Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី ចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភកុមារ នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា

បានផុស

នៅ

លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២នេះ បានចុះទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្ភារសិក្សា និងថវិកា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់កុមារ ដែលកំពុងស្នាក់នៅ និងសិក្សានៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងជាមួយអង្គការនេះ ចាប់តាំងពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដើរតួនាទីក្នុងការសម្របសម្រួលជាមួយប្រធានមណ្ឌលអប់រំកែប្រែទី ២ (ម២) និងប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ដើម្បីយកកុមារតាមម្ដាយ ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី ២ ទៅចិញ្ចឹម និងផ្ដល់ការរៀនសូត្រនៅក្នុងអង្គការ។

កន្លងមក អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា តែងតែផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលយកជាបន្តបន្ទាប់នូវកុមារតាមម្ដាយ ដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំរៀនសូត។

សកម្មភាពទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមជួយឧបត្ថម្ភគាំទ្រអង្គការនេះ ដើម្បីបន្តជួយដល់កុមារជួបការលំបាកនៅកម្ពុជា តាមរយៈលោកស្រី ឈូក សីហា នាយិកាប្រតិបត្តិអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា (+៨៥៥)១២ ២៥៩ ៦៥១។

សូមបញ្ជាក់ថា នេះជាដំណើរចុះទស្សនកិច្ចលើកទី ១០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមានបេសកកម្ម ក្នុងការជួយចិញ្ចឹមបីបាច់ និងផ្ដល់ការអប់រំសិក្សាដល់កុមារកំព្រា និងទីទ័លក្រនៅកម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម