ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយគ្រោងបោះទុនជាង ៣០០លានដុល្លារ បង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្ត នៅក្រុងព្រះសីហនុ
ក្រុមហ៊ុនចិនមួយ គ្រោងបោះទុនវិនិយោគបង្កើតរោងចក្រ ផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារអាមេរិក។
នៅក្នុងជំនួបជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី ២៨ កក្កដា នៅទីស្តីការក្រសួងលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន បានមានប្រសាសន៍ថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។
លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។
លោកបណ្ឌិត អ៊ិត សំហេង រីករាយចំពោះការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុន មកលើកម្មករ-និយោជិត ដែលជាសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈដ៏ល្អមួយ។ លោករដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយ ដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ។
លោក ឈិន ចៀនកាង បានបញ្ជាក់ថាបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។
លោកបានបន្ថែមថា ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន១,៣៧៤ លានដុល្លារអាមេរិក បានកើនឡើង ៣៨,២៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ