Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅចំពោះមុខតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយថា កម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ហ្វុនតេល​លេស បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានអញ្ជើញទៅទស្សនកិច្ចនៅខេត្តសៀមរាប និងចំណាយពេល ១៦ម៉ោង ដើម្បីទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ របស់ព្រះរាជាណាចក្រកម្ពុជា ដែលរំលេចនូវភាពកំពូលមិនត្រឹមតែផ្នែកសិល្បៈទេ តែថែមទាំងផ្នែកស្ថាបត្យកម្មផងដែរហើយប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា គឺជាទ្រព្យសម្បត្តិរបស់មនុស្សលោក។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា។ លោក ក៏បានពិភាក្សាជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីបញ្ហាកិច្ចសហប្រតិបត្តិការ, ការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា, ករណីប្រព័ន្ធអនុគ្រោះពន្ធ EBA, កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប, និងបញ្ហារុស្ស៊ី-អ៊ុយក្រែន, រួមទាំងបញ្ហាមីយ៉ាន់ម៉ា ផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមាន លោក ចូសិប បូររែល ហ្វុនតេលលេស និងគណៈប្រតិភូសហភាពអឺរ៉ុប នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រកម្ពុជាក្នុងឱកាសជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលបានបញ្ចប់យ៉ាងជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ហើយក៏ថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការគាំទ្រកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ និងតួនាទីជាប្រេ​សិតពិសេសនៃប្រធានអាស៊ាន ស្ដីពី បញ្ហាមីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី ១១ កាលពីខែមីនាឆ្នាំ ២០២២កន្លងទៅនេះ ដែលបានរួមចំណែ​កដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំង ១៩៩២មក ដោយបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្ដការកូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើម ឲ្យមានការរៀបចំប្រជុំកំពូលរំលឹកខួបទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ហើយជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ នឹងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែ​ម​នូវភាពជាដៃគូយុទ្ធសាស្រ្ដអាស៊ាន-សហភាពអឺរ៉ុប។ ក្នុងនោះដែរ កម្ពុជា គាំទ្រជាគោលការណ៍ចំពោះ​ឯកសារជាទស្សនៈទាន របស់សហភាពអឺរ៉ុប ស្ដីពី សេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហភាពអឺរ៉ុប ស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប។

ចំពោះករណីប្រព័ន្ធអនុគ្រោះពន្ធ EBA សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។ ចំពោះករណីអ៊ុយក្រែន-រុស្ស៊ី គឺសម្ដេចតេជោ បានស្នើឲ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ពីព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស្ស៊ីនោះទេ តែវាធ្វើឲ្យមានការប៉ះពាល់ដល់ធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច សង្គម ទាំងនៅតំបន់អឺរ៉ុបផង និងទូទាំងពិភពលោកផង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកហេង សួរ ចាត់​ទុក​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺ​ជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

សន្តិសុខសង្គម១០ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម