អត្ថាធិប្បាយ
តើអង្គការ OPEC អាចជួយដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈបានដែរឬទេ?
ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនមក បញ្ហាវិបត្តិប្រេងឡើងថ្លៃចាប់ផ្ដើមកើតមានឡើង ពិសេស រាប់ចាប់តាំងពីខែមេសារហូតមក។ កាលពីពេលថ្មីៗនេះ អាមេរិកបានអំពាវនាវដល់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន រួមទាំង អង្គការប្រទេសនាំចេញប្រេងដ៏ធំសម្បើមគឺ OPEC ឲ្យបង្កើនទិន្នផលផលិតរបស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហានេះ។ តើអង្គការប្រទេសនាំចេញប្រេង OPEC គឺជាអ្វី ទើបមានការអំពាវនាវពីសហរដ្ឋអាមេរិកបែបនេះ?
OPEC មានពាក្យពេញជាភាសាអង់គ្លេសថា The Organization of the Petroleum Exporting Countries គឺជាអង្គការអន្តររដ្ឋាភិបាលអចិន្ត្រៃយ៍នៃប្រទេសនាំចេញប្រេងកាតដ៏ធំបំផុតនៅក្នុងបណ្តាចំណោមអង្គការពាណិជ្ជកម្មអន្តរជាតិទូទាំងពិភពលោក ។ OPEC បានក្លាយជាអង្គការសំខាន់មួយដ៏មានឥទ្ធិពល និងសក្ដានុពលដែលមិនស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ប្រទេសមហាអំណាចលោកខាងលិច។ អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងសន្និសីទទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី១០ ដល់១៤ ខែកញ្ញា ឆ្នាំ១៩៦០ ដោយប្រទេសស្ថាបនិកចំនួន ៥ កាន់សាសនាឥស្លាម មានដូចជា ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត អារ៉ាប់ប៊ី សាអូឌីត និងប្រទេសវេណេស៊ុយអេឡា។
ប្រវត្តិនៃការកកើតOPEC
OPEC ត្រូវបានបង្កើតឡើងក្នុងសម័យអន្តរកាលនៃទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ពោល គឺក្នុងអំឡុងពេលដែលមានប្រទេសជាច្រើនទើបតែទទួលបានឯករាជ្យ និងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍។ ដោយមើលឃើញថា ទីផ្សារប្រេងឆៅអន្តរជាតិ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិសាសន៍ទាំង៧ដែលជាប្រទេសធំៗបានដាច់ចេញពីសហភាពសូវៀត ព្រមទាំង ប្រទេសដែលអនុវត្តសេដ្ឋកិច្ចផែនការដទៃទៀត អង្គការ OPEC បានអភិវឌ្ឍទស្សនវិស័យរួមរបស់ខ្លួនដោយមានគោលដៅច្បាស់លាស់ ព្រមទាំងបានបង្កើតលេខាធិការដ្ឋានដំបូងនៅទីក្រុងហ្សឺណែវ ហើយបានផ្លាស់មកនៅទីក្រុងវីយែនវិញក្នុងឆ្នាំ១៩៦៥។ OPEC បានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយប្រេងឆៅនៅក្នុងបណ្ដាប្រទេសសមាជិកក្នុងឆ្នាំ១៩៦៨ ដោយសង្កត់ទៅលើសិទ្ធិផ្ដាច់មុខនៃប្រទេសទាំងអស់ក្នុងការអនុវត្តសិទ្ធិអធិបតេយ្យទៅលើធនធានធម្មជាតិរបស់ពួកគេ ដើម្បីជាផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។
បច្ចុប្បន្ន អង្គការនាំចេញប្រេង OPEC មានសមាជិកចំនួន១៣ រួមមាន សមាជិក៥ប្រទេសដែលជាស្ថាបនិកដំបូងនៅឆ្នាំ១៩៦០ ប្រទេសលីប៊ីបានចូលជាសមាជិកនៅឆ្នាំ១៩៦២ ប្រទេសអារ៉ាប់រួម បានចូលជាសមាជិកនៅឆ្នាំ១៩៦៧។ ប្រទេសអាល់ហ្សេរី បានចូលជាសមាជិកនៅឆ្នាំ១៩៦៩ ប្រទេសនីហ្សេរីយ៉ា បានចូលជាសមាជិកនៅឆ្នាំ១៩៧១ ប្រទេសហ្កាបុងបានចូលជាសមាជិកលើកទី១នៅឆ្នាំ១៩៧៥ ប៉ុន្តែក៏បានចាកចេញវិញនៅឆ្នាំ១៩៩៥ និងបានចូលជាសមាជិកជាលើកទី២នៅឆ្នាំ២០១៦ បន្តរហូតមកដល់បច្ចុប្បន្ន។ ប្រទេសអង់ហ្គោឡា បានចូលជាសមាជិកនៅឆ្នាំ២០០៧ ប្រទេសហ្គីណេបានចូលជាសមាជិកនៅឆ្នាំ២០១៧ រីឯសាធារណរដ្ឋកុងហ្គោ បានចូលជាសមាជិកនៅឆ្នាំ២០១៨។
ក្រៅពីនេះ នៅមានសមាជិកដែលធ្លាប់ចាកចេញចំនួន៣ប្រទេសទៀត រួមមាន ប្រទេសអេក្វាទ័រ ធ្លាប់បានចូលជាសមាជិកលើកទី១នៅឆ្នាំ១៩៧៣-១៩៩២ និងបានចូលជាសមាជិកលើកទី២នៅឆ្នាំ២០០៧ តែដល់ឆ្នាំ២០២០ ប្រទេសនេះក៏បានចាកចេញពីសមាជិកភាពអង្គការ OPEC ម្ដងទៀត។ ប្រទេសឥណ្ឌូណេស៊ី ធ្លាប់បានចូលសមាជិកលើកទី១នៅឆ្នាំ១៩៦២-២០០៨ និងបានចូលសមាជិកជាលើកទី២នៅខែមករា ឆ្នាំ២០១៦ តែក៏បានចាកចេញទៅវិញនៅខែវិច្ឆិកា ឆ្នាំ២០១៦ ដដែល។ ប្រទេសកាតា ធ្លាប់បានចូលជាសមាជិកនៅឆ្នាំ១៩៦១ ប៉ុន្តែក៏បានចាកចេញទៅវិញនៅឆ្នាំ២០១៩។
គោលបំណងនៃការបង្កើតអង្គការ OPEC
យោងតាមមាត្រា២ នៃលក្ខន្តិកៈរបស់OPEC គឺអង្គការនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង៣គឺ៖
១. ធានាឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានស្ថិរភាព រួមជាមួយនឹងទស្សនវិស័យក្នុងការកាត់បន្ថយ ការប្រែប្រួលដែលធ្វើឱ្យមានផលប៉ះពាល់ និងភាពមិនចាំបាច់នៃការប្រែប្រួលតម្លៃ
២. ធានាឱ្យមានស្ថិរភាពប្រាក់ចំណូលដល់ប្រទេសផលិតប្រេង ដោយរក្សាបាននូវប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងនិរន្តរភាពនៃការផ្គត់ផ្គង់ដល់ប្រទេសអ្នកប្រើប្រាស់
៣. ធានាឱ្យបាននូវសមធម៌នៃចំណូលមូលធនដល់ប្រទេសដែលបានវិនិយោគទៅលើឧស្សាហកម្មប្រេងកាត។
រចនាសម្ព័ន្ធដឹកនាំ
យោងលើលក្ខន្តិកៈរបស់ OPEC គឺសមាជិកទាំងអស់ត្រូវបែងចែកជាប៣ប្រភេទ គឺទី១. សមាជិក ស្ថាបនិក សំដៅដល់គ្រប់ប្រទេសទាំងអស់ដែលមានវត្តមាននៅក្នុងសន្និសីទលើកទីមួយនៅទីក្រុងបាដាដ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើមនៃការបង្កើតអង្គការនេះឡើង។ ទី២. សមាជិកពេញសិទ្ធិ សំដៅដល់ប្រទេសស្ថាបនិក និងប្រទេសដែលមានសមាជិកភាពត្រូវបានអនុម័តទទួលស្គាល់ដោយសន្និសីទ។ រីឯ ទី៣. គឺសមាជិកមិនពេញសិទ្ធិ ជាប្រទេសដែលមិនមានអត្ថប្រយោជន៍ចម្បង និងគោលដៅស្រដៀងគ្នានឹងប្រទេសដែលជាសមាជិកនៃអង្គការ។
រចនាសម្ព័ន្ធរបស់ OPEC មានអង្គការចាត់តាំង៣សំខាន់គឺ ៖
១/ សន្និសីទOPEC គឺជាអាជ្ញាធរកំពូលរបស់អង្គការ ដែលមានការចូលរួមពីប្រតិភូតំណាងប្រទេសជា សមាជិកនីមួយៗ។ ប្រទេសនីមួយៗ អាចចាត់តាំងប្រតិភូតំណាងរបស់ខ្លួនចាប់ពីមួយរូបឡើងទៅ ប៉ុន្តែត្រូវមានការចាត់តាំងវរជនម្នាក់ជាប្រធានគណៈប្រតិភូនោះ។ ប្រតិភូភាគច្រើនមានសមាសភាព ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលប្រចាំប្រទេសនីមួយៗ។ ប្រទេសជាសមាជិកទាំងអស់ត្រូវតែមានវត្តមាននៅរាល់សន្និសីទរបស់អង្គការ ដោយត្រូវមានកូរ៉ុម បីភាគបួន នៃចំនួនប្រទេសជាសមាជិក។ ប្រទេសជាសមាជិកនីមួយៗមានសំឡេងឆ្នោតមួយសំឡេងស្មើគ្នា ដែលរាល់សេចក្ដីសម្រេចនៃសន្និសីទត្រូវតែមានការសម្រេចជាឯកច្ឆន្ទ លើកលែងតែមានការសម្រេចពីនីតិវិធី។ សេចក្ដីសម្រេចរបស់សន្និសីទមានអនុភាពអនុវត្ត៣០ថ្ងៃ បន្ទាប់ពីការប្រជុំបូកសរុប ឬបន្ទាប់ពីមានការកំណត់ជាក់លាក់នូវកាលបរិច្ឆេទពីសន្និសីទ។ ប្រទេសដែលមិនមែនជាសមាជិក ក៏អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ។
សន្និសីទត្រូវប្រព្រឹត្តទៅចំនួន២ដងក្នុងមួយឆ្នាំ ក្នុងខែមីនា និងខែកញ្ញា ចំណែក កិច្ចប្រជុំវិសាមញ្ញត្រូវធ្វើឡើងតាមការស្នើសុំពីប្រទេសជាសមាជិកណាមួយតាមរយៈអគ្គលេខាធិការ បន្ទាប់ពីមានការពិភាក្សាពិគ្រោះជាមួយប្រធាន និងមានការយល់ព្រមពីមតិភាគច្រើនពីប្រទេសជាសមាជិក។ នៅក្នុងសន្និសីទត្រូវមានការជ្រើសរើសប្រធាន និងអនុប្រធាននៅក្នុងសម័យប្រជុំលើកដំបូង។ អនុប្រធានត្រូវបំពេញភារកិច្ចជំនួសប្រធានពេលប្រធានអវត្តមាន ឬនៅពេលដែលមិនអាចបំពេញ ភារកិច្ចបាន។
២/ គណៈអភិបាល ត្រូវបានជ្រើសតាំងពីប្រទេសជាសមាជិក និងមានការយល់ព្រមពីសន្និសីទ។ អភិបាលមួយរូបៗមានអាណត្តិពីរឆ្នាំ និងមានសំឡេងឆ្នោតមួយសំឡេងស្មើគ្នា។ សេចក្តីសម្រេចតាមមតិភាគច្រើន ត្រូវបានយកមកអនុវត្តសម្រាប់ការធ្វើសេចក្ដីសម្រេចរបស់គណៈអភិបាល។ គណៈអភិបាលត្រូវ ជួបប្រជុំយ៉ាងតិចពីរដង ក្នុងមួយឆ្នាំ។ កិច្ចប្រជុំវិសាមញ្ញនៃគណៈអភិបាលត្រូវធ្វើឡើងតាមសេចក្ដីស្នើសុំពីប្រធាននៃគណៈអភិបាល អគ្គលេខាធិការ ឬសមាជិកអភិបាលចំនួនពីរភាគបី នៃសមាជិកអភិបាលទាំងអស់។
៣/ លេខាធិការដ្ឋាន ដឹកនាំការងារប្រតិបត្តិតាមបទប្បញ្ញត្តិដែលមានចែងក្នុងធម្មនុញ្ញក្រោមការដឹកនាំដោយគណៈអភិបាល។ លេខាធិការដ្ឋាន រួមមាន អគ្គលេខាធិការ និងក្រុមមន្ត្រីមួយចំនួនតាមការចាំបាច់ដែលបំពេញការងារនៅទីស្នាក់ការកណ្ដាលនៃអង្គការ។ លេខាធិការដ្ឋានជាតំណាងស្របច្បាប់របស់អង្គការ និងជាមន្រ្តីដឹកនាំលេខាធិការដ្ឋានដែលមានអំណាច ដឹកនាំកិច្ចការទូទៅរបស់អង្គការស្របតាមការដឹកនាំរបស់គណៈអភិបាល។ អគ្គលេខាធិការមានអាណត្តិបីឆ្នាំ អាណត្តិនេះអាចបន្តសារជាថ្មីឡើងវិញម្ដងទៀត។
លក្ខខណ្ឌរបស់សមាជិក និងការចូលជាសមាជិក
- • សមាជិកស្ថាបនិកនៃអង្គការ OPEC គឺជាប្រទេសដែលបានចូលរួមក្នុងសន្និសីទលើកទីមួយ នៅទីក្រុង បាដាដ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើមនៃការបង្កើតអង្គការ។
- ប្រទេសដទៃផ្សេងទៀតដែលជាប្រទេសអ្នកនាំចេញប្រេង ហើយដែលមានចំណាប់អារម្មណ៍ប្រហាក់ប្រហែលនឹងសមាជិករបស់អង្គការ អាចក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការ ប្រសិនជាមានការយល់ព្រមសំឡេងភាគច្រើន ពីរភាគបី នៃចំនួនសមាជិកទាំងអស់។
- ប្រទេសនាំចេញប្រេងណាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌខាងលើ អាចត្រូវចាត់ទុកជា សមាជិកមិនពេញសិទ្ធិតាមការសម្រេចក្នុងលក្ខខណ្ឌពិសេសនៃសន្និសីទនិងមានការយល់ព្រមសំឡេងភាគច្រើនពីរភាគបី។
- សមាជិកពាក់ព័ន្ធអាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទកិច្ចប្រជុំគណៈអភិបាល ឬកិច្ចប្រជុំពិភាក្សាដោយមិន មានសិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។ ប៉ុន្តែពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានប្រយោជន៍ចេញពីលេខាធិការដ្ឋានផងដែរ។
- ប្រទេសជាសមាជិកមិនត្រូវបានដកសមាជិកភាពរបស់ខ្លួនឡើយ ប្រសិនបើមិនមានផ្តល់ការជូនដំណឹងទៅកិច្ចប្រជុំ កំពូលនោះទេ។ ការជូនដំណឹងនេះនឹងមានសុពលភាពនៅដើមឆ្នាំក្រោយ បន្ទាប់ពីថ្ងៃដែលសន្និសីទបានទទួលការ ជូនដំណឹងត្រឡប់ទៅវិញ ហើយប្រទេសជាសមាជិកនោះបានបំពេញនូវកាតព្វកិច្ចហិរញ្ញប្បទានរួចជាស្រេច។
- ក្នុងករណីដែលប្រទេសបានព្យួរសមាជិកភាពរបស់ខ្លួន តែមានបំណងចង់សុំចូលជាសមាជិកឡើងវិញគឺអនុវត្តដូច សមាជិកថ្មីដែរ។
ប្រភពចំណូលថវិកា
ថវិការបស់អង្គការត្រូវរៀបចំជារៀងរាល់ឆ្នាំ នៅក្នុងសន្និសីទ។ នៅក្នុងសន្និសីទ សម្រាប់ការទទួលយក សមាជិក ត្រូវតែមានការស្នើឱ្យប្រទេសជាសមាជិកនោះធ្វើការបង់វិភាគទានប្រចាំឆ្នាំដែលចាត់ទុកជាវិភាគទានសម្រាប់ដំណើរការអង្គការ។ ការបែងចែកចំណែកនៃថវិកាត្រូវបែងចែកស្មើគ្នារវាងប្រទេសជាសមាជិកទាំងអស់ បន្ទាប់ពីមានការគិតគូររួចរាល់ពីការចូលរួមបង់របស់សមាជិកមិនពេញសិទ្ធិ។ ប្រទេសជាសមាជិកត្រូវទទួលរ៉ាប់រងនូវរាល់ការចំណាយសម្រាប់ប្រតិភូតំណាងរបស់ខ្លួន និងក្រុមការងារទៅចូលរួមក្នុងសន្និសីទ និងកិច្ចប្រជុំពិភាក្សា។ អង្គការ ត្រូវធានារ៉ាប់រងនូវរាល់ការចំណាយថ្លៃធ្វើដំណើរ និងប្រាក់ឧបត្ថម្ភដល់អភិបាលដែលចូលរួមក្នុងកិច្ចប្រជុំគណៈអភិបាល។
ចំពោះការកំណត់ទៅលើរូបិយវត្ថុក្នុងការទិញប្រេងវិញ គឺអង្គការមួយនេះបានកំណត់អាស្រ័យនឹងការប្រែប្រួលនៃជញ្ជីងពាណិជ្ជកម្ម និងការជួញដូររវាងប្រទេសជាសមាជិករបស់ OPEC ទៅនឹងពិភពលោកទាំងមូល។ ដំបូងឡើយប្រើមាស បន្ទាប់មកប្រើដុល្លារអាមេរិក និងចុងក្រោយអាចប្តូរទៅជាប្រាក់អឺរ៉ូ។ ជាក់ស្ដែងមុនឆ្នាំ១៩៧១ រូបិយវត្ថុដើម្បីប្ដូរយកប្រេង គឺមាស។ បន្ទាប់មកចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧១មក គឺដុល្លារអាមេរិក រហូតដល់ខែវិច្ឆិកា ឆ្នាំ២០០០ ប្រទេសអ៊ីរ៉ាក់ជាប្រទេសសមាជិកដំបូងបង្អស់ដែលបានផ្លាស់ប្ដូរការលក់ប្រេងពីប្រាក់ដុល្លារអាមេរិកមកជាប្រាក់អឺរ៉ូវិញ។ ការផ្លាស់ប្ដូរនេះ ដោយសារមូលហេតុនៃបរិមាណនាំចូលប្រេងទៅកាន់សហរដ្ឋអាមេរិកតិចជាងនាំចូលទៅអឺរ៉ុប។
លក្ខខណៈពិសេសដែលប្រទេសនានា និងពិភពលោកមិនអាចមើលរំលងOPECបាន
លក្ខខណៈពិសេសរបស់OPEC ត្រូវបានស្ដែងចេញទៅកាន់មជ្ឈដ្ឋានពីរសំខាន់ៗ គឺមួយចំពោះប្រទេសជាសមាជិក និងមួយទៀតចំពោះពិភពលោក។ ទីមួយ ចំពោះប្រទេសជាសមាជិកមានដូចជា៖
- សមាជិករបស់ OPEC អាចទទួលបានអត្ថប្រយោជន៍ក្នុងរូបភាពពីរយ៉ាង គឺមួយជាលក្ខណៈសេដ្ឋកិច្ចនិងមួយទៀតជាលក្ខណៈនយោបាយ។
- នៅក្នុងបណ្ដាចំណោមអង្គការពាណិជ្ជកម្មអន្តរជាតិទូទាំងពិភពលោក OPEC បានក្លាយជាអង្គការសំខាន់មួយដ៏មានឥទ្ធិពល និងសក្ដានុពលដែលមិនស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ ប្រទេសមហាអំណាចភាគខាងលិច និងក៏ជាឧទាហរណ៍គំរូមួយដែលអាចបង្ហាញពីភាពសហការគ្នាបានយ៉ាងល្អរវាងសមាជិកផងដែរ។
- គោលបំណងជាចម្បងរបស់ OPEC គឺធ្វើការរក្សាស្ថានភាពតម្លៃប្រេងឲ្យនៅថេរសម្រាប់ប្រទេសដែលជាសមាជិកនីមួយៗតាមរយៈមធ្យោបាយនៃការកំណត់ចំនួនកូតា។
ទីពីរ ចំពោះពិភពលោកទាំងមូលវិញយើងឃើញថា៖
- OPEC បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាបាននូវទីផ្សារប្រេងដែលមានស្ថិរភាព សុវត្ថិភាព និងការប្រកួតប្រជែងដោយស្មើភាព។
- OPEC បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចៀសនូវវិបត្តិនានា ដែលជាប់ពាក់ព័ន្ធនឹងវិស័យប្រេងដូចជាករណីដែលបរិមាណប្រេងសម្រាប់ផ្គត់ផ្គង់មានមិនគ្រប់គ្រាន់ ការធ្លាក់ចុះ ឬក៏ឡើងថ្លៃហួសហេតុនៃតម្លៃប្រេងពិភពលោក និងផលប៉ះពាល់លើបរិស្ថានដែលបណ្ដាលមកពីការប្រើប្រាស់ប្រេងឥន្ធនៈ។
- នៅពេលមានវិបត្តិប្រេងឡើងថ្លៃ OPEC អាចស្នើសុំការកាត់បន្ថយអត្រាពន្ធលើផលិតផលប្រើប្រាស់ ប្រចាំថ្ងៃរួមមានប្រេងសាំងជាដើម ដើម្បីឲ្យប្រជាជនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញយកមកប្រើប្រាស់៕
អត្ថបទដោយ៖ សេម វាសនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ