នយោបាយ
លោក Antony Blinken ៖ អាមេរិកចង់បានខ្លាំងណាស់នូវទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា
លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកពិតជាចង់បានខ្លាំងណាស់នូវទំនាក់ទំនងជាវិជ្ជមានជាមួយប្រទេសកម្ពុជា។ លោក បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅរសៀលថ្ងៃសុក្រនេះនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ មុនលោកចាកចេញពីកម្ពុជានៅយប់នេះទៅកាន់ប្រទេសហ្វីលីពីន។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ លោក Antony Blinken បាននិយាយបែបនេះថា៖«យើងបានបញ្ជាក់ហើយពីបំណងដ៏ខ្លាំងក្លារបស់យើង នោះ គឺការចង់បាននូវទំនាក់ទំនងជាវិជ្ជមានរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ខ្ញុំចង់ធ្វើរឿងជាច្រើន ដើម្បីបញ្ហានេះ»។ ប៉ុន្តែ លោកក៏បានលើកឡើងថា ការចង់បានបែបនេះ គឺជួបនឹងការព្រួយបារម្ភមួយពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យនេះ រដ្ឋាភិបាលកម្ពុជា ម្តងជាពីរដង បានគូសបញ្ជាក់ហើយថា វាមិនមានអីត្រូវព្រួយបារម្ភនោះឡើយ ព្រោះកម្ពុជាកំពុងតែអនុវត្តយ៉ាងល្អចំពោះបញ្ហាទាំង២នេះ។
គួរបញ្ជាក់ថា លោក Antony Blinken បានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក បានលើកឡើងថា នេះ គឺជាលើកទី១របស់លោកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក។ លោកបានកោតសរសើរចំពោះការទទួលស្វាគមន៍រូបលោកប្រកបដោយភាពកក់ក្តៅ និងរាក់ទាក់ជាទីបំផុតពីសំណាក់ប្រជាជនកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ លោក Antony Blinken បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជំនួបនៅកម្ពុជានេះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើអាមេរិកតាមរយៈរូបលោកឱ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំង កម្ពុជាផងដែរ។ពាក់ព័ន្ធទៅនឹងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅក្នុងអំឡុងពេលសង្គ្រាមវិញ សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាបានធ្វើការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមក ហើយកម្ពុជានៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ។
ដោយឡែក ចំពោះបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់លោក Antony Blinken ថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន៤រូប កាលពីថ្មីៗនេះ នៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ ក៏កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ៕
ដោយ៖ វណ្ណ សុគន្ធា
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន