Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ ស្នើសុំ​កិច្ចសហការ​ពី​ភាគី​កម្ពុជា ដើម្បី​ដោះមីន​នៅតាម​ព្រំដែន​

បានផុស

នៅ

​ការ​ស្នើ​ឲ្យ​មាន​កិច្ចសហការ​ពី​កម្ពុជា​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ តាមរយៈ​ប្រព័ន្ធ​វីដេអូ នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ថា ជំនួប​ទ្វេភាគី​នេះ​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត និង​អនុលោម​ទៅតាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) លើក​ទី​១៤ ដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជំនួប​ប្រចាំឆ្នាំ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​។

នាយ​ឧត្ដមសេនីយ៍​បន្ត​ថា ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ហើយ​ផ្តើមចេញពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​គ្រប់​វិស័យ​មានការ​រីកចម្រើន ស្ថានភាព​នៅតាម​បន្ទាត់​ព្រំដែន​មាន​ភាព​ល្អ​ប្រសើរ ដែលជា​គោលដៅ​ចង់បាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

នៅក្នុង​ឱកាស​នោះដែរ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ភូមិន្ទ​ថៃ ដែល​កន្លងមក​បានរួម​ចំណែក​អភិវឌ្ឍន៍​សមត្ថភាព​យោធិន នៃ​កង​យោធ​ល​ខេមរភូមិន្ទ តាមរយៈ​ការ​ជួយ​បណ្តុះបណ្ដាល រួម​នឹង​កិច្ចសហការ​ដោះមីន និង​ការទប់ស្កាត់​បទល្មើស​នា​នា​តាម​ព្រំដែន​ជាដើម​។ នាយ​ឧត្ដមសេនីយ៍ ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ ដែល​ក្នុង​ស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ថៃ​នៅបាន​ជួយ​សម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ចូលទៅ​ព្យាបាល​ជំងឺ និង​ការទទួលយក​ពលករ​ស្របច្បាប់​កម្ពុជា ឲ្យ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ​វិញ​។

ជាមួយគ្នា​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន សង្ឃឹមថា កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បន្ត​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ចារកិច្ច និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ និង​ធ្វើ​លំ​ហាត់​សមយុទ្ធ​រួមគ្នា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ពិសេស​លំ​ហាត់​ទាក់ទង​ទៅ​នឹង​បញ្ហា​សន្តិសុខ និង​សង្គ្រោះ​គ្រោះមហន្តរាយ​។

ជា​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត បាន​គូស​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដោយសារ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩ ប្រទេស​ថៃ​បាន​កត់សម្គាល់​ដល់​ការធ្វើដំណើរ​ឆ្លងដែនរ​វាង​ប្រទេស​ទាំងពីរ ក្នុង​នោះ​ភាគី​ថៃ​បាន​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចូលមក​ព្យាបាល​ជំងឺ បើទោះ​ជា​មានការ​បិទ​ព្រំដែន​ក៏ដោយ​។ អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ​បាន​បន្តថា មកដល់ពេលនេះ​ប្រទេស​ថៃ មាន​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ឆ្លង​ទៅដល់​ពលករ​កម្ពុជា និង​បានស្នើ​ឲ្យ​កម្ពុជា​មានការ​ជឿជាក់​លើ​ចំណាត់ការ​នេះ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ភាគី​ថែ នឹងដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងប្រទេស​ថៃ​។

នា​ឱកាស​នោះ​ដែរ ក្នុងនាម​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​បានផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​ថៃ ដើម្បី​សិក្សា​ភាសា​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។

ចំណែក​បញ្ហា​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត បានលើកឡើង​ពី​បញ្ហា​គ្រាប់មីន ដែល​ភាគី​ថៃ​មាន​គម្រោង​កំចាត់មីន​តាម​ព្រំដែន​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ដោយមាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា លើ​មូលហេតុ​នៅ​តំបន់​មួយចំនួន​ពុំទាន់​បាន​ដោះស្រាយ​បោះបង្គោល​ព្រំដែន​រួចរាល់​នោះ គម្រោង​នេះ​ក៏​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដូច្នេះ​ភាគី​ថៃ​បាន​ស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ពី​ភាគី​កម្ពុជា​ឡើងវិញ ដោយ​ភាគី​ថៃ​ចាត់ទុក​បញ្ហា​នេះ​ជា​កិច្ចការ​មនុស្សធម៌ និង​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ផងដែរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សម្ដេច​ ហ៊ុន សែន ថា បើគ្មានថ្ងៃ២ធ្នូ និង៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

សន្តិសុខសង្គម៣ នាទីutes មុន

ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំង ជំរិតទារប្រាក់ ឃាត់ខ្លួនមនុស្ស ២ នាក់ និងរកឃើញវត្ថុតាងមួយចំនួនធំ

ជីវិតកម្សាន្ដ១០ នាទីutes មុន

សមាគមសិល្បករខ្មែរ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយតារាកំប្លែងនាយ តាក់ស៊ី

ព័ត៌មានជាតិ១២ នាទីutes មុន

សហជីព និងប្រជាពលរដ្ឋថ្កោលទោសជនក្បត់ជាតិ៣ជំនាន់បង្កើតចលនាផ្ការីកធ្វើបដិវត្តន៍ពណ៌លើកម្ពុជា

ព័ត៌មានជាតិ១៤ នាទីutes មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម