កីឡា
លោក ប្រាក់ វុទ្ធី ៖ «បាល់ទាត់នារីកម្ពុជា មើលឃើញពន្លឺនៃការរីកចម្រើន»
ថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទើបតែបញ្ចប់បេសកកម្មប្រកួតពានរង្វាន់ជើងឯកនារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (2022 AFF Women’s Championship) ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ក្នុងចំណោម ៤ប្រកួត ក្រុមនារីកម្ពុជា បានប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ ខណៈលោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកបានមានប្រសាសន៍ថា លោកបានមើលឃើញពីពន្លឺនៃការរីកចម្រើន បន្ទាប់ពីអនុវត្តជាដំណាក់កាលៗរួចមក។

លោក ប្រាក់ វុទ្ធី បាននិយាយដូច្នេះថា៖ «អ្វីៗយើងបានសម្រេចទៅតាមគោលដៅយើងមួយចំនួន ដូចជាការយកស្មើឡាវ និងបន្តឈ្នះក្រុមទីម័រ ការការពារមិនឲ្យរបូតគ្រាប់បាល់ច្រើនជាមួយនឹងក្រុមដែលខ្លាំងៗដូចជាភូមា និងវៀតណាម។ ពិតមែនហើយថាយើងអភិវឌ្ឍន៍មួយដំណាក់កាលម្ដងៗក្រោយការប្រកួតស៊ីហ្គេម គឺជាដំណាក់កាលទី១ ហើយដំណាក់កាលទី២ គឺ AFF Women’s Championship។ យើងមើលឃើញពីពន្លឺនៃការរីកចម្រើនបាល់ទាត់យើងមួយជំហាន ហើយយើងគិតថាការល្អប្រសើរនេះយើងនឹងប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យបានល្អបំផុតនៅថ្ងៃអនាគត ជារួមទាំងស្មារតី គុណផល ក៏ដូចជាស្មារតីក្រុមទាំងមូល ឆន្ទៈកីឡាការិនីម្នាក់ៗគឺបានល្អប្រសើរ។»
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក៏នឹងត្រូវត្រៀមខ្លួនប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ស្របពេលដែលលោក ប្រាក់ វុទ្ធី បាននិយាយពីការត្រៀមខ្លួនផងដែរ។
អតីតគ្រូបង្គោលក្លិបអគ្គិសនីកម្ពុជារូបនេះបានបញ្ជាក់ដូច្នេះថា៖ «ដំណាក់កាលបន្ទាប់គឺយើងរង់ចាំព័ត៌មានជាក់លាក់ពីការហ្វឹកហាត់នៅក្រៅប្រទេស គឺប្រទេសចិន ហើយយើងក៏មានគម្រោងក្នុងការអភិវឌ្ឍន៍ក្រុមជម្រើសជាតិនេះដោយមានគម្រោងការរៀបចំប្រកួតមិត្តភាពអន្តរជាតិនៅក្នុងប្រទេស ការប្រមូលផ្ដុំនៅក្រៅប្រទេស ពង្រឹងគុណភាពលីគបាល់ទាត់នារី នេះសុទ្ធតែជារឿងដែលយើងត្រូវធ្វើ។ ហើយមួយទៀតយើងត្រៀមធ្វើការស្វែងរកកីឡាការិនីខ្មែរកាត់បរទេសនៅឯក្រៅប្រទេសផងដែរ អ៊ីចឹងដំណាក់កាលទី៣ គឺជាដំណាក់កាលអភិវឌ្ឍន៍សម្រាប់គោលដៅឆ្នាំ២០២៣ តែម្ដង។ដូច្នេះភារកិច្ចរបស់យើងគឺយើងនៅសល់រយៈពេល ១០ខែ ដើម្បីការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។»
អតីតគ្រូបង្វឹករបស់ក្លិបចំការកៅស៊ូបឹងកេត (បច្ចុប្បន្នបឹងកេត) បានសង្កត់ធ្ងន់អំពីការចង់កោះហៅកូនខ្មែរនៅបរទេសថា ៖«ដោយសារបច្ចុប្បន្នយើងខ្វះគុណភាពខ្សែប្រយុទ្ធ ដូច្នេះអ្វីដែលយើងយកពួកគាត់មកគឺផ្ដោតសំខាន់ទៅលើការប្រយុទ្ធ ហើយណាមួយទៀតយើងរកខ្សែបម្រើផងដែរ និយាយរួមកូនខ្មែរបរទេសទាំងអស់ ទាំងប្រយុទ្ធ ទាំងបម្រើ និងការពារ យើងត្រូវការទាំង ៣ប្រភេទ។»
សូមបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចូលរួម ២ព្រឹត្តិការណ៍ធំៗក្នុងតំបន់អាស៊ាន ពោលគឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម ប្រកួត២ដង ចាញ់ទាំង ២ដង និងលើកទី២ ពានជើងឯកនារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (2022 AFF Women’s Championship) ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ