នយោបាយ
គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណា ដែលផ្ទុយពីការពិត
ការព្រមានចាត់វិធានការផ្លូវច្បាប់នេះ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវបានផ្សព្វផ្សាយនាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ។
បើតាម គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន និងមានការទទួលស្គាល់ ទទួលយកលទ្ធផលពីគ្រប់ភាគី ព្រមទាំងមានការវាយតម្លៃខ្ពស់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិថា ការបោះឆ្នោតនេះ បានប្រពឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ដែលមានប្រជាពលរដ្ឋខ្មែរជាង៨០ភាគរយ បានទៅបោះឆ្នោត ដើម្បីសម្ដែងឆន្ទៈរបស់ខ្លួន។
គ.ជ.ប អះអាងថា ជាគោលការណ៍ច្បាប់ ស្តីពីការបោះឆ្នោត គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយ ប្តឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញនៅគ្រប់ដំណាក់កាលបោះឆ្នោត ពិសេសនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គ.ជ.ប មានយន្តការដាក់ ទទួល និងដោះស្រាយបណ្តឹងតាមឋានានុក្រម ពីថ្នាក់ឃុំ សង្កាត់ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ គ.ជ.ប ជាពិសេសការប្តឹង ឬការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល នៃការឃោសនាបោះឆ្នោត ដំណាក់កាលមួយថ្ងៃមុន ថ្ងៃបោះឆ្នោត និងដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយគួរចៀសវាងថ្លែងការណ៍ប្រមាថ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ដែលនាំឱ្យមានការចោទប្រកាន់ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា៣០៥ និង៣០៦។
ទោះជាយ៉ាងណា គ.ជ.ប បានអះអាងថា នៅមានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្តែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូចក្នុងកម្មវិធី នៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ជាដើម។ លោក សុន ឆ័យ និយាយទៀតថា ”លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង”។
បើតាម គ.ជ.ប ការថ្លែងបែបនេះ មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលបានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវផាកពិន័យជាប្រាក់ពី១០លានរៀលដល់២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា