ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនមីនីបៀ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការរីករាយ និងសាទរជូនចំពោះក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចំពោះការទទួលបានជោគជ័យ និងការពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ ការសាទរនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា នៅក្នុងជំនួបនេះលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានគោរពជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគសរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង។
លោកនាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ បានគោរពជម្រាបជូនសម្ដេចតេជោ បន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងមានល្បឿនលឿន ជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យបិរស្ថាន។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានបន្ថែមថា រោងចក្រមីនីបៀរបស់លោក ផលិតអំពូលភ្លើង LED ១០០ភាគរយនៅកម្ពុជា ហើយបាននាំចេញទៅលក់នៅលើទីផ្សារពិភពលោកថែមទៀត។
ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានដំឡើង អំពូល LED បានចំនួន ១៨,៨៨០អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិចផង ព្រមទាំងកាត់បន្ថយការចំណាយលើអគ្គិសនីប្រមាណ ១លានដុល្លារ ក្នុង ១ឆ្នាំផង។
ឆ្លៀតក្នុងឱកាសនេះដែរ លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណសម្ដេចតេជោ, មន្ត្រីសុខាភិបាល , ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ ក្រុមហ៊ុនឲ្យរួចផុតពីការរាតត្បាតពីជំងឺកូវីដ-១៩។ ក្នុងចំណោមកម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺកូវីដ-១៩ ហើយរោងចក្ររបស់លោក នៅបន្តដំណើរការជារៀងរហូត ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ។ លោក កៃនូម៉ា ក៏បានគោរពអញ្ជើញសម្ដេចតេជោ ជាអធិបតីក្នុងពិធីខួបទី ១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកកៃនូម៉ា ដែលបានរាយការណ៍ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំកន្លងមក ហើយបានសម្ដែងនូវការរីករាយ និងសាទរជូនចំពោះក្រុមហ៊ុន ដែលរយៈពេល ១០ឆ្នាំកន្លងមក ទទួលបានជោគជ័យ និងពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ដល់លោកកៃនូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយសម្តេចតេជោ ក៏បានទទួលយកការអញ្ជើញ ជាអធិបតី ក្នុងពិធីខួប ១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលពេលនោះ សម្ដេចបានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះ គឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្តចំពោះកម្ពុជា៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង