វប្បធម៌ ជំនឿ
មកដឹង ទំនាក់ទំនងស្នេហាមុនរៀបការ របស់ ជនជាតិដើមភាគតិច គ្រឹង ខេត្តរតនគិរី
មនុស្ស សត្វ សូម្បីតែរុក្ខជាតិ ក៏មានគូស្នេហា បង្កើតពូជពង្ស តាមក្រិតក្រមធម្មជាតិ សភាវៈ និងទំនៀមទម្លាប់ ច្បាប់សង្គមនីមួយៗ។ យ៉ាងណាមិញ បងប្អូនជនជាតិដើមភាគតិច គ្រឹង រស់នៅភូមិតងណងឡិៈ ឃុំអូរជុំ ស្រុកអូជុំ ខេត្តរតនគិរី ក៏មានប្រពៃណីច្បាប់ទម្លាប់របស់ខ្លួនផងដែរ ក្នុងការរស់នៅ និងបង្កើតចំណងស្នេហា និងគ្រួសារនេះ។
លោក ឆាយ សាវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលកូនប្រុសចូលវ័យពេញកំលោះហើយ ពួកគេដែលជាកំលោះក្នុងភូមិ ត្រូវនាំគ្នាសងផ្ទះសម្រាប់ដេកមួយហៅថា “ផ្ទះកូនកំលោះ” ឬភាសាគ្រឹងថា “អំហ្ពើក”។
លោក ឆាយ សាវុធ បានឱ្យដឹងបន្ថែមថា៖ “ផ្ទះនោះធ្វើពីឈើលាយឫស្សី ដំបូលមានរាងក្រពើហា ប្រក់ស្លឹកយខាន់ម៉ា ទទឹង ២ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ និងកម្ពស់ ១,៥ ម៉ែត្រ នៅជិតផ្ទះឪពុកម្ដាយ និងសង់ផ្ទះមួយទៀតតំណាងឱ្យកូនកំលោះនៅកណ្ដាលភូមិ ធ្វើពីឈើលាយឫស្សី ដំបូលប្រក់ស្លឹកខាន់ម៉ា ដែលមានទំហំទទឺង ១,៧ ម៉ែត្រ បណ្តោយ ២ ម៉ែត្រ មានកម្ពស់ ៥ ម៉ែត្រ និងដំបូលរាងមូលប្រក់ស្លឹកខាន់ម៉ា”។
ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ខាងលើ បានឱ្យដឹងបន្តថា ចំណែកខាងកូនស្រី ពេលណាពេញវ័យក្រមុំហើយ ឪពុកម្តាយសង់ផ្ទះសម្រាប់ដេកឱ្យមួយ ហៅថា “ផ្ទះកូនក្រមុំ” ភាសាគ្រឹងថា “ណាំហាំម៉ែក” នៅជិតផ្ទះឪពុកម្តាយ ធ្វើពីឈើលាយដើមឫស្សី ដំបូលមានរាងស្រួចប្រក់ស្លឹកខាន់ម៉ា មានទទឹង ១,៧ ម៉ែត្រ បណ្ដោយ ២ ម៉ែត្រ និងមានកម្ពស់ ប្រហែល ១,២ ម៉ែត្រ។
ចំពោះ ទំនាក់ទំនងស្នេហាមុនរៀបការ លោក ថុល យុពង្ស ជាប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមត៌កវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា កំលោះ ក្រមុំ ជនជាតិដើមភាគតិច គ្រឹង ចាប់ផ្ដើមទាក់ទងគ្នាដំបូង តាមរយៈពេលមានពិធីសែនព្រេន ផឹកស្រាពាង ជួបជុំសាច់ញាតិនៅក្នុងភូមិម្ដងម្កាល ដែលជាឱកាសមួយធ្វើឱ្យពួកគេបាននិយាយផ្តោះផ្តងស្នេហារវាងគ្នា និងគ្នា។
លោក ថុល យុពង្ស បានឱ្យដឹងបន្ថែមថា៖ “ពេលណាពួកគេនិយាយត្រូវដងត្រូវផ្លែគ្នាហើយ ខាងប្រុសក៏លួចទៅដេកលេងនៅផ្ទះខាងស្រី (ផ្ទះកូនក្រមុំ) រាល់យប់ ក៏ប៉ុន្តពួកគេមិនហានធ្វើអ្វីផ្ដេសផ្ដាស់ដោយរំលងពីប្រពៃណីរបស់ពួកគេឡើយ។ ពេលណាឪពុកខាងកូនស្រីដឹងរឿង ក៏រកមេអណ្តើកម្នាក់ ទៅសួរសាម៉ីខ្លួនខាងប្រុស តើអ្នកឯងមកដេកផ្ទះកូនគេ ក្នុងបំណងអ្វីដែរ? បើសិន កូនប្រុសនោះឆ្លើយថា មកដេកលេងធម្មតាជាលក្ខណៈកំលោះ ក្រមុំទេ ពេលនោះឪពុកខាងស្រីធ្វើការហាមមិន ឱ្យមកដេកនៅផ្ទះកូនស្រីគាត់ទៀពទេ”។
លោក សាមៀន ចាម៉ាក់ ចាស់ទុំ ក្នុងភូមិ និងជាមេអណ្ដើក បានឱ្យដឹងថា តាមលក្ខខណ្ឌប្រពៃណី គឺឪពុកកូនស្រីត្រូវពឹងមេអណ្ដើកទៅដាក់លក្ខខណ្ឌជាមួយកូនប្រុសផ្ទាល់ មិនឱ្យមកដេកលេងជាមួយកូនស្រីគាត់ទៀត បើមិនដូច្នោះ ខាងស្រី និងផាកពិន័យតាមប្រពៃណីដូចជា ចាប់បង្ខំឱ្យរៀបការតែម្ដង ឬផាកជា៖ ក្របី ១ ក្បាល (៩ ចាប់) ជ្រូក ១ក្បាល (៥ចាប់) មាន់ ១ ក្បាល ស្រា ១ ពាង។
លោក សាមៀន ចាម៉ាក់ បានបញ្ជាក់ថា៖ “តែបើសិនកូនប្រុសឆ្លើយថា មកដេកដោយស្រឡាញ់ចង់យកធ្វើជាប្រពន្ធ ពេលនោះមេអណ្ដើកក៏ទៅជូនដំណឹងដល់ឪពុក ម្តាយខាងស្រីវិញ ឯឪពុកម្តាយខាងស្រីបានទទួលដំណឹងនោះហើយ ក៏ផ្ដាំតាមមេអណ្ដើកឱ្យទៅប្រាប់ដល់ឪពុកម្តាយខាងប្រុសវិញ តើអ្នកយល់ព្រមតាមចិត្តកូនខ្លួនឯងដែរ ឬទេ? បើសិនឪពុកម្ដាយខាងប្រុសពេញចិត្តតាមកូនដែរ ពេលនោះឪពុកម្តាយខាងស្រីអនុញ្ញាតឱ្យកូនប្រុសនោះមកដេកលេងជាមួយ កូនស្រីគាត់បន្តទៀតបាន”។
គួរបញ្ជាក់ថា ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងគ្នា ចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រីក៏បង្គាប់ឱ្យកូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពីសកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមរង់ចាំអានអត្ថបទ៖ “ប្រពៃណីរៀបការ របស់ជនជាតិដើមភាគតិច គ្រឹង ដែលអ្នកមិនធ្លាប់ដឹង” បន្តទៀត។
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី