ព័ត៌មានជាតិ
រាជធានី-ខេត្តចំនួន ៤ ប៉ះពាល់ និងខូចខាតស្រូវជិត ១ម៉ឺនហិកតា ដោយសារជំនន់ទឹកភ្លៀង
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ ២០២២នេះ មានរាជធានី-ខេត្តចំនួន ៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ បានទទួលរងការខូចខាត និងប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗប្រមាណជិត ១ម៉ឺនហិកតា ដោយសារជំនន់ទឹកភ្លៀង។

លោក សុទ្ធ គឹមកុលមុនី នៅព្រឹកថ្ងៃទី ៥ ខែកក្កដានេះថា បរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ចាប់ពីដំណាច់ខែឧសភា មកដល់ដើមខែមិថុនា ហើយក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជន ក្នុងរយៈពេលខ្លីក៏បង្កឲ្យមានការប៉ះពាល់ និងខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកបានឲ្យដឹងទៀតថា ក្នុងនោះនៅខេត្តសៀមរាប មានស្រុកអង្គរជុំ ស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ បានប៉ះពាលលិចស្រូវ ចំនួន ១២១៦ ហិកតា ខូចខាតស្រូវ ៩០៥ ហិកតា នៅស្រុកពួក និងអង្គរជុំនិងដំណាំរួមផ្សំ ២១ ហិកតានៅស្រុកអង្គរជុំ។ ខេត្តត្បូងឃ្មុំ មានការប៉ះពាល់លើកទី ២ នៅក្នុងឃុំចំនួន ៥ នៃស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឳ បណ្តាលឲ្យលិចស្រូវ ៦៥៣៤ ហិកតា ខូចខាតស្រូវ ៥៣៩៥ ហិកតា។

លោកបានបញ្ជាក់ថា ចំណែករាជធានីភ្នំពេញ មិនមានការខូខាតស្រូវទេ គ្រាន់តែលិចនៅតាមកន្លែងខ្លះប៉ុណ្ណោះ។ ជាក់ស្តែងកម្រិតទឹកភ្លៀង ១១១ម.ម នៅព្រលប់ថ្ងៃទី ១០ ខែមិថុនា បង្កឲ្យមានការជន់លិចក្នុងភូមិសាស្ត្រភូមិចំនួន ៣ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ អជ្ញាធរបានប្រើប្រាស់ឡានទឹកចំនួន ១០គ្រឿង ដើម្បីបូមទឹកលិចផ្លូវលេខ ២០០៤ និងផ្ទះប្រជាពលរដ្ឋ។ រីឯខេត្តកំពង់ឆ្នាំង បានធ្វើការជួសជុលទំនប់ស្ទាក់ទឹកបារាំង បន្ទាប់ពីការហូរច្រោះបាក់ដី និងដាច់ផ្លូវ ដោយសារទឹកភ្លៀង នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកបានឲ្យដឹងបន្ថែមថា នៅក្នុងខែមិថុនា ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងបរិមាណតិចច្រើនដោយកន្លែង លាយឡំនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយសារការទទួលរងរបបខ្យល់មូសុង នីរតី កម្រិតបង្គួររួមផ្សំជាមួយនឹងប្រព័ន្ធសម្ពាធ ដែលបានកើតមាននៅក្នុងតំបន់ និងក្នុងភូមិសាស្រ្តកម្ពុជា។
លោកបានបន្តថា តំបន់ទំនាបកណ្តាលមាន រាជធានីខេត្តមួយចំនួន បានទទួលបរិមាណទឹកភ្លៀងថ្ងៃខ្លះក្នុងកម្រិតលើស ពី ១០០ម.ម ធ្វើឲ្យមានការជន់លិចក្នុងរយៈពេលខ្លី ដូចជា៖ នៅរាជធានីភ្នំពេញ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងជាដើម ហើយនៅតាមបណ្តាខេត្តមួយចំនួនទៀត ក៏មានការប្រឈមទៅនឹងទឹកភ្លៀងលិចដំណាំស្រូវ ដែលតម្រូវឲ្យមានការអន្តរាគមន៍ បើកបង្ហូរទឹក ឬបូមទឹកចេញ។
លោកបានបន្ថែមទៀតថា ជាទូទៅការងារបង្កបង្កើនផលស្រូវ ក្នុងឆ្នាំនេះអនុវត្តបានល្អ ទោះបីមានការយឺតយ៉ាវដោយសារមានទឹកជោគជាំពេកក៏ដោយ និងមានការរំពឹងទុកថា មិនមានការប្រឈមនឹងការខ្វះខាតទឹក ដែលធម្មតាអាចនឹងកើតមាននៅដំណាច់ខែកក្កដាខាងមុខទេ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់