វប្បធម៌ ជំនឿ
ប្រវត្តិឈ្មោះ តំបន់រលាក់កងជើង ដែលយើងធ្លាប់យល់ច្រឡំ
មហាជន និងភ្ញៀវទេសចរដែលធ្វើដំណើរ ឬកម្សាន្តទៅតំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ខ្នងក្រពើ នៅភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺសុទ្ធតែបានឆ្លងកាត់ កំណាត់ផ្លូវដែលមានសភាពរលាក់ខុសពីធម្មតា ពោលគឺខុសពីផ្លូវលំ ឬផ្លូវក្រួសក្រហមដែលបានជិះកាត់។ ផ្លូវនោះគឺស្ថិតនៅក្នុង “តំបន់រលាក់កងជើង” ទើបភ្ញៀវទេសចរមួយចំនួនយល់ថា មកពីផ្លូវមានសភាពរលាក់បែបហើយ ទើបគេហៅ “តំបន់រលាក់កងជើង” ដែលប្រហែលផ្លូវនេះមានសភាពរលាកតាំងពីបុរាណ ពោលតាំងពីសម័យមនុស្សពាក់កងជើងជាប្រចាំមកម៉្លេះ។
ទាក់ទងការលើកឡើងនេះ លោក បញ្ញា ជាអ្នកនាំទេសចរពីភ្នំពេញទៅផ្សងព្រេង និងដើរកម្សាន្តព្រៃភ្នំ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ឈ្មោះ “រលាកកងជើង” មិនមែនមានន័យថា តំបន់នោះ ផ្លូវពិបាកធ្វើដំណើរ ឬតាំងពីបុរាណកាល ពេលធ្វើដំណើរ ឬជិះរទះកាត់តំបន់នោះ គឺមានសភាពរលាកខ្លាំង រហូតដល់កងជើងប៉ះទង្គិចគ្នាខ្លាំងៗនោះទេ។
លោក បញ្ញា បានលើកឡើងតាមការដឹងលឺរបស់លោកថា ប្រវត្តិឈ្មោះតំបន់រលាក់កងជើងនេះ គឺកាលពីដើម ស្ដេចមួយព្រះអង្គ មានបុត្រីដ៏ស្រស់ស្អាតផូរផង់មួយអង្គ។ ព្រះនាងបានមានចិត្តស្នេហាជាមួយ សេនា ខុសវណ្ណៈ ខុសច្បាប់ទំនៀម។ ដោយខ្លាចមានទោស ទើបព្រះនាង និងបុរសនោះបាននាំគ្នាលួចរត់គេចព្រះកាយ។ ស្តេចជាបិតា បានបញ្ជា សេនាអាមាត្យផ្សេងទៀត តាមចាប់ និងប្រកាសរកអ្នកទាំងពីរដើម្បីដាក់ទោស។ ដើម្បីលាក់អត្តសញ្ញាណ កុំឱ្យប្រជាជនដឹងថា ខ្លួនជាកូនស្ដេច ព្រះរាជបុត្រី បានដោះគ្រឿងអលង្ការ កងជើង យកទៅលាក់ទុកក្នុងព្រៃ ក្លែងធ្វើជារាស្ត្រសាមញ្ញ។ ក្រោយមក ក៏មានអ្នករកឃើញ កងជើងនោះ ក៏តំបន់នោះជាប់ឈ្មោះ “លាក់កងជើង” តែក្រោយមក ក្លាយជា “រលាកកងជើង”។
ចំណែក លោកតា គុណ ជាប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ និងជាអ្នកនាំភ្ញៀវដើរព្រៃ បានឱ្យ “កម្ពុជាថ្មី” តាមរឿងដំណាលផ្សេងទៀតថា កាលយូរលង់ណាស់មកហើយ នគរខ្មែរមានចម្បាំងជាមួយចម្ប៉ា។ ដោយច្បាំងចាញ់គេ ស្ដេចអង្គនោះក៏គេចខ្លួនកាត់ព្រៃមកដល់តំបន់ រលាក់កងជើងសព្វថ្ងៃនេះ។ អ្នកស្រុកតំបន់នោះស្គាល់អ្នកភៀសខ្លួននោះថា ជាហ្លួង ឬស្ដេច គ្រប់គ្រងនគរខ្មែរ។ ដោយអស់កម្លាំង ហ្លួងនោះក៏ឈប់សម្រាកកម្លាំងនៅទួលមួយ ឈ្មោះទួលស្រមរ ដើម្បីសោយក្រយា។ ទីទួលនោះ ក៏ត្រូវគេដាក់ឈ្មោះថា ”ទួលស្រមរហ្លួង” រហូតដល់សព្វថ្ងៃនេះ។
លោកតាគុណ បានឱ្យដឹងបន្តថា ក្រោយពីសម្រាកមានកម្លាំង ហ្លួងអង្គនោះក៏យាងបន្តទៅទៀត ដោយនឿយព្រះកាយ ស្ដេចក៏បានសម្រាកយកកម្លាំង ផ្អែកខ្នងទៅនឹងដើមគ្រើលមួយដើម។ លុះស្ដេចបន្ដដំណើរទៅទៀត អ្នកស្រុកនៅទីនោះបានហៅកន្លែងនោះថា “គ្រើលហ្លួងផ្អែក”។ ស្ដេចជំនាន់ដើមមានពាក់កងជើងធំៗណាស់ ដោយចង់បន្លំខ្លួនជាមួយប្រជាជន ដើម្បីការពារក្រែងលោកម្លាំងខ្មាំងសត្រូវមកទាន់នោះ ព្រះអង្គនេះក៏បានសម្រេចចិត្តដោះកងជើងលាក់ទុកនៅតំបន់នោះ។ គេក៏ហៅតំបន់នោះថា “លាក់កងជើង” តែក្រោយមកក៏ក្លាយទៅជា “រលាក់កងជើង” ដល់សព្វថ្ងៃ។
ទាក់ទងប្រវត្តិឈ្មោះ នៃតំបន់ “រលាក់កងជើង” នេះ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា លោកមិនទាន់ចុះទៅស្រាវជ្រាវតំបន់នោះឱ្យស៊ីជម្រៅនៅឡើយទេ ដោយបច្ចុប្បន្នលោកជាប់គម្រោងកំពុងស្រាវជ្រាវនៅតំបន់ផ្សេង ដោយមានទាំងការដំឡើងជារបាំ និងល្ខោនជាដើម។ ចំណែក តំបន់រលាក់កងជើង លោកមានគម្រោងទៅស្រាវជ្រាវនៅពេលក្រោយ។
គួររម្លឹកថា កាលពីជំនាន់សង្គមរាស្ត្រនិយមរហូតដល់សម័យសាធារណរដ្ឋខ្មែរ អ្នករស់នៅតំបន់រលាក់កងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តែងរងការមាក់ងាយពីប្រជាជនក្រៅតំបន់ថា ជាមនុស្សអវិជ្ជា រស់នៅតំបន់ដាច់ស្រយាលជាដើម។ ប៉ុន្តែបច្ចុប្បន្ន ផ្ទុយស្រឡះ ព្រោះតំបន់រលាក់កងជើង មិនស្ថិតនៅក្រោមការមាក់ងាយទៀតទេ ដ្បិតបានប្រែក្លាយជាតំបន់ពោរពេញដោយការអភិវឌ្ឍ និងជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ។ អ្វីដែលសំខាន់នោះគឺសហគមន៍ទេសចរណ៍ ខ្នងផ្សារ ខ្នងក្រពើ ឆាយយោង ជាដើម ដែលមានភ្ញៀវទេសចរទៅកម្សាន្តជាហូរហែ ពិសេសក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានប្រសើរឡើងវិញនេះ។
គួរបញ្ជាក់ថា បើគិតពីភ្នំពេញទៅរលាក់កងជើងមានចម្ងាយជាង ១៣០គីឡូម៉ែត្រ តែបើគិតពីខេត្តកំពង់ស្ពឺទៅមានចម្ងាយជាង៩០ គីឡូម៉ែត្រ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រ បត់តាមស្តុបតេឡា (ច្បារមន) ទៅស្តាំប្រមាណ ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូម៉ែត្រ យើងនឹងទៅដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ តេទឹកពុះ នឹងទៅដល់តំបន់រលាក់កងជើង និងសហគមន៍ភ្នំខ្នងផ្សារ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ