សេដ្ឋកិច្ច
រាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ
បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ក្នុងខេត្តមណ្ឌលគិរី មានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែងនៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុកជាតំបន់ព្រៃត្រូពិកចុងក្រោយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានបង្ហាញអំពីបំណងប្រាថ្នាសំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥)។
លោករំពឹងថា ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តទៀតថា ភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។
លើសពីនេះទៀត លោក ថោង ខុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាចាប់យកកាលានុវត្តភាពរបស់ខេត្តមណ្ឌលគិរី ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា ទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញ។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ខេត្តមណ្ឌលគិរីត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។
ការដាក់ចេញផែនការមេសម្រាប់ខេត្តមណ្ឌលគិរីនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ