ព័ត៌មានជាតិ
គ.ជ.ប រៀបចំសន្និបាតកំណត់បញ្ហាប្រឈម ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ ដើម្បីកែលម្អការបោះឆ្នោតលើកក្រោយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ទី ៧ ខែកក្កដា ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែកក្កដានេះថា នៅក្នុងសន្និបាតនេះ គ.ជ.ប បានកំណត់ទៅលើកិច្ចការធំៗចំនួន ៤ អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គឺទី ១.ការរៀបចំបញ្ជីបោះឆ្នោត, ទី ២.ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត, ទី ៣. ការឃោសនាបោះឆ្នោត, ទី ៤. ការបោះឆ្នោត ការាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។

លោកបន្តថា សម្រាប់គោលបំណងសំខាន់នៃការរៀបចំសន្និបាតនៅពេលនេះ គឺការប្រមើលមើល និងកំណត់នូវបញ្ហាប្រឈមទាំងឡាយ ដែលកើតមានឡើងនៅក្នុងដំណើរការរៀបចំ ការបោះឆ្នោតរបស់ គ.ជ.ប ទៅតាមដំណាក់កាលទាំង ៤ ខាងលើ និងរកដំណោះស្រាយ ដើម្បីជាធាតុចូលយ៉ាងសំខាន់មួយ ក្នុងការកែលម្អបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៦ ឆ្នាំ ២០២៧ខាងមុខ។

អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា បទពិសោធន៍ និងភាពជោគជ័យ នៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២នេះ ក៏អាចជាមូលដ្ឋាននៃការរៀបចំសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ឆ្នាំ ២០២៣ខាងមុខដែរ។ លោក សោម សូរីដា បានបញ្ជាក់ថា «ការបោះឆ្នោតមួយ មិនអាចរៀបចំឡើងដោយល្អឥតខ្ចោះនោះទេ ចឹងអ្វីដែលសន្និបាតពិនិត្យនៅក្នុងកិច្ចពិភាក្សានេះ គឺការរកឲ្យឃើញនូវបញ្ហាប្រឈម ដែលកើតឡើងនៅក្នុងដំណាក់កាលសំខាន់ទាំង ៤»។

ជាក់ស្ដែងនៅក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះ មានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់គណបក្សនយោបាយ នៅក្នុងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយបេក្ខជនមួយចំនួន ជាបេក្ខជនដែលមិនអាចគោរព ឬក៏បំពេញបានតាមលក្ខខ័ណ្ឌសម្រាប់ការឈរឈ្មោះជាបេក្ខជន។ ក្នុងនោះ មានគណបក្សនយោបាយមួយចំនួន បានជ្រើសរើសយកបេក្ខជនដែលមិនចេះអាន មិនចេះសរសេរភាសាខ្មែរ ដែលនាំទៅដល់ការបដិសេធបេក្ខជន ឬនាំទៅដល់ការបដិសេធបញ្ជីបេក្ខជនគណបក្សនយោបាយ មិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត ហើយក៏មានភាពចន្លោះប្រហោង នៅក្នុងការអនុវត្តនីតិវិធីពាក់ព័ន្ធទៅ នឹងការពិនិត្យពាក្យសុំចុះបញ្ជី របស់គណបក្សនយោបាយផងដែរ។

អ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានលើកឡើងទៀតថា ជារឿងល្អហើយ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨០ភាគរយ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ។ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួន នៅតែមិនមានឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត។ លោកបញ្ជាក់ថា «អញ្ចឹងករណីនេះ អង្គពិភាក្សាអង្គសន្និបាត បានរកឃើញនូវដំណោះស្រាយមួយចំនួន ដែលនៅឆ្នាំ ២០២៣នេះ អាចកើតឡើងគឺការអស់សុពលភាព នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវប្រើសម្រាប់ការបោះឆ្នោត»។

លោក សោម សូរីដា បានគូសបញ្ជាក់ថា នៅក្នុងអង្គសន្និបាត គ.ជ.ប បានលើកឡើងអំពីការស្នើសុំឲ្យក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពន្យាសុពលភាពនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាពជាង ២លានសន្លឹក ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចប្រើអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពនោះ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣។
នៅក្នុងសន្និបាតដដែល គ.ជ.ប ក៏បានលើកឡើងអំពីការពង្រឹងកម្មវិធីទំនើបកម្ម នៃការរៀបចំការបោះឆ្នោតសម្រាប់ឆ្នាំ ២០២២ កន្លងមកនេះ ហើយ គ.ជ.ប ក៏បានដាក់ចេញនូវកម្មវិធីចំនួន ៣សំខាន់ៗ ដោយអង្គសន្និបាតបានស្នើសុំឲ្យមានការពង្រឹង ការអនុវត្តកម្មវិធីទាំងនោះ ដែលរួមមាន៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយ ដោយកុំព្យូទ័រ, កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត, និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត