Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្មស្នើ ADB ផ្តល់កម្ចីថែមទៀត ដើម្បីជំរុញដល់កំណើនផលិតចំណីសត្វនៅកម្ពុជា

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយផ្តល់កម្ចីឱ្យបានច្រើនថែមទៀត ដល់ក្រុមហ៊ុនដើម្បីគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញដល់កំណើនផលិត​ចំណីសត្វនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus លើឯកសារកម្ចីស្តីពី “ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា” កាលពីរសៀលថ្ងៃទី២៦កក្កដា លោក វេង សាខុន បានមានប្រសាសន៍ថា ការផ្តល់កម្ចីដល់ក្រុមហ៊ុនផលិតចំណីសត្វឲ្យបានកាន់តែច្រើនថែមទៀត នឹងជួយជំរុញ​ដល់កំណើននៃផលិតកម្មចំណីសត្វ  សំដៅធ្វើឲ្យកាន់តែមានភាពវិជ្ជមានដល់កម្លាំងប្រមូលទិញវត្ថុធាតុ ដើមក្នុង​ស្រុកមាន ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀង។ល។

លោករដ្ឋមន្ត្រីបានបន្តថា «បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុក​នឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។  មួយវិញទៀត ល្គិកណាខ្សែច្រវាក់ផលិត កម្មចំណីសត្វ ក្នុងរោងចក្រមាន ដំណើរការប្រកបដោយនិរន្តរភាពនោះនឹងជួយដល់បុគ្គលិក កម្មករឲ្យមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា កត្តាទាំងអស់នេះ គឺបានបង្ហាញពីឆន្ទៈរបស់យើងដែលកំពុងនាំគ្នាដើរលើវិថីឆ្ពោះ​ទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។

សូមជម្រាបជូនថា ក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់​ក្នុងផ្នែកឧស្សា​ហកម្មចំណី​សត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧ហត នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ ពាន់តោនក្នុង១ខែ ប្រើកម្មករ ៥២នាក់។

តាមផែនការក្រុមហ៊ុននឹងផលិតចំណីសត្វឲ្យបាន ១៨០ពាន់តោនក្នុង១ឆ្នាំហើយទៅថ្ងៃអនាគតក្រុម ហ៊ុនគ្រោងនឹង​បង្កើតរោងចក្រនៅខេត្តបាត់ដំបង ដែលជាខេត្តមានសក្តានុពលវត្ថុធាតុដើមសំខាន់មួយនៅកម្ពុជា។

សូមបញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតចំណីសត្វចំនួន ២៣ ដែលអាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោន/ឆ្នាំ អាចផ្គត់ផ្គង់បានត្រឺមតែចំនួន ៥៥% នៃសេចក្តីត្រូវការក្នុងស្រុកសរុបចំនួន ២,២៧លានតោន/ឆ្នាំ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម