នយោបាយ
លោក ប្រាក់ សុខុន ស្នើឲ្យរដ្ឋអំណាចភូមា បញ្ជូនលោកស្រីអោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានសរសេរលិខិតមួយទៅកាន់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)នៃប្រទេសមីយ៉ាន់ម៉ា ដោយទទូចឲ្យបញ្ជូនលោកស្រីអោងសាន ស៊ូជី ចេញពីពន្ធនាគារទៅកាន់លំនៅដ្ឋានរបស់លោកស្រីវិញ។ ការសរសេរលិខិតស្នើសុំនេះ ទើបត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ចេញឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះ។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើទៅលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាថា៖ «ខ្ញុំមិនមានមន្ទិលសង្ស័យទេថា ក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថា មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។
ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានទទួចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ។
ការស្នើសុំរបស់ប្រមុខការទូតកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនបានសម្រេចបញ្ជូនលោកស្រី អោនសាន ស៊ូជី ទៅឃុំខ្លួននៅក្នុងបន្ទប់ដាច់តែម្នាក់ឯងនៅពន្ធនាគារ ក្នុងរដ្ឋណៃពីដោ។ អ្នកនាំពាក្យរបស់របបសឹកមីយ៉ាន់ម៉ាបានអះអាងថា ការសម្រេចនេះ គឺធ្វើឡើងដោយយោងទៅលើច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសមីយ៉ាន់ម៉ា។
ចំពោះបញ្ហានេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ»។ អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ។ សម្រាប់លោក ប្រាក់ សុខុន ដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា លោកស្រី អោនសាន ស៊ូជី ត្រូវបានរបបសឹកមីយ៉ាន់ម៉ាចាប់ឃុំខ្លួន បន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីកាលពីខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់មក បាតុកម្មដោយហិង្សានៅក្នុងប្រទេស និងការថ្កោលទោសពីសហគមន៍អន្តរជាតិបានកើតឡើងជាបន្តបន្ទាប់។ ក្នុងពេលកំពុងត្រូវបានឃុំខ្លួននៅក្នុងកន្លែងដ៏សំងាត់ តុលាការនៃរបបសឹកមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រីជាច្រើនបទល្មើស មានជាអាទិ៍ បទរំលោភច្បាប់ស្តីពីការសម្ងាត់រដ្ឋ រំលោភច្បាប់បោះឆ្នោត ពុករលួយ និងញុះញង់ឲ្យមានការប្រឆាំងថ្នាក់ដឹកនាំជាដើម។ ជាមួយបទល្មើសទាំងនេះ តុលាការ បានកាត់ទោសលោកស្រីអោនសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេលដល់ទៅ១១ឆ្នាំឯណោះ៕
ដោយ៖ វណ្ណ សុគន្ធា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន