ព័ត៌មានជាតិ
រដ្ឋាភិបាលឥណ្ឌា ជួយបោសសម្អាតមីនភូមិចំនួន ០៤ ក្នុងខេត្តកោះកុង ដើម្បីឲ្យក្លាយជាភូមិអស់មីន
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency រវាង ឯកឧត្តម ស៊ុយ ជីហ៊ាង អគ្គលេខាធិការស្តីទីនៃអាជ្ញាធរមីន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាអនុវត្ត “គម្រោងផ្តល់ផលរហ័ស – ភូមិអស់មីនក្នុងខេត្តកោះកុង” នាថ្ងៃនេះ គឺជាជំហានដ៏រឹងមាំ ដើម្បីចូលរួមនាំឲ្យកម្ពុជាខិតទៅជិតគោលដៅនៃការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ក៏ដូចជាការបង្ហាញមួយទៀត នៃចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងប្រពៃណីដ៏យូរអង្វែងរវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលជិត ២៥០០ឆ្នាំ និងចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះបានផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាព ការអភិវឌ្ឍសមត្ថភាពមន្ត្រីអាជ្ញាធរមីន និងការចូលរួមឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។
ឯកឧត្តម បានបន្តទៀតថា អាជ្ញាធរមីន បាននឹងកំពុងដំណើរការយន្តការភូមិអស់មីន និងកំពុងលុបបំបាត់ការគំរាមកំហែងទាំងអស់នៅក្នុងភូមិជាក់លាក់ ដែលនឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ្នកទទួលផលផ្ទាល់ប៉ុណ្ណោះទេ វានឹងធ្វើឱ្យជីវភាពភូមិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង ដែលថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា នឹងជួយប្រែក្លាយភូមិចំនួន ០៤ ស្ថិតក្នុងខេត្តកោះកុង ទៅជាភូមិអស់មីន ក្នុងចំណោមភូមិចំនួន ២៨ ដែលកំពុងរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា រយៈពេល ៣០ឆ្នាំ ដោយមានការគាំទ្រពីម្ចាស់ជំនួយ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ផ្ទៃដីប្រមាណ ២.៣៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនប្រមាណ ៧.៥ លាននាក់ ព្រមទាំងបានចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤.៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ នាក់ ក្នុងឆ្នាំ ២០២១។ ទោះបីមានកិច្ចខិតខំប្រឹងប្រែងបែបនេះ ប្រជាជនកម្ពុជា ប្រមាណជាង ១ លាននាក់ កំពុងរស់នៅ និងប្រកបមុខរបរលើតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម លើផ្ទៃដី ១.៩៩១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៣៦ គីឡូម៉ែត្រក្រឡា ដែលនឹងត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រការងារបោសសម្អាតមីន។
ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានមានប្រសាសន៍ថា ឯកឧត្តម មានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន លើគម្រោងធ្វើឲ្យភូមិចំនួន ០៤ ក្នុងខេត្តកោះកុង ជាភូមិអស់មីន ដោយនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជិត ៨.000 នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដែលគម្រោងនេះគឺជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានកោតសរសើរចំពោះអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហាមីន ដើម្បីធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឲ្យសម្រេចតាមគោលដៅ ហើយរដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីនកម្ពុជា នៅគ្រប់កម្រិត និងគ្រប់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត Singh ក៏បានលើកឡើងអំពីគម្រោងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយសង្គ្រោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិត ដោយរៀបចំឲ្យមានតំបន់ចំនួនពីរ ក្នុងខេត្តពីរនៃប្រទេសកម្ពុជានៅចុងឆ្នាំនេះ ក្រោមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរមីន ផងដែរ៕
ដោយ ៖ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ