ជីវិតកម្សាន្ដ
លម្អិតខ្ទេចគ្មានសល់ អំពីបណ្តឹងអូសបន្លាយរវាង Johnny និង Amber
ប៉ុន្មានសប្ដាហ៍មកនេះ បណ្ដឹងបរិហារកេរ្តិ៍រវាង Johnny Depp និងអតីតភរិយា Amber Heard បានទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ការកាត់ក្តីចុងក្រោយនេះបានប្រែទៅជាសមរភូមិដ៏ក្តៅគគុក ព្រោះភាគីនីមួយៗសុទ្ធតែអះអាងថា ខ្លួនជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ។ ភស្តុតាងជាច្រើនរួមមាន រូបថត វីដេអូ ឃ្លីប សារសំឡេង និងសាក្សីពីភាគីទាំងសងខាង ត្រូវបានបង្ហាញនៅក្នុងតុលាការ បង្កើតជារឿងអាស្រូវអស់រយៈពេល ៦សប្តាហ៍មកហើយ ហើយថ្ងៃនេះ កម្ពុជាថ្មី នឹងសង្ខេបព្រឹត្តិការណ៍ទាំងអស់នៅខាក្រោម។
ក្តីបរិហារកេរ្តិ៍
ក្នុងឆ្នាំ២០១៩ តារាប្រុស Johnny Depp បានដាក់ពាក្យបណ្តឹង “បរិហារកេរ្តិ៍” ប្រឆាំងនឹង Amber Heard បន្ទាប់ពីនាងចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា “ខ្ញុំបាននិយាយប្រឆាំងនឹងអំពើហឹង្សាផ្លូវភេទ – និងប្រឈមមុខនឹងកំហឹងនៃគ្រួសារ” នៅក្នុងកាសែត Washington Post កាលពីឆ្នាំ២០១៨ ។ ពេលនោះ Johnny បានអះអាងថា អត្ថបទរបស់ Amber បានបំផ្លាញជីវិតរបស់គាត់ ក៏ដូចជាប៉ះពាល់ដល់អាជីពសម្តែង និងប្រាក់ចំណូលផងដែរ។
ថ្វីត្បិតនៅក្នុងអត្ថបទមិនបានលើកឡើងអំពីឈ្មោះរបស់ Johnny Depp ពិតមែន ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថាវាសំដៅដល់តារាប្រុសរូបនេះប្រាកដណាស់។ ២ឆ្នាំមុនអត្ថបទនេះចេញផ្សាយ គឺកំលុងឆ្នាំ២០១៦ Amber បានដាក់ពាក្យបណ្ដឹងទៅតុលាការរដ្ឋកាលីហ្វ័រញ៉ា ដោយចោទប្រកាន់ Johnny ថាបានបោះទូរសព្ទដាក់មុខនាង និងធ្វើបាបរាងកាយនាង ពេលពួកគេនៅមានទំនាក់ទំនងជាមួយគ្នានៅឡើយ។
ត្រឡប់មកឆ្នាំ ២០១៩ វិញ Amber ឆ្លើយតបនឹងបណ្តឹងរបស់ Johnny ថា វាជាការបរិហារកេរ្តិ៍ ដែលកើតឡើងតាមរយៈមេធាវីរបស់អតីតស្វាមី លោក Adam Waldman ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងកាសែត The Daily Mail នាងនិយាយថា Johnny ជាមនុស្សកុហក ហើយថាទង្វើនេះធ្វើឱ្យនាងគ្មានការងារធ្វើ ហើយត្រូវកាត់ចេញតួក្នុងរឿង Aquaman 2។
សាក្សី
ផ្ទុយពីការអះអាងរបស់ Amber ក្រុមមេធាវីរបស់លោក Johnny បញ្ជាក់ថា Amber ទៅវិញទេដែលបានធ្វើបាបរាងកាយ និងផ្លូវចិត្តរបស់អតីតស្វាមី។ មេធាវីរបស់លោក Johnny ថ្លែងដូច្នេះថា រាងកាយរបស់ Amber មិនដែលឃើញមានរបួសស្នាមអ្វីទេ ហើយការចោទប្រកាន់របស់នាង សុទ្ធសឹងជាការកុហកទាំងអស់។ មេធាវីក៏បានផ្តល់ភស្តុតាងជាច្រើនផងដែររួមមាន រូបថត វីដេអូឃ្លីប និងឃ្លីបសំឡេងដែល Johnny ត្រូវបានគំរាមកំហែង។
បន្ទាប់ពីនោះ Amber ស្រាប់តែលើកឡើងថា Johnny ជាមនុស្សប្រមឹក ប្រើថ្នាំញៀន និងចោទប្រកាន់គាត់ពីបទបៀតបៀនផ្លូវកាយ និងផ្លូវភេទរបស់នាង។ មេធាវីរបស់ Amber បានផ្តល់សក្ខីកម្មដោយមានសាក្សីជាច្រើននិយាយដូចៗគ្នាថា ពួកគេបានឃើញ Johnny ស្រវឹងស្រាពិតមែន តែទោះជាយ៉ាងណាសាក្សីរបស់ Amber សារភាពថា ពួកគេមិនដែលឃើញ Johnny វាយធ្វើបាបអតីតភរិយាឡើយ។
សក្ខីកម្ម
Johnny បានផ្តល់សក្ខីកម្មថា គាត់មិនដែលធ្វើបាប Amber ឬស្ត្រីភេទឡើយ តាមពិត Amber ទេដែលជាមនុស្សប្រើហិង្សាក្នុងទំនាក់ទំនងប្ដីប្រពន្ធ ដោយនាងតែងតែខឹងសម្បារ និងជេរប្រមាថគាត់ជារឿយៗ។ មិនតែប៉ុណ្ណោះ រឿងរ៉ាវផ្ទុះឡើងរហូតបង្កជាអំពើហិង្សាលើរាងកាយ សុទ្ធតែផ្ដើមចេញពីអតីតភរិយារបស់គាត់ទាំងអស់។ ពេលមួយ Amber ផឹកស្រវឹង ហើយបោះដបស្រាដាក់គាត់ បណ្ដាលឱ្យរងរបួសម្រាមដៃស្តាំទៀតផង។
ភ្លាមៗ Amber ច្រានចោលការអះអាងរបស់អតីតស្វាមី ដោយនាងថ្លែងថា ជាញឹកញាប់ Johnny តែងតែធ្វើបាបនាងនៅពេលដែលស្រវឹង ហើយពេលខ្លះគាត់ដាល់មុខនាង ធ្វើឱ្យនាងហូរឈាមមាត់។ ពេលខ្លះគាត់ទះតប់នាង សឹងបាក់ច្រមុះក៏មាន។ កាលទៅលេងនៅប្រទេសអូស្ត្រាលី Amber ថា អតីតស្វាមីបានរំលោភនាងយ៉ាងឃោរឃៅ និងបំពានផ្លូវភេទនាងដោយញាត់ដបស្រាចូលប្រដាប់ភេទទៀតផង។ នាងបញ្ជាក់ថា ស្នាមរបួសម្រាមដៃស្ដាំរបស់គាត់មិនមែនដោយសារនាងទេ វាកើតឡើងនៅពេលដែលគាត់វាយកម្ទេចទូរសព្ទខ្លួនឯងប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ មេធាវីរបស់ Johnny បានចោទសួរថា ប្រសិនបើ Amber ត្រូវបានរំលោភផ្លូវភេទ និងបៀតបៀនដោយ Johnny ហេតុអ្វីបានជាគ្មានភស្តុតាងដែលទៅជួបគ្រូពេទ្យ ឬភស្តុតាងរូបថតដែលបង្ហាញស្លាកស្នាមរបស់នាង? ពេលនោះ Amber បានផ្តល់សក្ខីកម្មថា នាងប្រើគ្រឿងសម្អាងដើម្បីបិទបាំងស្លាកស្នាម រួមទាំងការប្រើទឹកកកដើម្បីជួយបន្ថយការហើម ហើយនាងមិនបានទៅជួបគ្រូពេទ្យ ព្រោះវាជារឿងអាម៉ាស់ មិនចង់ប្រាប់នរណាម្នាក់ឱ្យដឹង។
ទន្ទឹមគ្នាដែរ មេធាវីរបស់ Amber បានបង្ហាញសារមួយដែល Johnny ផ្ញើទៅមិត្តរបស់គាត់។ ក្នុងសារបានរៀបរាប់ពីសម្ដី Johnny ដែលចង់ទម្លាក់ Amber ចូលទៅក្នុងទឹក ហើយដុតនាងចោល។ ឆ្លើយតបនឹងភស្តុតាងនេះ Johnny សារភាពថា គាត់ស្រវឹងខ្លាំងពេក ហើយគ្រាន់តែសរសេរលេងសើចប៉ុណ្ណោះ។
បញ្ហាផ្សេងទៀត
បន្ថែមពីលើការកាត់ក្តីលើបទចោទប្រកាន់បរិហារកេរ្តិ៍ ក្នុងអំឡុងពេលផ្តល់សក្ខីកម្មពីភាគីទាំងសងខាង បញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនបានរីករាលដាលនៅលើអ៊ីនធឺណិត រួមទាំង “លាមកនៅលើគ្រែ” ដែល Johhny បានផ្តល់សក្ខីកម្ម។ ទោះជាយ៉ាងណា ភាគីខាងស្រី អះអាងថា វាជាលាមកឆ្កែ មិនមែនជាលាមករបស់នាងនោះទេ។
ក្នុងអំឡុងពេលតាមដាន មេធាវីរបស់ Amber បានផ្តល់ភស្តុតាងថា វាជាម៉ាកគ្រឿងសម្អាង Milani ដែលកូនក្ដីរបស់ខ្លួនត្រូវការយកតាមខ្លួនគ្រប់ពេល អំឡុងពេលមានទំនាក់ទំនងជាមួយ Johnny ដើម្បីបិទបាំងស្លាកស្នាមនៅលើមុខ។ ទោះយ៉ាងណា អ្នកគាំទ្របានបង្ហោះឃ្លីបមួយក្នុង TikTok ថា គ្រឿងសម្អាងដែលមេធាវី Amber យកមកធ្វើជាភស្តុតាង ទើបតែចេញលក់ក្នុងឆ្នាំ២០១៧ ប៉ុន្តែពេលមានបញ្ហាហិង្សារវាង Amber និង Johnny គឺនៅចន្លោះឆ្នាំ២០១៤-២០១៦ ឯណោះទេ។ រឿងនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតចោទជាសំណួរថា តើ Amber ភ្លេចម៉ាកគ្រឿងសម្អាងដែលនាងប្រើ ឬមួយនាងនិយាយកុហក?
ស្របពេលជាមួយគ្នានេះ វេជ្ជបណ្ឌិត Shannon Curry ចិត្តវិទូផ្នែកកោសល្យវិច្ច័យ ដែលបានផ្តល់សក្ខីកម្មជាសាក្សីខាង Johnny Depp និយាយថានៅក្នុងការវាយតម្លៃឯកសាររយៈពេល ១២ម៉ោង និងការពិនិត្យទល់មុខជាមួយ Amber បានរកឃើញ Amber មានបញ្ហាបុគ្គលិកលក្ខណៈលើសព្រំដែន និងជំងឺបុគ្គលិកលក្ខណៈតំណពូជ។ ជាលទ្ធផល Amber មានសតិមិននឹងនរ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ យ៉ាងណាមិញសាមីខ្លួនច្រានចោលការរកឃើញនេះ នាងថា ខ្លួនមិនមានជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តនោះទេ។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត Dawn Hughes ដែលជាចិត្តវិទូផ្នែកកោសល្យវិច្ច័យខាង Amber បានផ្តល់សក្ខីកម្មថា នាងមានបញ្ហាប្រាកដមែន ដែលវាជាលទ្ធផលនៃការបែកបាក់ជាមួយ Johnny។
បញ្ហាមួយទៀតដែលបានក្លាយជារឿងជជែកគ្នាច្រើននៅលើបណ្ដាញសង្គម គឺការបរិច្ចាគ ដែល Amber បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ២០១៨ ថា នាងនឹងបរិច្ចាគ ៧លានដុល្លារដែលបានមកពីការលែងលះ ចូលទៅមូលនិធិ។ ក្នុងនោះនាងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌ Amerivan Civil Liberties Union (ACLU) ចំនួន ៣.៥លានដុល្លារ និងមន្ទីរពេទ្យកុមារ Los Angeles ចំនួន ៣.៥លានដុល្លារ។ យ៉ាងណាក្ដីមេធាវីខាងអតីតស្វាមីនាងរកឃើញថាប្រាក់នោះមិនបានចូលទៅអង្គការសូម្បីបន្តិចឡើយ។
នៅមានការភ្ញាក់ផ្អើលមួយទៀត នៅក្នុងការកាត់ក្តីរបស់អតីតគូស្នេហ៍មួយគូនេះ គឺបន្ទាប់ពីការបង្ហាញខ្លួនរបស់ Kate Moss ដែលជាសាក្សីផ្តល់សក្ខីកម្មខាង Johnny។ Kate Moss ជាបងប្អូនរបស់ Amber ប៉ុន្តែនាងបានមកធ្វើសាក្សីឱ្យ Johnny ដោយអះអាងថានាងមិនច្រានទម្លាក់ពីលើជណ្ដើរទេ បន្ទាប់ពី Amber ចោទអតីតស្វាមីថា គាត់បានរុញប្អូនស្រីទម្លាក់ពីលើជណ្ដើរ។
អាកប្បកិរិយារបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម
ពេញមួយសប្តាហ៍នៃការសាកសួរ ប្រព័ន្ធផ្សព្វផ្សាយសង្គមនានាផ្ទុះការជជែកមិនដាច់ស្រេច មានទាំងអ្នកគាំទ្រ Johnny និងអ្នកគាំទ្រ Amber។ ក្រុមអ្នកគាំទ្ររបស់ Johnny Depp បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីនិយាយ និងតាមដានយ៉ាងដិតដល់នូវការកាត់ក្តីនេះ និងបានដាក់ hashtag ដ៏ពេញនិយមដូចជា #JusticeforJohnnyDepp នៅលើ TikTok និង Twitter ជាដើម។ ចំណែក Amber ក៏មាន hashtag ដែលបង្កើតឡើងដោយអ្នកគាំទ្ររបស់នាងផងដែរ។ ប៉ុន្តែចំនួនអ្នកប្រើប្រាស់តិចជាង hashtag របស់ Johnny ។
ការគាំទ្រ Johnny បានកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយពួកជាច្រើនជឿជាក់លើភស្តុតាងរបស់តារាប្រុសរូបនេះ។ ដោយឡែកខាង Amber វិញពុំមានភស្តុតាងច្បាស់លាស់នោះទេ។ ដូច្នេះអ្នកគាំទ្រ ចាប់ផ្ដើមលែងជឿសម្ដីរបស់នាង។
តើសាលក្រមចុងក្រោយនឹងទៅជាយ៉ាងណា? តើ Johnny Depp ឬ Amber Heard នឹងឈ្នះករណីនេះ? ពួកយើងមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ
ចុចអាន៖ ពេលស្គាល់ប្រវត្តិច្បាស់ ទើបដឹងថា កូនស្រី Jonny Depp ជាមនុស្សមិនធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan