Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា បណ្ដាបក្សនយោបាយ នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បណ្ដាគណបក្សនយោ​បាយ ដែលបានចូលរួមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ នឹងទទួលយកនូវលទ្ធផល នៃការបោះឆ្នោតទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ៣ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមយ៉ាងល្អនៅក្នុងដំណើរការបោះឆ្នោត ជាពិសេសយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានធ្វើឡើងរយៈពេល ១៤ថ្ងៃមកនេះ ដោយបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ល្អ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះ បណ្ដាគណបក្សនយោបាយទាំងអស់​ ដែលបានចូលរួមអនុវត្តច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។

តាមរយៈសារជាសំឡេងដដែល​នេះ សម្ដេចតេជោ ហ៊ុន សែន​ សង្ឃឹមថា បណ្ដាគណបក្សនយោបាយ នឹងចូលរួមទាំងអស់គ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សង្ឃឹមដែរថា គ្រប់គណបក្សនយោបាយទាំងអស់ នឹងទទួលយកលទ្ធផលនៃការបោះឆ្នោត នាពេលខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថា បណ្ដាបក្សនយោបាយទាំងអស់ នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសរបស់យើងនៅថ្ងៃអាទិត្យខាងមុខនេះ ហើយសង្ឃឹមថា យើងទាំងអស់គ្នា នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត ដែលប្រជាជននឹងផ្ដល់សម្រាប់យើង»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិ​ត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង សម្រាប់ដណ្កើមអាសនៈឃុំ-សង្កាត់ ក្នុងអាណត្តិនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម