សន្តិសុខសង្គម
ស្នងការខេត្តកោះកុង ទទួលសំណុំរឿងរួចហើយ ករណីនគរបាលម្នាក់សង្ស័យ បើករថយន្តបុកកុមារីម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់
លោកស្នងការនគរបាលខេត្តកោះកុង អះអាងថា ការិយាល័យផ្នែកចរាចរណ៍នៅស្នងការដ្ឋាន បានទទួលសំណុំរឿង ពីអធិការដ្ឋានគរបាលក្រុងខេមរភូមិន្ទរួចរាល់ហើយ ដោយត្រៀមបញ្ចូនបន្តទៅតុលាការអនុវត្តតាមនីតិវិធី។

លោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះថា ក្រុមការងារការិយាល័យជំនាញរបស់លោក បានទទួលបែបសំណុំរឿងករណីមន្រ្តីនគរបាលក្រុងខេមរភូមិន្ទម្នាក់ សង្ស័យបើកបររថយន្តបុកចំពីក្រោយម៉ូតូ ១គ្រឿង បណ្តាលឱ្យកុមារីអាយុ ១២ឆ្នាំម្នាក់ស្លាប់ និងស្រ្តីជាម្តាយមីងរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកស្នងការនគរបាលខេត្ត បន្ថែមថា ការបញ្ចូនសំណុំរឿងនេះមកការិយាល័យជំនាញ ក្រោយរូបលោកបញ្ជាឱ្យលោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ពន្លឿនការធ្វើកសាងសំណុំតាមនីតិវិធីឱ្យបានច្បាស់លាស់ រួចបញ្ចូនស្នងការដ្ឋាននគរបាលខេត្ត។

លោក គង់ មនោ បញ្ជាក់ថា ករណីប្រសិនជាតុលាការរកឃើញថា ជនបង្កមានកំហុសពិតប្រាកដមែន នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយរងវិន័យរបស់នគរបាលជាតិទៀតផង។
លោក វ៉ៃ ភារិម្យ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង ថ្លែងថា គិតមកទល់ម៉ោងនេះ លោកនៅមិនទាន់ទទួលបែបសំណុំរឿង ពីអធិការនគរបាលក្រុងខេមរភូមិន្ទ ឬស្នងការនគរបាលខេត្តនោះទេ ចំពោះករណីមន្រ្តីនគរបាលម្នាក់ បានបើករថយន្តបុកកុមារីម្នាក់ស្លាប់ និងស្រ្តីម្នាក់ទៀតនៅក្នុងក្រុងខេមរភូមិន្ទ។

បើតាមតំណាងអយ្យការអមសាលាដំបូងខេត្ត ទោះបីជាមានការចចារត្រូវង៉ូវគ្នារឿងសំណងទូទាត់ រវាងគ្រួសារជនរងគ្រោះ និងជនបង្កហេតុក៏ដោយ ក៏នគរបាលចាំបាច់បញ្ចូនសំណុំរឿងនេះមកតុលាការដែរ ថ្វីត្បិតជនសង្ស័យករត់គេចខ្លួនយ៉ាងណាក្តី។ រីឯក្រុមគ្រួសារជនរងគ្រោះ ត្រូវបានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលក្រុងផងដែរ។

ដោយឡែកលោក ព្រឿង សារ៉ាត់ តំណាងក្រុមគ្រួសារជនរងគ្រោះ លើកឡើងថា រូបលោក និងសាច់ញាតិបងប្អូន សុំទាមទារឱ្យដោះស្រាយជាសំណងថវិកាចំនួន ៧ម៉ឺនដុល្លារអាមេរិក ឬតាមអ្វីដែលជាការសមស្រប និងចង់ឱ្យតុលាការផ្តន្ទាទោសដល់ជនបង្កតាមច្បាប់ ដើម្បីឱ្យសាកសមនឹងទង្វើជនបង្កបានធ្វើ និងប៉ះប៉ូវផ្លូវចិត្តចំពោះបាត់បង់ក្មួយស្រីជាទីស្រឡាញ់ ភរិយាក៏រងរបួសធ្ងន់ធ្ងរ ម៉ូតូខូចខាតអស់ និងម្តាយក៏កំពុងឈឺស្លាប់មួយចង្ហៀងខ្លួន។ ជាពិសេស ចង់ផ្ញើសារប្រាប់ដល់អ្នកបើកបរទាំងអស់ កុំយកគំរូអាក្រក់ពេលធ្វេសប្រហែស ឬសេពគ្រឿងស្រវឹង ហើយបើកបរបង្កហេតុគ្រោះថ្នាក់ចរាចរណ៍បន្តទៀត តាមដងផ្លូវដល់អ្នករួមដំណើរលើថ្នល់។
ជនសង្ស័យឈ្មោះ កែវ បញ្ញា ជាមន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រស់នៅភូមិ ៣ សង្កាត់ស្មាច់មាន បានបើករថយន្តម៉ាកFord ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អយ ឆ្ពោះមកកាន់រង្វង់លោកយាយរែកផ្លែឈើ។ លុះដល់ត្រង់ចំណុចមុខអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ក៏បានបុកពេញទំហឹងចំពីក្រោយម៉ូតូជនរងគ្រោះទាំងពីរ ពេលកំពុងធ្វើដំណើរដោយប្រកាន់ស្តាំ ទិសពីកើតទៅលិចអូសជាច្រើនម៉ែត្រ។ ភ្លាមៗនោះ មហាជនសង្កេតឃើញថា ជនបង្កព្យាយាមរត់គេច និងដោះស្លាកលេខឡានចេញរត់ចូលយានយន្តធ្វើឡានមួយកន្លែង ប៉ុន្តែជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណបាន៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ