នយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកគណបក្សភ្លើងទៀនជាថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីចំពោះគណបក្សគណបក្សភ្លើងទៀន ឲ្យធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។
នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលផ្ញើជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលទើបទទួលបាននៅថ្ងៃនេះ។
លិខិតនោះបញ្ជាក់ថា ផ្អែកតាមបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតដូចបានចុះក្នុងយោងខាងលើ ក្រសួង មហាផ្ទៃសូមធ្វើការរំលឹកជាថ្មីចំពោះគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យ បានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងស្មារតី នៃលិខិតលេខ ១២៣០ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយផងដែរ។
ជាមួយនេះដែរ គណបក្សភ្លើងទៀន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋានទីស្នាក់ការកណ្តាលគណបក្សជាកំណត់។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ ពាក់ព័ន្ធនឹងករណីមិនប្រក្រតីក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្ស ដោយអះអាងថា ការសម្រេចតែងតាំងលោក សុន ឆ័យ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ៥៧៩ សជណ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ ស្ដីពីគណបក្សនយោបាយ។
យោងតាមលក្ខន្តិកៈគណបក្សភ្លើងទៀន ដេលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ត្រង់ប្រការ២០ បានសរសេរថា សមាជគណបក្ស គឺជាស្ថាប័នកំពូលរបស់គណបក្ស។ សមាជិកចូលរួមដោយប្រតិភូតំណាងសមាជិកគណបក្ស។ សមាជកំណត់ទិសដៅ និងនយោបាយរបស់គណបក្សហើយអនុម័តលើសេចក្តីសម្រេចសំខាន់ៗ ដែលគណៈកម្មាធិការនាយកដាក់ជូន។
សមាជជ្រើសតាំងប្រធានគណបក្សតាមរយៈការបោះឆ្នោតដោយមតិភាគច្រើនដាច់ខាត (៥០ភាគរយ បូក១) នៃសមាជិកវត្តមាន។
សមាជបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកគណបក្ស ដោយមតិភាគច្រើនដាច់ខាត (៥០ភាគរយ បូក១) នៃសមាជនៃសមាជិកវត្តមាន។
សិទ្ធិ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការនាយកមានចែងក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។ សមាជិកអាចធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់គណបក្ស។
ចំណែកប្រការ៣៣ បានបញ្ជាក់ថា ប្រធានគណបក្សតែងតាំងអនុប្រធានយ៉ាងតិចមួយរូបក្នុងចំណោមសមាជិក គណៈកម្មាធិការនាយក បន្ទាប់ពីមានការយល់ព្រមពីមតិភាគច្រើនដាច់ខាត នៃគណៈកម្មាធិការនាយកសម្រាប់អាណត្តិប្រាំឆ្នាំ។ អនុប្រធានគណបក្សទទួលដឹកនាំការងារគណបក្ស តាមការកំណត់របស់ប្រធាន។ នៅពេលអវត្តមានរបស់ប្រធានគណបក្ស អនុប្រធានមួយរូបត្រូវបានប្រគល់សិទ្ធិដោយប្រធាន ជាប្រធានស្តីទីគណបក្ស។
រីឯមាត្រា២៦ ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយបានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយ ត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នូវបញ្ជីឈ្មោះប្រធាន និងអនុប្រធាន នៃគណបក្សនយោបាយ ក្នុងករណីដែលមានអនុប្រធាន និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមូល នឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប ដែលបិទរូបថតទំហំ៤ គុណនឹង៦។
ការផ្លាស់ប្ដូរប្រធាន ឬអនុប្រធាន គណបក្សនយោបាយ ឬសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមូល និងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេបរបស់សមាសភាពថ្មី ដែលមានបិទរូបថតទំហំ៤ គុណនឹង៦៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១០ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ