ព័ត៌មានជាតិ
ឃុំព្រែកខ្សាច់ ត្បិតនៅឆ្ងាយដាច់ស្រយោល តែល្បឿននៃការអភិវឌ្ឍន៍មិនចាញ់ឃុំដទៃទៀតឡើយ
កោះកុង ៖ អាណត្តិទី៤នេះ ស្ទុះនៃល្បឿននៃដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគោលសំខាន់ៗត្រូវគេមើលឃើញថា លេចផុសត្រដែតឡើងនៅក្នុងមូលដ្ឋានឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ទោះបីជាមូលដ្ឋានមួយនេះនៅដាច់ស្រយោលពីទីរួមខេត្តកោះកុងក៏ពិតមែន។
៥ឆ្នាំមុន ប្រសិនបើចង់ធ្វើដំណើរទៅឃុំព្រែកខ្សាច់ លុះត្រាតែជិះទូកកាត់ព្យុះភ្លៀងរលកខ្ពស់ពលរដូវវស្សាចូលមកដល់ម្តងៗ ប៉ុន្តែឥឡូវនេះ អាចធ្វើចរាចរណ៍តាមផ្លូវទឹកក៏បាន ផ្លូវគោកក៏បាន ព្រោះមានផ្លូវគ្រួសក្រហមប្រវែង ស្ថាបនា ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ ឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ថា ក្នុងអាណត្តិទី៤ដែលលោកកាន់តំណែងជាមេឃុំ លោក និងអាជ្ញាធរមូលដ្ឋាន បានប្រឹងប្រែងលើកផែនការអភិវឌ្ឍន៍នូវផ្លូវបេតុង២ខ្សែប្រវែងជិត៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ សាលាឃុំ សាលារៀន របងក្លោងទ្វារវត្តអារាម ជីស្រះទឹក ផ្លូវគ្រួសក្រហមប្រវែងជិត២០គីឡូម៉ែត្រពីភូមិព្រែកខ្សាច់ឆ្ពោះទៅដៃព្រែកឃុំជ្រោយប្រស់ ជាគម្រោងអភិវឌ្ឍន៍របស់ឃុំ និងជំនួយឧបត្ថម្ភពីអ្នកឧកញ៉ា លី យ៉ុងផាត់។
លោក រៀម រុំ បន្ថែមថា ផ្លូវគ្រួសក្រហមពីភូមិយាយហ្សែនទៅតំបន់ទេសចរឆ្នេរសមុទ្រ៥១០ម៉ែត្រទៅតំបន់ឆ្នេរសមុទ្រ ផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័សទាន់ពេលវេលា ក៏ដូចជាសម្របសម្រួលទំនាស់វិវាទបញ្ហាផ្សេងៗក្នុងមូលដ្ឋាន។
បើតាមលោកមេឃុំ រៀម រុំ លោកមិនរុញរាលបំពេញការងារជូនប្រជាពលរដ្ឋនោះទេ ទោះបីជាថ្ងៃឈប់សម្រាកយ៉ាងណាក្តី ព្រោះជាតួនាទីជាអ្នកដឹកនាំឃុំដែលកើតឡើងដោយសារការបោះឆ្នោតជឿជាក់ពីប្រជាពលរដ្ឋ។ ជាក់ស្តែង ស្ទុះនៃការកសាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើតនេះ សុទ្ធតែជាគម្រោងមូលនិធិរបស់រដ្ឋបាលឃុំផង និងជាការកៀរគរជំនួយឧបត្ថម្ភពីសប្បុរសជន ជួយគាំទ្រការអភិវឌ្ឍន៍ច្រើនសម្រាប់តំបន់ឆ្ងាយដាច់ស្រយោលមួយនេះ។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ ក៏រម្លឹកដែរថា ២ឆ្នាំអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ រូបលោក មេភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ប្រឆាំងជំងឺនេះបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។ ពោលគឺគ្មានពលរដ្ឋណាម្នាក់បាត់បង់ជីវិតឡើយ។ ប្រសិនបើគ្មានវិធានការ និងផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ទាន់ពេលវេលាទេនោះ ម្ល៉េះស្ថានភាពសង្គមមិនដឹងទៅជាយ៉ាងណាឡើយ។
លោកមេឃុំ រៀម រុំ សង្កត់ធ្ងន់ថា នេះដោយសារតែកម្ពុជាមានប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបពលរដ្ឋរបស់លោកប្រមាណជាង៥០០គ្រួសារ បានទទួលការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ឥតថ្លៃ។ ភាគច្រើនចាប់ពីដូសទី៣ទៅដល់ដូសទី៤ នឹងអាចឈានដល់ការចាក់ដូសទី៥។
ទាក់ទិននឹងការងារសង្គមកិច្ចឯណោះវិញ អាជ្ញាធរឃុំ សហការជាមួយមន្ទីរជំនាញ ចុះស្រង់ស្ថិតិពលរដ្ឋក្រីក្រលំបាក ដើម្បីអនុញ្ញាតឱ្យពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់ដោះស្រាយជីវភាពរស់នៅអំឡុងជំងឺកូវីដ។ ហើយឥឡូវនេះ ពួកគាត់នៅតែបន្តទទួលអត្ថប្រយោជន៍ពីប័ណ្ណក្រីក្របន្តទៀតផងដែរ។
នៅមិនទាន់គ្រប់គ្រាន់នោះឡើយចំពោះសមិទ្ធផលកំពុងប្រយោជន៍ដល់ប្រជាពលរដ្ឋ លោក រៀម រុំ ជា មកពីគណបក្សប្រជាជនកម្ពុជា អះអាងដែរថា រូបលោកបន្តពុះពារគ្រប់ឧបសគ្គទាំងអស់ នៅពេលជាប់ឆ្នោតជាមេឃុំ អាណត្តិទី៥។ មូលដ្ឋានឃុំព្រែកខ្សាច់ នឹងមានការអភិវឌ្ឍន៍រីកចម្រើនកាន់តែល្អប្រសើរឡើងៗដោយផ្លូវគ្រួសក្រហមនឹងប្រែក្លាយជាបេតុងរឹងមាំថ្មីគ្រប់ភូមិ សង់សាងអនុវិទ្យាល័យ ភ្លើងអគ្គិសនីប្រើប្រាស់ អភិវឌ្ឍន៍មណ្ឌលសុខភាពគ្រប់មានដីបម្រុងទុករួចរាល់ហើយ ព្រមទាំងការផ្តល់សេវាសាធារណៈឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់ប្រកបដោយទំនុកចិត្តពីពលរដ្ឋម្ចាស់ឆ្នោត។
ឃុំព្រែកខ្សាច់ ជាឃុំមួយស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង មានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានក្មេងទំនើង និងអំពើចោរកម្ម ព្រោះសមត្ថកិច្ចតែងដាក់វេនប្រចាំការល្បាតអប់រំទប់ស្កាត់។ រីឯពលរដ្ឋវិញភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ ធ្វើស្រែចម្ការ និងលក់ដូរអាជីវកម្មបន្តិចបន្តួច៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន