ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ការអនុវត្តផ្នែកប្រាក់សោធនជាជំហានថ្មីមួយទៀត ឆ្ពោះទៅអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារ នៅព្រឹកថ្ងៃទី ១១ ខែកក្កដានេះ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានបន្តថា ជាងនេះទៀតការអនុវត្តផ្នែកប្រាក់សោធននេះ ក៏ជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរាផងដែរ។

លោករដ្ឋមន្ត្រី បានបន្តថា ជាទូទៅប្រជាជនកម្ពុជា ក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាព ក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែលពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ទម្លាប់នេះជាកត្តាជំរុញឲ្យប្រជាជនកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ ស្តីពី របបសន្តិសុខសង្គម ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់នូវការគាំពារចំពោះប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម តាមរយៈគោលការណ៍នៃការចែករំលែក ប្រាក់ចំណូល តាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឲ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា នៅក្នុងច្បាប់បានកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ មកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ ២០១៦ និងទី ៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា យុទ្ធនាការ ៩០ថ្ងៃ របស់បេឡាជាតិសន្តិសុខសង្គម ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ឲ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានគិតគូរវែងឆ្ងាយដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់កម្មករ-និយោជិតនៃវិស័យឯកជន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីធានាថា ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណាអាចផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ ស្តីពី របបសន្តិសុខសង្គមឲ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។
លោករដ្ឋមន្ត្រី ជឿជាក់ថា បេឡាជាតិសន្តិសុខសង្គម នឹងនៅតែខិតខំអនុវត្តតួនាទី ពង្រឹង និងពង្រីកវិសាលភាពរបស់ខ្លួន ផ្ដល់សេវាសាធារណៈ ដល់សមាជិក អនុលោមតាមច្បាប់ ស្តីពី របបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ