ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្ម ៖ ការបញ្ចូលមីក្រូសារជាតិ ទៅក្នុងអង្ករនៅជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា
មន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្ម បានលើកឡើងថា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ ឬហ្វូឡាត ត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយ តែការបញ្ចូលមីក្រូសារជាតិ ទៅក្នុងអង្ករនៅជារឿងថ្មីនៅឡើយ។

ការលើកឡើង របស់មន្ត្រីជាន់ខ្ពសស់ផ្នែកកសិកម្មខាងលើនេះ បានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសរយៈពេល ២ថ្ងៃ (ថ្ងៃទី ២៣-២៤ ខែឧសភា) ស្តីពី ការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព ផ្នែកបញ្ចូលមីក្រូសារជាតិនៅក្នុងប្រទេស ដែលកម្មវិធីនេះរៀបចំដោយស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (WFP) សហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក សុខ ស៊ីឡូ អគ្គលេខាធិការ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងថា «វគ្គបណ្តុះបណ្តាលនេះ គឺជាការបោះជំហានទៅមុខ ក្នុងការគាំទ្ររបៀបវារៈជាតិ ស្តីពី ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ និងឆ្លើយតបទៅនឹងអនុសាសន៍ ដែលទទួលបានពីកិច្ចសន្ទនា ស្ដីពី ប្រព័ន្ធស្បៀងឆ្នាំ ២០២១ អំពីការធ្វើពាណិជ្ជកម្មអាហារ ដែលបញ្ចូលមីក្រូសារជាតិ»។

ការបញ្ចូលមីក្រូសារជាតិ គឺជាការបន្ថែមនូវមីក្រូសារជាតិសំខាន់ៗ ទៅក្នុងអាហារ ដូចជាអង្ករជាដើម ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព និងសន្សំសំចៃ។ នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ ឬហ្វូឡាត ត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយ។ ប៉ុន្តែការបញ្ចូលមីក្រូសារជាតិ ទៅក្នុងអង្ករនៅជារឿងថ្មីនៅឡើយ។ កម្មវិធីស្បៀងអាហារពិភពលោក បានចាប់ផ្ដើមគាំទ្រលើការការបញ្ចូលមីក្រូសារជាតិ ក្នុងអង្ករជាលើកដំបូងនៅក្នុងកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន។
លោក សុខ ស៊ីឡូ បានបន្ថែមថា «ខ្ញុំជឿថា នេះគឺជាជំហានចម្បងមួយ ក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេស ដែលប្រជាជនភាគច្រើនទទួលទានបាយក្នុងបរិមាណច្រើន ជារៀងរាល់ថ្ងៃ»។ បើតាមលោក សុខ ស៊ីឡូ កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលទទួលទានបាយច្រើនបំផុត នៅក្នុងតំបន់។

សូមបញ្ជាក់ថា បាយ គឺជាប្រភពថាមពលដ៏ល្អ ក៏ប៉ុន្តែវាខ្វះនូវមីក្រូសារជាតិសំខាន់ៗដូចជា វីតាមីនអា ជាតិដែក និងកាល់ស្យូម ដែលមាននៅក្នុងអាហារផ្សេងទៀត ដូចជា ប្រភេទផ្លែឈើ និងបន្លែ ជាដើម។ ជាលទ្ធផល ប្រជាជនកម្ពុជាភាគច្រើន រងផលប៉ះពាល់ដោយបញ្ហាកង្វះមីក្រូសារជាតិ ដែលអាចប៉ះពាល់ដល់សុខភាព ផលិតភាពការងារ និងសមត្ថភាពរៀនសូត្រ។ ការសិក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ច ដោយសារបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា បានរកឃើញថា ការចំណាយទៅលើបញ្ហាកង្វះអាហារូបត្ថម្ភមានបរិមាណពី ២៥០ ទៅ ៤០០លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះជាង ១៣៤លានដុល្លារ បានខាតបង់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។
ចំណែក ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការលើកឡើងថា «ការបន្ថែមវីតាមីន ឬសារធាតុរ៉ែទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព បង្កើនគុណភាពអាហារូបត្ថម្ភរបស់អង្ករ និងអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទប់ទល់ជាមួយនឹងបញ្ហាកង្វះមីក្រូសារជាតិ របស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនចាំបាច់ផ្លាស់ប្តូរទម្លាប់ និងរសជាតិអាហាររបស់ពួកគាត់។ តាមរយៈការដកស្រង់ការសិក្សាឆ្នាំ ២០១៧ របស់កម្មវិធីស្បៀងអាហារពិភពលោក មួយភាគប្រាំនៃក្រុមគ្រួសារនៅកម្ពុជា ខ្វះខាតលទ្ធភាពទិញរបបអាហារ ដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងតម្លៃទាបបំផុត»។

ចាប់តាំងពីឆ្នាំ ២០១០ កម្មវិធីស្បៀងអាហារពិភពលោក គឺជាដៃគូឈានមុខរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ។ ការសិក្សានៅក្នុងដំណាក់កាលដំបូង បានបង្ហាញថា អង្ករដែលមានបញ្ចូលមីក្រូសារជាតិ ទទួលបានការចូលចិត្តខ្លាំងពីសំណាក់គ្រូបង្រៀន ឪពុកម្តាយ និងកុមារជាសិស្ស នៅទូទាំងប្រទេស។ ក្រោយមក ការសិក្សាមួយដែលធ្វើឡើងជាមួយសិស្សជាង ៩.០០០នាក់ បានបញ្ជាក់ពីផលវិជ្ជមាន នៃអង្ករមីក្រូសារជាតិ ក្នុងការលើកកម្ពស់សុខភាព និងសមត្ថភាពក្នុងការគិតរបស់កុមារនៅតាមទីជនបទ។
ជាលទ្ធផល រាជរដ្ឋាភិបាលបានអនុម័តយល់ព្រម លើការប្រើប្រាស់អង្ករមីក្រូសារជាតិ នៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារ តាមសាលារៀនក្នុងឆ្នាំ ២០១៦។ បីឆ្នាំបន្ទាប់មក កម្មវិធីស្បៀងអាហារពិភពលោក និងក្រុមហ៊ុនហ្គ្រីនត្រេដ បានលាយអង្ករមីក្រូសារជាតិជាលើកដំបូង នៅក្នុងប្រទេស ដែលបង្ហាញនូវជោគជ័យមួយ ក៏ដូចជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចការបច្ចុប្បន្ន ដែលគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីអនុវត្តកិច្ចការលាយបញ្ចូលអង្កមីក្រូសារជាតិនេះ។
លោកស្រី គ្លែរ កូណាន់ តំណាង និងជានាយកប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក បានអបអរសាទរដល់រាជរដ្ឋាភិបាល ចំពោះភាពជាដៃគូ និងការគាំទ្រដល់ការច្នៃប្រឌិតនេះ ហើយពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលមួយដែលអាចពង្រីក ដើម្បីធានាការផ្គត់ផ្គង់អង្ករមីក្រូសារជាតិ ដោយនិរន្តរភាពនៅក្នុងប្រទេស។
លោកស្រីអះអាងថា ការជំរុញការប្រើប្រាស់អង្ករមីក្រូសារជាតិ អាចជួយឲ្យយើងធានាបានថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ មានលទ្ធភាពទិញអាហារ ដែលមានជីវជាតិ និងអាចជម្នះលើបញ្ហាអាហារូបត្ថម្ភនៅទូទាំងប្រទេស ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងស្ត្រីបំបៅដោះកូន៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត