ព័ត៌មានជាតិ
វិស័យសំណង់រីកចម្រើន កម្មករទទួលបានកម្រៃខ្ពស់ ឈប់ចំណាកស្រុកប្រឈមហានិភ័យ
ការងារជាកម្មករសំណង់ ទោះបីជាធ្វើការនៅក្រោមកម្តៅថ្ងៃ ជាមួយនឹងខោអាវមិនស្អាតបាតដូចការងារដទៃ តែចំណូលប្រចាំថ្ងៃពីការងារនេះ អាចឱ្យពួកគេរស់នៅក្នុងជីវភាពសមរម្យ ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ឆ្ងាយពីគ្រួសារ។

លោក ឆាយ កំពត អាយុ ៥០ឆ្នាំ ជាមេជាងសំណង់មកពីខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា លោកបានធ្វើការជាជាងសំណង់នេះ អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ លោកបានលើកឡើងថា សព្វថ្ងៃនេះ ការងារសាងសង់នៅស្រុកខ្មែរ គឺមានការរីកចម្រើន ដូចជា អគារខុនដូ បុរី ផ្ទះល្វែង រមណីយដ្ឋាននានា ដូច្នេះមានតម្រូវការកម្លាំងពលកម្មច្រើន។
មេជាងសំណង់រូបនេះបន្តដូច្នេះថា «កាលពីជាង ១០ឆ្នាំមុន ខ្ញុំធ្វើការមួយថ្ងៃបានប្រហែល ៣ ម៉ឺនរៀលប៉ុណ្ណោះ។ តែសព្វថ្ងៃ ខ្ញុំទទួលបានខ្ទង់ ៧ម៉ឺនរៀល ដែលចំណូលនេះ អាចធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំរស់នៅបានសមរម្យ»។ លោកបានលើកបន្ថែមទៀតថា ការងារនៅស្រុក ទទួលបានប្រាក់ចំណូលមិនខុសគ្នាពីការចំណាកស្រុកធ្វើការនៅក្រៅប្រទេសប៉ុន្មានឡើយ ហើយធ្វើការក្នុងស្រុកបានជួបជុំគ្រួសារទៀត។
ដូចគ្នានេះដែរ លោក ពន្លឺ ជាអ្នកខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្ន លោករស់នៅម្តុំទួលពង្រជាមួយគ្រួសារ ហើយធ្វើការជាជាងពុម្ពសំណង់ រយៈពេលជាង ១០ ឆ្នាំមកហើយដែរ។ លោក ពន្លឺ លើកឡើងថា ក្នុងមួយថ្ងៃ ទទួលកម្រៃបានជាង ១០ ម៉ឺនរៀលពីការងារនេះ។ លោកបានបន្ថែមថា បច្ចុប្បន្នការងារសាងសង់នៅស្រុកខ្មែរមានច្រើនមិនខ្វះនោះទេ ដោយគម្រោងនានា ត្រូវការកម្លាំងពលកម្មជាច្រើន ជាពិសេសអ្នកដែលមានជំនាញស្រាប់។ លោកពន្លឺ បានគូសបញ្ជាក់ទៀតថា ចំណូលពីការងារសំណង់នេះ បានជួយផ្គត់ផ្គង់គ្រួសារលោកបានប្រសើរ និងអាចឱ្យកូនបានចូលសាលារៀន ដូចក្មេងដទៃទៀត។

បច្ចុប្បន្នវិស័យសំណង់នៅកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ ដែលត្រូវការកម្លាំងពលកម្មច្រើន ដើម្បីអភិវឌ្ឍលើវិស័យនេះ។ លោក គីម សុភា ទើបតែចូលធ្វើការក្នុងវិស័យសំណង់បាន ៣ឆ្នាំ ប៉ុណ្ណោះ។ ប៉ុន្តែចំណូលប្រចាំថ្ងៃរបស់លោក អាចរកបានជាមធ្យម ៨ម៉ឺនរៀលក្នុងមួយថ្ងៃ។ ចំណូលនេះ ស្មើនឹងអ្នកធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ និងច្រើនជាងអ្នកធ្វើការរោងចក្រផង។ លោក បានសង្កត់ធ្ងន់ថា ការងារនៅក្នុងស្រុក គឺមានសុវត្ថិភាព មិនប្រឈមនិងហានិភ័យចាញ់បោកគេ ជាពិសេសបានរស់នៅជួបជុំគ្រួសារផង។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នវិស័យសំណង់ ការសាងសង់ ខុនដូ បុរី ផ្ទះល្វែង កំពុងមានសន្ទុះ រីកចម្រើនខ្លាំង និងត្រូវការកម្លាំងពលកម្មច្រើន ដើម្បីបំពេញការងារ។ ជាក់ស្តែងនៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗរាប់ពាន់កំពុងផុសត្រដែត ក្នុងនោះអគារកម្ពស់ ២០ជាន់ទៅ ២៩ ជាន់មានជាង ១០០អគារ អគារ ៣០ជាន់ទៅ ៣៩ជាន់ មាន ៦៥អគារ មានបុរីជាង ៣០០ និងសណ្ឋាគារប្រណិតៗ មានជាង ១០០សណ្ឋាគារផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕ នាង រតនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត