សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងងើបឡើង៥,៣%នៅឆ្នាំ២០២២កំពុងស្ថិតនៅភាពមិនច្បាស់លាស់
សេដ្ឋកិច្ចកម្ពុជាដែលរំពឹងថា នឹងបន្តងើបឡើងវិញប្រមាណ៥,៣%នៅឆ្នាំ២០២២នេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេដោយសារបញ្ហាឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរាតត្បាតមេរោគកូវីដ-១៩ បំប្លែងថ្មី។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីរសៀលថ្ងៃទី ២០ ខែកក្កដាលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកអាចសម្រេចបានទាបជាងការរំពឹងទុកនៅឆ្នាំ២០២២ ដោយបន្តប្រឈមភាពមិនច្បាស់លាស់និងហានិភ័យចម្បងៗ ដូចជា៖ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលមិនទាន់ស្វែងរកដំណោះស្រាយជាក់លាក់នៅឡើយ ផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិតនៅក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។
លោក ទេសាភិបាលបានបន្តថា បញ្ហាទាំងនេះបាននិងកំពុងបង្កការប៉ះទង្គិចដល់ខ្សែច្រវាក់ផលិតកម្មសកល ដាក់សម្ពាធមកលើអត្រាអតិផរណាពិភពលោក និងបង្កើនលំហូរចេញនៃមូលធនពីប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ដែលនឹងដាក់សម្ពាធបន្ថែមលើតម្លៃរូបិយប័ណ្ណនិងទុនបម្រុងអន្តរជាតិនៅក្នុងប្រទេសទាំងនោះ។
លោកទេសាភិបាលបានបន្តទៀតថា ទោះយ៉ាងណា សកម្មភាពសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថាបន្តងើបឡើងប្រមាណ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍។
ទោះជាយ៉ាងនេះក្តី លោកទេសាភិបាល បានបន្ថែមថាស្ថានភាពអត្រាអតិផរណាមានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជាចម្បងលើឥទ្ធិពលនៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេងនិងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយនឹងការរំពឹងទុកថាថ្លៃប្រេងនឹងថយចុះ អតិផរណាក៏ត្រូវបានព្យាករថាថយចុះផងដែរនៅឆមាសទី២នេះ។
លោកទេសាភិបាលបានបញ្ជាក់ថាលើសពីនេះ សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរ ណ៍និងអចលនទ្រព្យ។
ម្យ៉ាងទៀត ថ្វីបើការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែក៏អាចធ្វើឱ្យមានសម្ពាធលើអត្រា-ប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោកកម្ពុជា ជួបកំណើនអតិផរណាទំនិញខ្ពស់បំផុត ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ៕អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់