ព័ត៌មានជាតិ
សម្តេចតេជោ៖ ប្រសិនបើប្រេងនៅតែបន្តឡើងថ្លៃ វិបត្តិសេដ្ឋកិច្ចសាកលនឹងអាចកើតមាន
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាវិបត្តិសេដ្ឋកិច្ចសាកល មិនគ្រាន់តែរឿងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែក៏ផ្ដើមចេញពីទណ្ឌកម្មដែរ ហើយការព្រមានរបស់ IMF មិនមែនគ្មានហេតុផលនោះដែរ ប្រសិនបើប្រេងនៅតែបន្តឡើងថ្លៃ វិបត្តិសេដ្ឋកិច្ចសាកល អាចកើតមាន យ៉ាងហោចណាស់ក៏ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ។
សម្តេចតេជោបញ្ជាក់យ៉ាងនេះថា៖ “បញ្ហាវាមិនគ្រាន់តែរឿងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែវាក៏ផ្ដើមចេញពីទណ្ឌកម្មដែរ ដែលផ្ដើមចេញពីទណ្ឌកម្មនោះ វាបង្កើតឱ្យមានចលាចលដល់ទីផ្សារនៅលើពិភពលោក ហើយការព្រមានរបស់ IMF មិនមែនគ្មានហេតុផលនោះទេ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្ដាប្រទេស គឺមានការកើនឡើង។ បញ្ហានេះក៏ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្ដាប្រទេសដែរ ជាពិសេសសំបុត្រយន្តហោះអាចឡើងថ្លៃមួយជាពីរ។ នោះហើយដែលជាហេតុផលដែលជាផលប៉ះពាល់អាចបង្កការរំខានដល់វិស័យទេសចរណ៍។ ចំណុចនេះ គឺជាចំណុចដែលយើងមើលឃើញទុកជាមុនថា វានឹងអាចកើតមាន”។
សម្តេចតេជោ សែន បញ្ជាក់ទៀតថា៖ “ប្រសិនបើប្រេងនៅតែបន្តឡើងថ្លៃបែបនេះ វិបត្តិសេដ្ឋកិច្ចសកល វាអាចកើតមាន ហើយយ៉ាងហោចណាស់ក៏ពាក់ព័ន្ធនឹងវិស័យទេសចរណ៍”។
សម្តេចតេជោ មានប្រសាសន៍ថា នយោបាយ 0កូវីដ របស់ចិនក៏បានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាផងដែរ។ សម្ដេចបញ្ជាក់ថា ប្រទេសជាច្រើននៅក្នុងតំបន់ មិនថាអាស៊ី ឬអឺរ៉ុបនោះទេ ត្រូវការទេសចរណ៍ចិនជាចាំបាច់ ពីព្រោះចិនមានទេសចរច្រើនជាងគេ ប៉ុន្តែនៅពេលចិនអនុវត្តវិធានការ 0កូវីដ បានធ្វើឱ្យមានផលប៉ះពាល់ដល់ការដឹកជញ្ជូន ប៉ុន្តែបញ្ហាដែលធំជាងគេ គឺទាក់ទិនដល់ពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់បណ្ដាប្រទេសនានា។ ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយ 0កូវីដ របស់ចិននេះផងដែរ ប៉ុន្តែយើងត្រូវយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិន ដើម្បីអនុវត្តនូវការការពារខ្លួន កុំឱ្យមានមនុស្សស្លាប់ ហើយប្រសិនបើប្រទេសចិន ដកនយោបាយ 0កូវីដ ចេញ តើទេសចរណ៍នឹងឡើងប៉ុនណា ដែលនេះជាសសំណួរ។
បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅកម្ពុជា ប្រសិនបើអគ្គិសនីមិនទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលទេ នោះនឹងមានបញ្ហាកាន់តែខ្លាំង។ សម្តេច បញ្ជាក់ថា គ្រាន់តែដំឡើងថ្លៃអគ្គិសនី នឹងធ្វើឱ្យសណ្ឋាគារងាប់ទាំងអស់។ ចំណុចនេះ គឺជាចំណុចដែលយើងមើលឃើញថា អាចកើតមាន និងប្រឈមនៅពេលខាងមុខ ដែលយើងត្រូវទ្រាំទ្រចំពោះការលំបាកនេះតទៅទៀត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ