ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ ពង្រីកផ្លូវទៅកាន់តំបន់កោះថ្ម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពង្រីកផ្លូវទៅកាន់តំបន់កោះថ្ម ពីព្រោះតំបន់នោះ អាចនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់រោងចក្រ, ឬតំបន់ពាណិជ្ជកម្មផ្សេងៗទៀត នាពេលខាងមុខ។

ការណែនាំនេះ បានធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្តេច បាននិយាយជាមួយនាយករដ្ឋមន្ត្រីវៀតណាមរួចហើយ អំពីបំណងទៅថ្ងៃក្រោយ នឹងអាចបើកជាច្រកទ្វារអន្តរជាតិ នៅពេលសមស្របណាមួយ តែនៅថ្ងៃនេះមិនទាន់អាចប្រកាសបានទេ ដោយសារនូវមានកិច្ចការងារមួយចំនួនទៀត ត្រូវពិភាក្សាគ្នា។សម្តេចថា «ផ្លូវដែលយើងធ្វើមកកោះថ្មនេះ វាមានត្រឹមតែ ៨ម៉ែត្រ សូមឯកឧត្តម ស៊ុន ចាន់ថុល ចាប់ផ្ដើមពង្រីកវាយ៉ាងហោចណាស់ឲ្យប៉ុនផ្លូវជាតិលេខ ៧ តភ្ជាប់មកតំបន់ព្រំដែន។ ព្រោះខ្ញុំជឿថា ថ្ងៃក្រោយតំបន់នេះ នឹងក្លាយជាតំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ច»។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា សម្ដេចបានចេញសេចក្តីសម្រេចតាមការស្នើសុំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រួចហើយដើម្បីបង្កក់ដីនៅទីនោះជាង ១១៧៦ ហិកតា ដើម្បីត្រៀមបម្រុងទុកការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់រោងចក្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា តំបន់នោះ ក៏អាចក្លាយជាតំបន់កែច្នៃផងដែរ ពីព្រោះកសិផល និងវត្ថុធាតុដើមរបស់កម្ពុជា មានច្រើនណាស់នៅតំបន់ឥសាន ដែលតភ្ជាប់ទៅកាន់តំបន់នោះ។ ដូច្នេះសម្តេចស្នើឲ្យពង្រីកផ្លូវនៅតំបន់នោះ នាឆ្នាំ ២០២៣ ឬឆ្នាំ ២០២៤ខាងមុខ។ ការធ្វើដូច្នេះ ក៏ដើម្បីទាក់ទាញអ្នកវិនិយោគទុន បើទោះបីជាពេលនេះ គេមិនទាន់ចាប់អារម្មណ៍។ ប៉ុន្តែថ្ងៃក្រោយគេនឹងចាប់អារម្មណ៍។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង សេវាទូរស័ព្ទ ឬសេវាកម្មផ្សេងៗ ដើម្បីបម្រើដល់សេចក្តីត្រូវការ នៅតំបន់នោះផងដែរ។
ចំណែកបញ្ហាពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ ៥ ខែឆ្នាំនេះ បានឡើងជាង ៥ពាន់លានដុល្លារ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមុនកូវីដ-១៩មកដល់ ប្រទេសទាំងពីរ បានដាក់គោលដៅត្រឹម ៥ពាន់លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែសម្រេចបានរហូតដល់ ៩ពាន់លានដុល្លារ ហើយសង្ឃឹមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងឡើងទៅដល់ជាង ១០ពាន់លានដុល្លារ ប្រសិនបើគ្មានអ្វីប្រែប្រួល៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?