អាជីព
អតីតពលករខ្មែរនៅជប៉ុនម្នាក់ ត្រឡប់មកស្រុកកំណើតវិញ ចាប់យករបរចិញ្ចឹមមាន់ ១ខែរកចំណូលបានជាង ២លានរៀល
អតីតពលករខ្មែរនៅប្រទេសជប៉ុន លោក ស៊ីម ពិសិដ្ឋ បានបោះបង់ចោលការងារជាកម្មករសំណង់ នៅក្នុងប្រទេសជឿន លឿនមួយនេះ ហើយស្រវាងាកមកចាប់យករបរជាអ្នកចិញ្ចឹមមាន់នៅក្នុងស្រុកវិញ ខណៈអាជីពមួយនេះអាចឲ្យលោក ទទួលបានប្រាក់ចំណូលប្រមាណជាង ២លានរៀលក្នុងមួយខែ។
លោក ស៊ីម ពិសិដ្ឋ ដែលជាប្រជាពលរដ្ឋរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ចំណូលខាងលើ គឺជាការទូទាត់ និងប៉ាន់ប្រមាណតែទៅលើការលក់មាន់សាច់តែប៉ុណ្ណោះ។ ចំណែកឯចំណូលដែលបានពីការលក់កូនមាន់ និងស៊ុតមាន់ រួមទាំងមាន់មេបាផងនោះ មិនត្រូវបានរាប់បញ្ចូលទេ។ កសិករវ័យក្មេងរូបនេះ បន្តថា លោកចេះវីធីចិញ្ចឹមមាន់ ប្រកបដោយប្រសិទ្ធផលបែបនេះ ពីសំណាក់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ដែលបានចុះមកបណ្ដុះបណ្ដាលដល់មូលដ្ឋាន រួមជាមួយនឹងការអនុវត្តផ្ទាល់ និងការរៀនបន្ថែម តាមរយៈបណ្ដាញសង្គមយូធួបផងដែរ។
អតីតពលកររូបនេះ បញ្ជាក់ទៀតថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានចិញ្ចឹមមាន់សាច់ចំនួន ៣ប្រភេទ ដែលសុទ្ធសឹងតែជាពូជមាន់ខ្មែរ ដែលមានដូចជា៖ មាន់ស្គួយ មាន់ត្រសក់ និងមាន់សំពៅ ដែលជាពូជមាន់មានតម្រូវការទីផ្សារខ្ពស់។ លោកបន្ថែមថា មាន់ដែលមានតម្រូវការទីផ្សារ គឺជាមាន់ដែលមានសាច់ពណ៌លឿង និងមានរោមជិតល្អ ខណៈដែលការចិញ្ចឹមមាន់ទាំងនេះវិញ មានលក្ខណៈធម្មតាដូចមាន់ទូទៅ ដែលស្ថិតនៅតាមផ្ទះរបស់កសិករដែរ។
ទាក់ទងនឹងការផលិត និងឲ្យចំណីមាន់វិញ លោក ស៊ីម ពិសិដ្ឋ បញ្ជាក់ថា កសិករត្រូវប្រមូលសមាសធាតុ ៤ក្រុមដែលមានដូចជា៖ សារធាតុប្រូតេអ៊ីន សារធាតុរ៉ែ សារធាតុវីតាមីន និងសារធាតុថាមពល មកលាយបញ្ចូលគ្នាទៅតាមរូបមន្តមួយចំនួនជាក់លាក់ ខណៈរូបមន្តទាំងនោះ មាននៅលើសំបកបាវចំណី ដែលដាក់លក់នៅលើទីផ្សារស្រាប់។ ជាងនេះទៅទៀត ការលាយវត្ថុធាតុផ្សំ ដែលជាចំណីមាន់បានត្រឹមត្រូវ នាំឲ្យមាន់មានសុខភាពល្អ និងឆាប់ធំជាងការដែលកសិករឲ្យចំណីដល់មាន់ ដោយប្រើវត្ថុធាតុផ្សំតែមួយមុខដូចជា៖ ស្រូវ ឬកន្ទក់ជាដើម។
កសិករនៅឃុំប៊ូស្រារូបនេះ បញ្ជាក់បន្ថែមថា កសិដ្ឋានរបស់លោកផ្ដោតជាសំខាន់ ទៅលើការផ្គត់ផ្គង់មាន់សាច់ ដែលជាទូទៅមានតម្រូវការខ្ពស់នៅលើទីផ្សារ។ ចំពោះការទទួលផលពីការចិញ្ចឹមមាន់វិញ លោកពិសិដ្ឋ អះអាងថា មាន ៤ដំណាក់កាលសំខាន់ៗ ដែលត្រូវប្រមូលគឺ ទីមួយទាក់ទងនឹងការលក់ស៊ុតមាន់ ដែលជាទូទៅតម្លៃមួយគ្រាប់ចាប់ពី ១,២០០ទៅ ១,៣០០រៀល។ ដោយឡែក ការលក់កូនមាន់វិញមានតម្លៃ ៤,០០០ ឬ ៥,០០០រៀល ក្នុងមួយក្បាល ចំពោះកូនដែលមានអាយុ ២សប្ដាហ៍។
រីឯការលក់មាន់សាច់វិញ លោកថា អាចលក់បាននៅពេលមាន់មានអាយុ ៣ខែទៅ ៣ខែកន្លះ និងមានទម្ងន់ចាប់ពី ១គីឡូ ២ខាំ ឬ ៣ខាំ ចំពោះករណីដែលការចិញ្ចឹមមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ចំពោះការលក់មាន់ពូជ ឬមាន់មេបា គឺអាចលក់បាននៅពេលមាន់ មានអាយុ ៥ខែ ទៅ ៦ខែ រហូតដល់មាន់មានអាយុ ២ឆ្នាំ ខណៈតម្លៃអាស្រ័យលើភាពជាក់ស្ដែងនៃគុណភាពមាន់។
ចំពោះទីផ្សារ ដែលទទួលទិញមាន់របស់កសិករនៅឃុំប៊ូស្រានេះវិញ គឺមានពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា ត្បិតក្រៅតែពីធ្វើទីផ្សារនៅក្នុងមូលដ្ឋានដែលលោករស់នៅ លោកក៏បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីរបៀបចិញ្ចឹម ការថែទាំ និងលទ្ធភាពនៅក្នុងការផ្គត់ផ្គង់មាន់គ្រប់ទម្រង់នៅលើបណ្ដាញសង្គម ដែលជាហេតុធ្វើឲ្យលោកមានអតិថិជនជាប់មិនដាច់។ ងាកទៅតម្លៃមាន់សាច់ ដែលលោកពិសិដ្ឋលក់ចេញវិញ គឺក្នុង ១គីឡូតម្លៃ ២០,០០០រៀល ឯណោះ។
ទោះជាយ៉ាងនេះក្ដី កសិករនៅខេត្តមណ្ឌលគិរីរូបនេះ លើកទឹកចិត្តឲ្យកសិករខ្មែរធ្វើទំនើបកម្មនៅក្នុងការចិញ្ចឹមមាន់ ដើម្បីបញ្ចៀសការខាតបង់ដោយសារតែកង្វះបច្ចេកទេស និងការថែទាំហើយបើកចិត្តទូលាយ នៅក្នុងការទទួលយកគំនិតថ្មីៗ ដែលផ្ដល់ដោយយុវជនជំនាញ។ លោកក៏ស្នើសុំរាជរដ្ឋាភិបាល ជួយយកចិត្តទុកដាក់បន្ថែម ក្នុងការស្វែងរកទីផ្សារ និងលើកទឹកចិត្ត ឬជ្រោមជ្រែងដល់យុវជនគំរូ ឬបុគ្គលដែលមានចំណេះដឹង និងអ្នកដែលចង់ធ្វើការចែករំលែកចំណេះជំនាញ ដែលខ្លួនមានទាក់ទងនឹងវិស័យកសិកម្ម ទៅកាន់ពលរដ្ឋផ្សេងទៀត៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ