KPT+
អ្នកជំនាញ ៖ ដើម្បីទប់ស្កាត់អត្តឃាតកម្ម ចាំបាច់ត្រូវអប់រំយុវជនឲ្យយល់ដឹង អំពីប្រតិកម្មផ្លូវចិត្ត
សាស្រ្តាចារ្យចិត្តវិទ្យា លោក តែ ប៊ុនប៉ោ លើកឡើងថា ដើម្បីដោះស្រាយបញ្ហាការធ្វើអត្តឃាត អ្នកពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយ អំពីបញ្ហាផ្លូវចិត្តឲ្យបានទូលំទូលាយ ជាពិសេសផ្ដោតលើយុវជន និងក្មេងជំទង់ ទាក់ទងនឹងប្រតិកម្មផ្លូវចិត្ត។ ការលើកឡើងបែបនេះ គឺចំពេលដែលអត្តឃាតកម្ម នៅតែជាប្រធានបទក្ដៅ ខណៈការលប់បំបាត់បញ្ហានេះ នៅតែមិនមានប្រសិទ្ធភាព និងស្មុគស្មាញ។

អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត និងអំពើហិង្សារូបនេះ បានឲ្យដឹងទៀតថា ដើម្បីចូលរួមទប់ស្កាត់ការធ្វើអត្តឃាត ស្ថាប័នជំនាញ និងពាក់ព័ន្ធទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើយុវជន ដោយត្រូវបង្រៀន និងបណ្ដុះបណ្ដាលឲ្យពួកគេ ចេះកំណត់គោលដៅជីវិតឲ្យបានច្បាស់លាស់ ត្បិតការការនុវត្តវិធីនេះ ជួយឲ្យពួកគេជំនះនូវបញ្ហាធ្លាក់ទឹកចិត្តបាន។
មួយវិញទៀតអ្នកជួយសង្គ្រោះ និងអ្នកនៅជុំវិញខ្លួនបុគ្គល ដែលប៉ុនប៉ងធ្វើអត្តឃាត ត្រូវយល់ដឹងអំពីរោគសញ្ញា និងវីធីមួយចំនួនដែលបុគ្គល ឬសាច់ញាតិរបស់ខ្លួនប៉ុនប៉ងប្រព្រឹត្តអត្តឃាតកម្ម ទើបការដោះស្រាយ និងទប់ស្កាត់បញ្ហានេះទទួលបានជោគជ័យ។
អត្តឃាតកម្ម គឺជាការវិវត្តចុងក្រោយនៃស្ថានភាពផ្លូវចិត្ត របស់បុគ្គលណាម្នាក់ ដែលជាទូទៅបុគ្គលនោះមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬមានការធ្លាក់ទឹកចិត្តកម្រិតខ្ពស់ និងមិនអាចមើលឃើញពីតម្លៃ និងធនធានក្នុងខ្លួនសម្រាប់ដោះស្រាយបញ្ហា ដោយខ្លួនគេបាននោះទេ។

ត្រង់ចំណុចនេះ លោក តែ ប៊ុនប៉ោ សាស្ត្រាចារ្យចិត្តវិទ្យានៃសាកលវិទ្យាល័យ អង្គរខេមរា បានឲ្យដឹងថា ដើមចមសំខាន់ នៃការធ្វើអត្តឃាតគឺទាក់ទងនឹងជំងឺផ្លូវចិត្ត ឬភាពរ៉ាំរ៉ៃនៃវិបត្តិផ្លូវចិត្តដែលគ្មានដំណោះស្រាយ។ ទន្ទឹមនឹងនេះជំងឺផ្លូវកាយដែលពិបាកព្យាបាល និងចំណាយថវិកាច្រើន ក៏ជាមូលហេតុដែលនាំឲ្យអ្នកជំងឺគិតថា ខ្លួនគេបានផ្ដល់ផលវិបាកដល់សាច់ញាតិ និងគ្រួសារ ហើយយល់ឃើញថា អត្តឃាតកម្មគឺជាជម្រើស និងជាដំណោះស្រាយដ៏ល្អបំផុត។
អ្នកជំនាញរូបនេះបន្តទៀតថា បញ្ហាសេដ្ឋកិច្ចគ្រួសារ ភាពមិនចុះសម្រុងក្នុងគ្រួសារ ការប្រើប្រាស់ថ្នាំញៀន ការបំពានរាងកាយ ឬទទួលរងការរំលោភបំពានផ្លូវភេទ បញ្ហាក្នុងការធ្វើទំនាក់ទំនង ឬបញ្ហាស្នេហាដែលកើតមានចំពោះយុវវ័យ ក៏ជាមូលហេតុជំរុញឲ្យមានការធ្វើអត្តឃាត ដែលមិនអាចបដិសេធបាន។
តួលេខអ្នកស្លាប់ដោយសារការធ្វើអត្តឃាតនៅកម្ពុជា របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនាដើមឆ្នាំ២០២២នេះ នៅទូទាំងប្រទេស មានមនុស្សប្រមាណជាង២៤០នាក់បានស្លាប់ លើកលែងតែខេត្តកែប និងខេត្តប៉ៃលិនតែប៉ុណ្ណោះ។ ក្នុងនោះខេត្តក្រុងដែលមានតួលេខអ្នកស្លាប់ច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ កំពង់ចាម និងបាត់ដំបង។
ក្នុងនោះដែរ តថភាពជាក់ស្ដែងផ្នែកសុខភាពផ្លូវចិត្ត ដែលបង្ហាញដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ TPO ក្នុងខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការស្លាប់មួយក្នុងចំណោមការស្លាប់១០០
គឺបណ្តាលមកពីការធ្វើអត្តឃាត ហើយអត្តឃាតគឺជាមូលហេតុទី៤នៃការស្លាប់ក្នុងចំណោមមនុស្សអាយុ១៥ដល់២៩ឆ្នាំ។
ទាក់ទងនឹងបញ្ហានេះ លោក តែ ប៊ុនប៉ោ បញ្ជាក់បន្ថែមថា ដំណើរការ និងវិធីនៃការសំលាប់ខ្លួនមានច្រើនទម្រង់អាស្រ័យទៅតាមការយល់ឃើញ និងជ្រើសរើសដូចជា ការលេបថ្នាំ កាលោត ពីទីខ្ពស់ ការចងកនៅទីស្ងាត់ជាដើម។ លោកបន្ថែមថា ការមិនយល់ដឹងពីរបៀបនៃការគ្រប់គ្រងចិត្ត ឬ Stress Management វាគឺជាមូលហេតុមួយយ៉ាងសំខាន់ ដែលធ្វើឲ្យយុវជនងាយរអិលខ្លួនធ្លាក់ទៅក្នុងការធ្វើអត្តឃាត។
នៅក្នុងឯកសារចិត្តវិទ្យាមិនធម្មតា របស់លោកបណ្ឌិត ខាន់ សារ៉េត បានឲ្យដឹងថា មនុស្សដែលនិយាយអំពីការធ្វើអត្តឃាតនឹងមិនងាយប្រព្រឹត្តអត្តឃាតទេ ក៏ប៉ុន្តែអ្នកដែលមានការធា្លក់ទឹកចិត្តធ្ងន់ធ្ងរទៅវិញទេ ដែលធ្វើអត្តឃាត។ ឯកសារដដែលក៏បញ្ជាក់ផងដែរថា អត្រានៃការធ្វើអត្តឃាតនៅរដូវភ្លៀង ឬរដូវវស្សា មានចំនួនច្រើនជាងនៅរដូវប្រាំង ខណៈដែលទំនោរនៃការធ្វើអត្តឃាត គឺជាមរតកតពូជ៕
អត្តបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ