Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ កើនឡើងជិត ៤ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២១

បានផុស

នៅ

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្ម​ទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ (កើនឡើង ១០.៤%) នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ និងគណៈកម្មការធុរកិច្ចថៃ កាលពីរសៀលថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ លើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាព​ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។

លើសពីនេះទៀត លោករដ្ឋមន្រ្តី​ ក៏ស្វាគមន៍អ្នកវិនិយោគថៃ ដែលមានសក្តានុពលកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។

លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ និងគណៈកម្មការធុរកិច្ចថៃ បានថ្លែងថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេស នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹងនិងពង្រីក​ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។

លោក ឧកញ៉ា លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅ​មកសម្រាប់ភាគីទាំងពីរ។

លោកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម និងស្វែងរកដៃគូវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទទួលបានលទ្ធផលជាផ្លែផ្កា នាពេលអនាគត។

ទន្ទឹមនេះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក៏បានស្នើដល់លោកប្រធានគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន៖ ១. រៀបចំបេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ ២. ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ និងរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា និងទី៣. ចូលរួមវេទិកាធុរកិច្ចដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគនៃប្រទេស កម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម