ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ កម្ពុជាខកចិត្តដែលត្រូវបានគេចាត់ទុកជាប្រទេស ដែលមិនផ្តល់កិច្ចសហការធ្វើមាតុភូមិនិវត្តន៍
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជាខកចិត្តដែលត្រូវបានគេចាត់ទុកជាប្រទេស ដែលមិនផ្តល់កិច្ចសហការធ្វើមាតុភូមិនិវត្តន៍។
ការលើកឡើងនេះ គ្រាដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយលោក ប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភាកន្លងមកនេះ។
លោក Daniel Kritenbrink បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផងដែរអំពីគោលបំណងនៃដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ លោកឧបការី ក៏បានពាំនាំនូវការអះអាងជាថ្មីរបស់លោករដ្ឋមន្រ្តីការបរទេស Antony Blinken អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។
ក្រៅពីបញ្ហាខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថា ជា “ប្រទេស ដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ” ទាក់ទងនឹងកិច្ចសហប្រតិបត្តិនការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការ ចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាអំពីការរៀបចំ និងបញ្ហាប្រឈមនានា នៅក្នុងកិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក Antony Blinken មកចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (PMC) ជាមួយសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩ផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៦ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី