ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំក្រុមការងារហ្វេសប៊ុកត្រូវប្រមូលសំណើ និងសំណូមពររបស់ពលរដ្ឋ ហើយអាចចុះពិនិត្យបញ្ហានោះដោយផ្ទាល់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេច ត្រូវប្រមូល និងតាមដានបញ្ហារបស់ប្រជាពលរដ្ឋទាំងអស់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព។

ការណែនាំនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។ សម្ដេចបន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឲ្យក្រសួង-ស្ថាប័នទាំងអស់ តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឲ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោម បានមានប្រសាន៍ថា បន្ទាប់ពីសម្ដេចបង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន រយៈពេលប្រមាណ ២ឆ្នាំមក សម្ដេចសង្កេតឃើញថា មានមហាជនកាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ជាច្រើន មកកាន់ផេកហ្វេសប៊ុកសម្ដេច។ ហេតុដូច្នេះហើយ ទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះ ដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។

លោកនាយឧត្តមសេនីយ៍ ជា សុគន្ធា បានរាយការណ៍ឲ្យដឹងថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងារ បានបង្ហោះផ្សាយផ្ទាល់សកម្មភាពការងារសម្ដេចក្រឡាហោម និងបង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ និងបានដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន គោរពជូន សម្តេចក្រឡាហោម ជ្រាប និងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ បានចំនួន ២.០៥៦ គណនី។

លោកបន្តថា ក្រុមការងារនឹងបន្តការបង្ហោះផ្សាយផ្ទាល់សកម្មភាពការងារ របស់សម្ដេចក្រឡាហោម និងបង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុកសម្ដេច ដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន (Comment) ក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដើម្បីគោរពជូន សម្ដេច ជ្រាប និងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងបន្តតាមដាន និងជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងមតិរបស់មហាជន ក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម។
នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអានសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិរបស់មហាជន ហៅកាត់ថាក្រុមការងារហ្វេសប៊ុកផេកសម្ដេចក្រឡាហោម ស ខេង។ ក្រុមការងារនេះ មានលោក ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងហាផ្ទៃ និងជានាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ជាប្រធាន អមដោយអនុប្រធាន និងសមាជិកមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រុមការងារ។ ក្នុងនោះសម្ដេច ក៏បានសង្កត់ធ្ងន់ថា មន្រ្តីពាក់ព័ន្ធទាំងអស់ មិនត្រូវសន្មត់ថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើ ឬលើកឡើងមកនោះ ជារឿងតូចតាចឲ្យសោះ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឲ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់