ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២ សាងសង់គ្មានគុណភាព ក្រសួងសាធារណការ ចាត់អ្នកបច្ចេកទេសខួងគ្រឹះពិនិត្យឡើងវិញ រង់ចាំរបាយការណ៍វាយតម្លៃ
ក្រសួងសាធារណការនិងដឹកជញ្ជូន បានចាត់ឲ្យមន្ត្រីចុះទៅខួងគ្រឹះពិនិត្យគុណភាពផ្លូវជាតិលេខ ២ និង ២២ ដើម្បីវាយតម្លៃ ក្រោយរកឃើញកំហុសបច្ចេកទេសក្នុងការសាងសង់។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ការដ្ឋានស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ក្រៅពីមានភាពយឺតយ៉ាវ ក៏រកឃើញកំហុសបច្ចេកទេសសាងសង់គ្មានគុណភាព ក្រោយរដ្ឋមន្ត្រីបានចុះទៅពិនិត្យជាក់ស្តែង។
លោក គង់ វិមាន បានបញ្ជាក់ថា ឥលូវមន្រ្តីបច្ចេកទេសក្រសួងបានចុះទៅខួងគ្រឹះរាប់សិបកន្លែង និងកំពុងរង់ចាំរបាយការណ៍វាយតម្លៃ បើរកឃើញផ្លូវគ្មានគុណភាព ក្រសួងនឹងចាត់វិធានការចំពោះក្រុមហ៊ុនសាងសង់។
ក្នុងពេលចុះពិនិត្យកំណាត់ផ្លូវជាតិលេខ ២ និង ២២ កាលពីថ្ងៃ ២៣ មេសាកន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានរិះគន់ក្រុមហ៊ុនស្ថាបនាផ្លូវលេខជាតិ ២ និងលេខ ២២ លើភាពយឺតយ៉ាវនិងការសាងសង់គ្មានគុណភាព។ លោករដ្ឋមន្រ្តីប្រកាសនឹងមិនទទួលផ្លូវដែលគ្មានគុណភាព តម្រូវឲ្យក្រុមហ៊ុនកែលម្អជាថ្មីតាមតាមស្តង់ដាបច្ចេកទេសដែលបានព្រមព្រៀងគ្នា។
កំណាត់ផ្លូវជាតិលេខ ២ និង ២២ អនុវត្តសាងសង់ដោយក្រុមហ៊ុន HanShin ក្រោមកម្ចីថវិកាពីរដ្ឋាភិបាលកូរ៉េ។ ក្រោយការចុះពិនិត្យស្ថាបនាគ្មានគុណភាព ក្រសួងសាធារណការនិងដឹកជញ្ជូនបានចាត់ឲ្យមន្រ្តីបច្ចេកទេសចុះទៅខួងគ្រឹះពិនិត្យ ហើយមន្រ្តីក្រសួងកំពុងរង់ចាំរបាយការណ៍វាយតម្លៃចុងក្រោយពីក្រុមអ្នកបច្ចេកទេសមុនចាត់វិធានការបន្តទៀត។
បើតាមលោក គង់ វិមាន កំណាត់ផ្លូវជាតិលេខ ២ និង ២២ តាមគម្រោងត្រូវបញ្ចប់ត្រឹមខែ មេសាឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនស្នើសុំពន្យាររហូតដល់ខែសីហាឆ្នាំ២០២២។ យ៉ាងណាមិញក្រោយរកឃើញបញ្ហាលើគុណភាពសាងសង់លោកមិនបានបញ្ជាក់ថា គម្រោងអាចត្រូវពន្យារពេលបន្ថែមទៀតឬយ៉ាងណា ដោយត្រូវរង់ចាំរបាយការណ៍វាយតម្លៃពីមន្រ្តីជំនាញដែលបានចុះទៅពិនិត្យជាមុនសិន។
លោក គង់ វិមាន បានបញ្ជាក់ថា ក្រៅពីផ្លូវជាតិលេខ ២ និង ២២ ក្រុមហ៊ុន Hanshin ក៏កំពុងទទួលគម្រោងសាងសង់ផ្លូវជាតិលេខ ៥ កំណាត់ពីកំពង់ឆ្នាំងទៅខេត្តពោធិ៍សាត់ ក្នុងគំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ក្រុងប៉ោយប៉ែត ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ប៉ុន្តែការស្ថាបនាកំពុងដំណើរការ មិនមានបញ្ហារាំងស្ទះនោះទេ។
គម្រោងស្ថាបនាផ្លូវជាតិលេខ ២ និង ២២ មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣។
គម្រោងសាងសង់ផ្លូវនោះ បានចំណាយថវិកា ៥៦,១ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។ ខាងក្រុមហ៊ុនសាងសង់បានលើកពីបញ្ហាកូវីដ ដែលធ្វើឲ្យការសាងសង់មានភាពយឺតយ៉ាវ។ យ៉ាងណាមិញ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរំលឹកក្រុមហ៊ុនកុំលើកតែបញ្ហាកូវីដតែមួយមុខ ដែលនាំឲ្យមានភាពយឺតយ៉ាវលើការបញ្ចប់គម្រោងស្ថាបនាផ្លូវជាតិមួយខ្សែនេះ ដោយត្រូវរកដំណោះស្រាយដើម្បីឲ្យការងារអាចសម្រេចទាន់ផែនការ។
លោកបានដាស់តឿនឲ្យក្រុមហ៊ុនកូរ៉េដែលទទួលខុសត្រូវ ត្រូវតែពន្លឿនការងារ បន្ថែមគ្រឿងចក្រ និងកម្លាំងកម្មករ បើទោះបីការងារអាចយឺតជាផែនការបន្តិចក៏ដោយ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ