អត្ថាធិប្បាយ
តើសង្គ្រាមអាមេរិក និង ចិន ជុំវិញបញ្ហាកោះ តៃវ៉ាន់ ជិតផ្ទុះឡើងហើយមែនទេ?
ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិកបានព្រមានចិនជុំវិញបញ្ហាកោះតៃវ៉ាន់, រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ចេញប្រតិកម្មខ្លាំងក្លាបំផុត ដោយនិយាយថា ខ្លួននឹងកម្ទេចចោលរាល់ការប៉ុនប៉ង ចំពោះឯករាជ្យភាពរបស់តៃវ៉ាន់។
កាលពីថ្ងៃអាទិត្យទី១២ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe បានចោទប្រកាន់សហរដ្ឋអាមេរិកថាគាំទ្រឯករាជ្យភាពរបស់កោះនេះ ដោយនិយាយថា អាមេរិក កំពុងបំពានលើការសន្យារបស់ខ្លួនលើបញ្ហាតៃវ៉ាន់ និងកំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់ចិន។
លោកបាននិយាយនៅក្នុងកិច្ចសន្ទនា Shangri-la ដែលជាកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ធ្វើឡើងនៅប្រទេសសិង្ហបុរីថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់៖ ប្រសិនបើអ្នកណាម្នាក់ហ៊ានបំបែកតៃវ៉ាន់ចេញពីប្រទេសចិន យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រយុទ្ធ។ យើងនឹងប្រយុទ្ធដោយអស់ពីកម្លាំង ហើយយើងនឹងប្រយុទ្ធដល់ទីបញ្ចប់។ នេះគឺជាជម្រើសតែមួយគត់សម្រាប់ប្រទេសចិន”។
ការអត្ថាធិប្បាយរបស់គាត់ ធ្វើឡើងបន្ទាប់ពីការផ្ញើសារថ្មីៗរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសចិនថា ចិនកំពុងលលេងនឹងគ្រោះថ្នាក់ ដោយការបញ្ជូនយន្តហោះចម្បាំងទៅជិតកោះតៃវ៉ាន់។ លោកបានប្តេជ្ញាប្រើយោធាការពារកោះនេះ ប្រសិនបើមានការវាយប្រហារមែននោះ។
តៃវ៉ាន់ ដែលចាត់ទុកខ្លួនឯងជាប្រទេសអធិបតេយ្យ ត្រូវបានចិនទាមទារជាយូរមកហើយ។ ប៉ុន្តែតៃវ៉ាន់ក៏ចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួនផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនមានច្បាប់ដែលតម្រូវឲ្យខ្លួនជួយកោះនេះ ក្នុងការការពារខ្លួន។
វោហាសាស្ត្រយ៉ាងក្តៅគគុក បានកើតឡើងចំពេលដែលចិនបញ្ជូនយន្តហោះចម្បាំងកាន់តែច្រើនចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក បានបញ្ជូននាវាកងទ័ពជើងទឹកឆ្លងកាត់ដែនទឹករបស់តៃវ៉ាន់។
ដូចនេះ តើអាមេរិកនិងចិន អាចឈានទៅរកជម្លោះយោធាដែរឬទេ?
ការភ័យខ្លាចដ៏ធំមួយគឺថា សង្រ្គាមនឹងកើតឡើង ប្រសិនបើចិន លុកលុយតៃវ៉ាន់។ ទីក្រុងប៉េកាំងបាននិយាយកាលពីអតីតកាលថា ខ្លួនអាចទាមទារយកកោះនេះមកវិញដោយប្រើកម្លាំងប្រសិនបើចាំបាច់។ ប៉ុន្តែអ្នកវិភាគភាគច្រើននិយាយថា រឿងបែបនេះមិនទំនងទេ សម្រាប់ពេលនេះ។
មានការជជែកវែកញែកថាតើ ចិនមានសមត្ថភាពយោធា ដើម្បីទទួលបានជោគជ័យក្នុងការវាយលុកដែរឬទេ ហើយថាតើតៃវ៉ាន់ បាននិងកំពុងបង្កើនការការពារដែនអាកាស និងសមុទ្ររបស់ខ្លួនយ៉ាងខ្លាំងឬក៏អត់?
ប៉ុន្តែតាមការយល់ឃើញរបស់មនុស្សជាច្រើន, ទីក្រុងប៉េកាំងទទួលស្គាល់ថា ទង្វើបែបនេះនឹងបង្កការខាតបង់ធ្ងន់ធ្ងរ និងមហន្តរាយ មិនត្រឹមតែសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទៀតផង។
លោក William Choong សាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ បាននិយាយថា “មានវោហាសាស្ត្រជាច្រើន ប៉ុន្តែចិនត្រូវតែគិតគូរពីគម្លាតនេះឲ្យបានហ្មត់ចត់ ប្រសិនបើពួកគេចង់បើកការវាយលុកតៃវ៉ាន់ ជាពិសេសស្របពេលមានវិបត្តិអ៊ុយក្រែន”។
ជំហរជាប់លាប់របស់ចិនគឺថា ខ្លួនស្វែងរកការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់។ នេះជាអ្វីដែលលោកឧត្តមសេនីយ៍ Wei បានអះអាងម្តងទៀតកាលពីថ្ងៃអាទិត្យ ហើយថា ខ្លួននឹងធ្វើសកម្មភាព លុះត្រាតែប្រឈមមុខនឹងការបង្កហេតុប៉ុណ្ណោះ។
រឿងដែលទំនងមួយទៀត គឺថាតៃវ៉ាន់ប្រកាសឯករាជ្យជាផ្លូវការ។ ប៉ុន្តែនេះជាអ្វីដែលប្រធានាធិបតីរបស់ខ្លួនគឺលោកស្រី Tsai Ing-wen បានចៀសវាងយ៉ាងខ្លាំង ថ្វីបើលោកស្រីទទូចថា ពួកគេជារដ្ឋអធិបតេយ្យមួយរួចទៅហើយ។
ស្រដៀងគ្នានេះដែរ សហរដ្ឋអាមេរិកនឹងមានការស្ទាក់ស្ទើរក្នុងការទាញចូលទៅក្នុងជម្លោះយោធានៅអាស៊ី ហើយបានផ្តល់សញ្ញាម្តងហើយម្តងទៀតថា ពួកគេមិនចង់បានសង្រ្គាមឡើយ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលក៏បានចូលរួមកិច្ចសន្ទនាក្នុងប្រទេសសិង្ហបុរីផងដែរនោះ បាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ហើយក៏មិនចង់បានសង្រ្គាមត្រជាក់ថ្មីដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការពិតដែលថា ទាំងលោក Wei និងលោក Austin បានជួបគ្នានៅក្រៅកិច្ចសន្ទនា Shangri-la គឺជាសញ្ញាវិជ្ជមានមួយ ព្រោះនេះមានន័យថា ភាគីទាំងពីរចង់បង្ហាញថា ពួកគេនៅតែសុខចិត្តអង្គុយចុះ ហើយនិយាយគ្នា។
គួរបញ្ជាក់ថា តៃវ៉ាន់ធ្លាប់បានចោទប្រកាន់ចិន ពីបទធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតមុនការបោះឆ្នោតរបស់កោះនេះ ហើយតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតក្នុងស្រុកសំខាន់ៗនៅចុងឆ្នាំនេះ។ សម្រាប់សហរដ្ឋអាមេរិក និងចិន មិនមានឆន្ទៈនយោបាយដើម្បីផ្លាស់ប្តូរជំហររបស់ពួកគេទេសម្រាប់ពេលនេះ៕
តើអ្នកទាំងអស់គ្នាគិតថា សង្គ្រាមចិន-អាមេរិក លើបញ្ហាកោះតៃវ៉ាន់ អាចផ្ទុះឡើងទេ?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ពន្លះ អាមេរិក ចុកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ