស៊ីតុណ្ហភាព គួរត្រៀមទុកដែរទៅ។
– ថ្នាំរាគ៖ ការធ្វើម្ហូបអាហារនៅក្នុងព្រៃ ជួនកាលការចំអិនមិនបានឆ្អិនល្អត្រឹមត្រូវ ឬមិនមានអនាម័យគ្រប់គ្រាន់ ពិសេសកង្វះទឹកស្អាត ស្របពេលយើងជាមនុស្សឆាប់ពុលអាហារ (រាគ) ទៀតនោះ គួរតែត្រៀមថ្នាំរាគផងដែរ។
– ថ្នាំលេបបញ្ចុះកម្ដៅ ឬការឈឺចុកចាប់៖ ការដើរព្រៃ មិនមែនដើរតែ ៤ ៥ ម៉ោងក្នុងមួយថ្ងៃទេ ហើយក៏មិនមែនដើរផ្លូវរាប ដូចយើងធ្លាប់ដើររត់ហាត់ប្រាណនៅផ្ទះដែរ។
– ថ្នាំលាបសរសៃសម្រួល កៅអៀក៖ ទន្ទឹមពេលយើងត្រូវដើរផ្លូវឆ្ងាយ រយៈពេលយូរ គឺអាចត្រូវដើរឡើងភ្នំ តោងវល្លិ៍នានាដើម្បីដល់គោលដៅ រួមទាំងត្រូវស្ពាយរបស់របរធ្ងន់ទៀតនោះ ច្បាស់ណាស់ថា យើងងាយនឹងចុករោយឈឺពេញខ្លួន ជួនលើកដៃលើកជើងខ្ពស់ ក៏មិនបាន។
– ម្សៅលាយទឹកញ៉ាំជំនួយកម្លាំង៖ ដើរស្ពាយរបស់ធ្ងន់យូរ ផ្លូវឆ្ងាយ ថ្ងៃក្ដៅ ហូរញើសច្រើន ពិតជាធ្វើឱ្យយើងខ្សោះជាតិជាតិ ស្រេកទឹក អស់កម្លាំង។ មានម្សៅជំនួយកម្លាំងលាយទឹកញ៉ាំ មិនត្រឹមតែបំបាត់ភាពស្រកទឹក និងភាពនឿយហត់ប៉ុណ្ណោះទេ គឺថែមទាំងបានបន្ថែមថាមពល ឱ្យអ្នកដើរព្រៃអាចដើរទៅមុខសម្រេចដល់គោលដៅបាន។ គួរមានស្ករគ្រាប់ បៀមដើម្បីបង្ការស្ងួតក និងការហេវហត់អស់កម្លាំង។
ការដើរព្រៃ ជាការកម្សាន្ត និងជាកីឡាមួយប្រភេទថ្មីដែលកំពុងទទួលការចាប់អារម្មណ៍ពីមហាជន និងយុវជន ពិសេសអ្នករស់នៅទីប្រជុំជន និងរាជធានី។ ការដើរព្រៃ មិនត្រឹមតែនាំអ្នកដើរព្រៃបានហាត់ប្រាណយឺតសរសៃប៉ុណ្ណោះទេ ថែមទាំងបានបង្វឹកពួកគេជម្នះឧបសគ្គនានា ដែលមិនធ្លាប់ជួបក្នុងជីវភាពប្រចាំថ្ងៃ ជាមួយធម្មជាតិ ទេសភាពប្លែកស្រស់បំព្រម មិនមានផ្សែងពុល៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ