KPT+
ហេតុផល ៥ យ៉ាង នៅពីក្រោយអ្នកដែលចូលចិត្តលាក់អារម្មណ៍
មនុស្សពូកែលាក់អារម្មណ៍ មិនមែនគេអស្ចារ្យជាងនរណា តែគេជ្រើសយកការមិននិយាយបង្ហាញអ្នកណា ហើយទុកភាពសោកសៅនោះតែឯង។ នេះក៏ដោយសារតែ អ្វីដែលគេមានអារម្មណ៍ គេមិនដឹងថាត្រូវបង្ហាញដល់បុគ្គលដែលពាក់ព័ន្ធ ឬចែកចាយតាមរបៀបណាល្អ ។
ប៉ុន្តែយ៉ាងណា នៅតែមានមនុស្សជាច្រើន ជ្រើសរើសលាក់អ្វីដែលពួកគេមានអារម្មណ៍។ អារម្មណ៍អវិជ្ជមានដូចជា កំហឹង ការខកចិត្ត ការសោកសៅ និងផ្សេងទៀត គឺជាប្រភេទនៃអារម្មណ៍ ដែលមិនអាចនៅម្នាក់ឯងជារៀងរហូត។ ហេតុអ្វីបានជាមនុស្សមួយចំនួន នៅតែជ្រើសរើសលាក់បាំងអ្វីៗទាំងអស់?
១ ខ្លាចថាខ្លួនឯងនឹងដាក់បន្ទុកអ្នកដទៃពេលនិយាយរឿង តាមពិតទៅ មានមនុស្សមួយចំនួនគិតថា មិនមាននរណាម្នាក់ដែលខ្វល់ពីខ្លួនគេនោះទេ។ ខណៈបុគ្គលខ្លះ ថែមទាំងសួរចំៗថា តើអ្នកមិនអីទេ? ឬប្រសិនបើអ្នកមានរឿងចង់និយាយអាចប្រាប់ខ្ញុំបាន។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួន បានជ្រើសរើសការគាបសង្កត់អារម្មណ៍ខ្លួនគេ ដោយសារតែស្ទាក់ស្ទើរក្នុងការនិយាយ ខ្លាចថាខ្លួនឯងនឹងដាក់បន្ទុកលើអ្នកដទៃ។ ជាពិសេស ប្រសិនបើបុគ្គលនោះមិនអាចធ្វើអ្វីបានដើម្បីជួយគាត់។ ដូច្នេះ គេចូលចិត្តធ្វើពុតជាមិនអី ទាំងដែលសាច់ខាងក្នុងឈឺស្ទើរតែប្រេះទៅហើយ។
២ តើអ្នកធ្លាប់ត្រូវបានគេវិនិច្ឆ័យនៅពេលបង្ហាញពីអារម្មណ៍ខ្លួនឯងទេ? ការត្រូវបានគេបង្កាច់បង្ខូច និងស្ដីបន្ទោស ខណៈពេលដែលព្យាយាមប្រាប់ពីអ្វីដែលខ្លួនកំពុងមានអារម្មណ៍ ក៏អាចជាគ្រាដ៏សោកសៅមួយសម្រាប់បុគ្គលម្នាក់នោះដែរ។ វាគ្មានអ្វីចម្លែកទេ ដែលគេជ្រើសរើសរក្សាអារម្មណ៍ឲ្យជិតស្និទ្ធនឹងខ្លួនឯងជាង។ បទពិសោធន៍ជូរចត់ក្នុងអតីតកាល ជារឿងងាយបំផុត សម្រាប់ធ្វើឲ្យនរណាម្នាក់មានរបួសស្នាមមិនងាយជាសះស្បើយ។ ប៉ុន្តែត្រូវចាំថា ការរក្សាភាពសោកសៅ និងការខកចិត្តរបស់អ្នកចំពោះខ្លួនឯង នឹងធ្វើឲ្យខ្លួនអ្នកឈឺចាប់វិញទេ។
៣ ធ្លាប់មានមនុស្សផ្សេងទៀត បានហាមឃាត់មិនឲ្យបង្ហាញពីអារម្មណ៍ អ្នកដែលធ្លាប់ត្រូវបង្ខំឲ្យនៅស្ងៀមពេលយំកាលពីក្មេង ច្បាស់ជាគិតថា ការបញ្ចេញអារម្មណ៍ជាទង្វើខុសឆ្គង។ នៅទីបំផុត អ្នកស៊ាំនឹងការរក្សាអារម្មណ៍បែបនេះ ហើយមិនចង់បង្ហាញភាពសោកសៅ ឬកំហឹងណាមួយនៅខាងក្នុងឡើយ។ មានមនុស្សជាច្រើន ដែលហាមអ្នកមិនឲ្យបញ្ចេញអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងឡាយណាដែលដឹងច្បាស់ជាងនេះ គួរតែមានវិធីត្រឹមត្រូវ ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក។ កុំទុកអារម្មណ៍សៅហ្មង កំហឹងតែឯង ឲ្យមករុំព័ន្ធបេះដូងរបស់អ្នក។ ចូររកអ្នកណាម្នាក់ ដែលអាចទុកចិត្តបាន ហើយនិយាយប្រាប់គេ។
៤ មិនមានកន្លែងត្រឹមត្រូវ ដើម្បីប្រាប់រឿង ពេលខ្លះមនុស្សដែលស្ងប់ស្ងៀមក៏ត្រូវការអ្នកស្ដាប់ដ៏ត្រឹមត្រូវ មិនមែនវិនិច្ឆ័យធ្វើដូចតុលាការនោះទេ។ ពីព្រោះ បណ្ដាញអារម្មណ៍ដ៏មានឥទ្ធិពលបំផុតមួយ គឺការប្រាប់អ្វីគ្រប់យ៉ាងដែលអ្នកមានអារម្មណ៍។ អ្វីដែលអ្នកចង់បានក៏ជាការបញ្ជាក់ ឬសន្មត់ថាអ្នកមិនខុសដែរ។ មិនថាអ្នកខុសយ៉ាងណាទេ ពេលអ្នកប្រាប់នរណាម្នាក់ អ្នកប្រាកដជាមិនចង់ត្រូវបានគេបន្ទោសទេ។ បើអ្នកមានកំហុស មធ្យោបាយប្រាប់គាត់ត្រូវតែល្អ ហើយមិនធ្វើឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់ឡើយ។ ការស្វែងរកមនុស្សដែលយល់ពីរឿងនេះ គឺពិបាកណាស់ ហើយមិនមែនគ្រប់គ្នាអាចទទួលបានវានោះទេ។ បើអ្នកទទួលបានមិត្ត ឬមនុស្សដែលស្រលាញ់អ្នក អាចព្រមស្ដាប់គ្រប់រឿងរបស់អ្នកបានគឺល្អពេកណាស់ទៅហើយ។។
៥ ខ្លាចមានអ្នកឈឺចាប់ ដោយសារភាពស្មោះត្រង់ ឬការនិយាយត្រង់ពេក ភាពស្មោះត្រង់ ជួនកាលអាចជាសេចក្ដីឈឺចាប់សម្រាប់មនុស្សមួយចំនួន។ នោះហើយជាមូលហេតុដែលមនុស្សមួយចំនួន ជ្រើសរើសរក្សានូវអ្វីដែលពួកគេមានអារម្មណ៍ ជំនួសឲ្យការបង្ហាញវា ដោយសារតែខ្លាចថាខ្លួនឯងនិយាយទៅនឹងប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ ការភ័យខ្លាចដែលមិនអាចធានាបានបែបនេះ គឺជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញទេ។ ម្យ៉ាងទៀត អ្នកកំពុងលះបង់ខ្លួនដើម្បីប្រយោជន៍អ្នកដទៃ បើអ្នកព្យាយាមស្មោះត្រង់ពេកមិនហ៊ាននិយាយត្រង់ៗទៅកាន់គេ។ ចំពោះបញ្ហានេះ យើងអាចយល់បាន ក្នុងការទប់អារម្មណ៍មិនហ៊ានប្រាប់ត្រង់ ប្រសិនបើអ្នកធ្វើវាតែម្តង ឬពីរដង។ ប៉ុន្តែប្រសិនបើបន្តស៊ាំនឹងរឿងនេះអស់រយៈពេលជាច្រើនឆ្នាំ សុខភាពផ្លូវចិត្តរបស់អ្នក អាចនឹងត្រូវបានគំរាមកំហែងមិនខាន។
យ៉ាងហោចណាស់ ត្រូវស្វែងរកកន្លែងត្រឹមត្រូវដើម្បីប្រាប់រឿង ដើម្បីដោះលែងរាល់ការត្អូញត្អែររបស់អ្នក ឲ្យអស់ជាជាងទុកតែឯងគរដូចភ្នំ។ ទន្ទឹមនោះ យើងក៏អាចធ្វើសកម្មភាពដែលអាចបញ្ជូនអារម្មណ៍ខ្លួនឯង ដូចជាតាមរយៈតន្ត្រី គំនូរ ឬការសរសេររឿងរ៉ាវខ្លួនឯងចូលកំណត់ហេតុ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាង គួរឈប់បន្ទោសខ្លួនឯងថា ជាបន្ទុកគ្រួសារទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani