ព័ត៌មានជាតិ
គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា
នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ៨ ខែមិថុនា ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីម្តងទៀតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងឌីជីថលរបស់ប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ និងសក្តានុពលនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ក្នុងការពន្លឿន និងពង្រីកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ ភាគីទាំងអស់បានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ការបង្កើនជំនាញឌីជីថល និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍គឺជាមធ្យោបាយដ៏សំខាន់ក្នុងការពង្រឹងចក្ខុវិស័យឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុន Axiata Group Berhad ក៏បានពិភាក្សាលើរបៀបដែលក្រុមហ៊ុនពង្រីកវិសាលភាពឌីជីថលទៅក្នុងសហគមន៍នានាទូទាំងប្រទេសចំនួន ១១ ក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូង ស្របតាមគោលបំណងរបស់ខ្លួនក្នុងការជំរុញសក្ដានុពលក្នុងតំបន់អាស៊ី ខណៈបង្ហាញបំណងប្រាថ្នាដើម្បីប្រើប្រាស់អនុភាពរបស់ខ្លួនក្នុងតំបន់ និងសហការជាមួយក្រសួងក្នុងគោលបំណងផ្លាស់ប្តូរគំនិត ក៏ដូចជាសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលអនាគត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រចាំតំបន់ បានបម្រើសេវាដល់អតិថិជនដែលកំពុងប្រើប្រាស់ទូរសព្ទចល័តចំនួន ១៦៣.១ លាននាក់ និងបានផ្តល់ឱកាសការងារប្រមាណ ៧០០ ០០០ កន្លែងនៅក្នុងតំបន់ផងដែរ។
លើសពីនេះ ក្នុងនាមជាបុត្រសម្ព័ន្ធមួយក្នុងតំបន់របស់ក្រុមហ៊ុន Axiata ការរួមចំណែកចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata ដល់សេដ្ឋកិច្ចកម្ពុជា មានចំនួន ៤១៦ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យ ១,៦ ភាគរយនៃផលិតផលជាតិសរុប (GNP) របស់កម្ពុជា ដែលទឹកប្រាក់ជាង ១០០ លានដុល្លារ បានបង់ចូលកាតព្វកិច្ចពន្ធអាករ ហើយទឹកប្រាក់ ៨០ លានដុល្លារបន្ថែមទៀតត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Axiata Group បានរំលឹកឡើងវិញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍តាមរយៈការវិនិយោគផ្ទាល់ និងកម្មវិធីសង្គម។
ក្រុមហ៊ុន Smart Axiata ចំណាយជាង ១ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅក្នុងវិស័យអប់រំ បរិស្ថាន និងនវានុវត្តន៍បច្ចេកវិទ្យា។ តាមរយៈ មូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីនាំយកកម្មវិធីដែលបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានភាពធន់ ខណៈជួយបំប៉នជំនាញ និងចំណេះដឹងសំខាន់ៗដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។
តាមរយៈ មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) ក្រុមហ៊ុនក៏បានបង់វិភាគទាន២ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនពីសេវាចល័តដល់គម្រោងនានាជាច្រើនរៀងរាល់ឆ្នាំ ដែលជួយជំរុញការពង្រីកនិងធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងគុណភាពនៃបណ្តាញ ។
ក្រុមហ៊ុន Smart Axiata គឺជាអ្នកគាំទ្រដំណើរការប្រព័ន្ធអេកូឌីជីថល និងគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការបង្កើតឌីជីថលកម្ពុជា ដោយក្រុមហ៊ុន Smart គាំទ្រយ៉ាងសកម្ម និងបណ្ដុះបណ្ដាលអាជីវកម្មឌីជីថលទើបបង្កើតថ្មី និងសហគ្រិនបច្ចេកវិទ្យារបស់កម្ពុជា ហើយបន្តពង្រីក និងការអភិវឌ្ឍន៍អ្នកដឹកនាំឌីជីថលដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនឌីជីថលរបស់ប្រទេសកម្ពុជា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នាពេលខាងមុខ។
ជាកិច្ចចុងក្រោយតំណាងក្រុមហ៊ុន Axiata Group និងតំណាងក្រុមហ៊ុន Smart Axiata បានថ្លែងអំណរគុណដល់ក្រសួង ដែលបន្តការគាំទ្រ និងកិច្ចសហការក្នុងគោលបំណងរួមគ្នា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឆ្ពោះទៅមុខ ខណៈលុបបំបាត់គម្លាតឌីជីថល និងបន្តផ្តល់ស្ថិរភាពនៃបណ្ដាញទំនាក់ទំនងសម្រាប់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី ៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ ២០១៧។ នៅពាក់កណ្តាលឆ្នាំ ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី ៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។
ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង៕
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ