ព័ត៌មានជាតិ
អង្គការ FOUR PAWS ទទូចឱ្យបញ្ចប់ជំនួញសាច់ឆ្កែ និងឆ្មា ខណៈអាជ្ញាធរសៀមរាបគាំទ្រការលើកឡើងនេះ
អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា FOUR PAWS បានទទូចឱ្យបញ្ចប់ជំនួញសាច់ឆ្កែ និងឆ្មា ព្រោះទង្វើ និងសកម្មភាពជាច្រើនក្នុងវិស័យជួញដូរសាច់ឆ្កែ និងឆ្មា ងាយនឹងបង្កឱ្យមានការចម្លងមេរោគដែលនាំឲ្យប៉ះពាល់ដល់ទាំងសត្វ និងមនុស្ស។
តាមការសិក្សារបស់អង្គការ FOUR PAWS គ្រួសារទទួលរងការឈឺចាប់ ដោយសារជំនួញសាច់ឆ្កែ និងឆ្មា នៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែសត្វចិញ្ចឹមរបស់ពួកគេត្រូវបានគេលួចយកទៅលក់។
ហើយថា មិនធ្លាប់សោះឡើយ ដែលការទាមទារឱ្យបញ្ចប់ជំនួញបែបនេះ មានសំឡេងកាន់តែខ្លាំងឡើងៗ ក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី ដោយសារតែរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្ដើរៗ។
សម្រាប់កម្ពុជា ការធ្វើអាជីវកម្មសាច់ឆ្កែ ត្រូវបានចាប់អនុវត្តការហាមឃាត់ដំបូង នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។
កាលនោះ មន្ទីរកសិកម្ម ខេត្តសៀមរាបបានប្រកាសហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វ ឆ្កែ នៅក្នុងស្រុកបន្ទាយស្រី ក្នុងហេតុផលលើកកម្ពស់សុខមាលភាព និងបញ្ចៀសពីជំងឺឆ្លងផ្សេងៗ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រាប់កម្ពុជាថ្មី នៅថ្ងៃពុធទី ២៥ ខែឧសភា ២០២២ នេះថា បច្ចុប្បន្ននេះ នៅស្រុកបន្ទាយស្រី មិនមានការជួញដូរ និងបរិភោគជាផ្លូវការនោះទេ ប៉ុន្តែការលួចជួញដូរក្រោមរូបភាពណាមួយនោះអាជ្ញាធរមិនទាន់អាចធានបានទាំងស្រុងដែរ គ្រាន់តែថា កន្លែងដែលប្រមូលទិញ ឬបើកលក់ជាប្រចាំគឺអាជ្ញាធរចុះទៅបង្ក្រាប និងបិទតែម្ដង។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា មានហេតុផលមួយចំនួនដែលអាជ្ញាធរហាមឃាត់ការជួញដូរ និងបរិភោគសាច់ឆ្កែ ដោយសារតែឆ្កែជាសត្វចិញ្ចឹម បើតាមសីលធម៌សង្គម លោកមិនលើកទឹកចិត្តឱ្យយកសត្វចិញ្ចឹមទៅបរិភោគនោះទេ។ ម្យ៉ាងទៀត ការបរិភោគសត្វទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពដោយសារវាមិនមែនជាប្រភេទសត្វដែលយើងយកមកបរិភោគជាទូទៅ។
ក្រៅពីនេះ ក្នុងនាមជាតំបន់ទេសចរណ៍ កន្លងមកមានសារព័ត៌មាន និងអ្នកទេសចរជាច្រើនដែលបានទៅលេងស្រុកបន្ទាយស្រី មើលឃើញថា ទៅទីនោះ មានការលក់ ជួញដូរ បរិភោគសាច់ឆ្កែ ដែលវាជារូបភាពមិនល្អ ហើយគាត់តែងតែផ្សព្វផ្សាយខុស រិះគន់ពីកម្ពុជា។
អភិបាលស្រុករូបនេះ គាំទ្រនូវការបញ្ចប់សកម្មភាពបរិភោគសាច់ឆ្កែនៅខេត្តសៀមរាប ប៉ុន្តែតំបន់ដទៃអនុវត្តបានកម្រិតណាលោកមិនអាចអត្ថាធិប្បាយទេ ខណៈយោបល់ផ្ទាល់ខ្លួន លោកគាំទ្របញ្ឈប់ និងលុបបំបាត់នូវការជួញដូរប្រភេទសត្វចិញ្ចឹមយកទៅបរិភោគ ឈោងលើហតុផល សីលធ៌ម គុណធម៌ និងសុខភាពសាធារណៈ។
តាមការសិក្សារបស់អង្គការ Four Paws កន្លងមកបានបង្ហាញថា សត្វឆ្កែពី ២ ទៅ ៣ លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំសម្រាប់យកសាច់របស់វាទៅលក់ដូរជាម្ហូបអាហារ ពិសេសនៅក្នុងខេត្តសៀមរាប។
យ៉ាងណាក៏ដោយ អង្គការFOUR PAWS ទទូចឱ្យបញ្ចប់ ការលួចសត្វចិញ្ចឹមរាប់លានក្បាល ពីតាមផ្ទះនានា នៅតំបន់អាស៊ីអាគ្នេយ៍ យកទៅសម្លាប់ដើម្បីធ្វើជំនួញ ការចាប់សត្វឆ្កែ និងឆ្មា អនាថាតាមដងផ្លូវនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីយកសាច់ ការប្រើប្រាស់វិធីសម្លាប់ដ៏សែនឃោរឃៅ ដូចជាការបោះចូលទៅក្នុងទឹកឱ្យលង់ស្លាប់ ការព្យួរក ការដុតទាំងរស់និងហានិភ័យនៃការឆ្លងជំងឺឆ្កែឆ្កួតទៅមនុស្ស និងសត្វ តាមរយៈជំនួញបែបនេះ។
យុទ្ធនាការរបស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ដូចជាការជួយសង្គ្រោះសត្វ ការបិទភោជនីយដ្ឋានលក់សាច់ឆ្កែ ព្រមទាំងសត្តឃាតដ្ឋាន និងការជួបជាមួយនឹងមន្ត្រី រដ្ឋាភិបាលដើម្បីអំពាវនាវឱ្យមានការរៀបចំច្បាប់ និងការអនុវត្តច្បាប់ ដើម្បីឈានដល់ការបញ្ឈប់ជំនួញនេះ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់