វប្បធម៌ ជំនឿ
កូនខ្មែរកើតនៅបារាំង តាំងចិត្តហាត់របាំក្បាច់បុរាណ រហូតបានសម្ដែងឆាកធំនៅកម្ពុជា
ម្រាមដៃទន់ ដងខ្លួនល្វតល្វន់ ពត់ពេនតាមចង្វាក់ភ្លេងពិពាទ្យបទរបាំអប្សរា បានខាបអារម្មណ៍អ្នកទស្សនាស្លុងហាក់បានទៅដល់ពិភពបុរាណស្ងប់សុខសាន្ត។ បើមិនប្រាប់ ច្បាស់ជាមិនដឹងឡើយថា តួអង្គរបាំអប្សរាទាំងនោះ បានកើត និងរស់នៅធំដឹងក្ដីពីប្រទេសបារាំង ដ្បិតការរាំរបាំក្បាច់បុរាណរបស់នាង មិនមានឃ្លាងឃ្លាតចាកឆ្ងាយ ពីសិល្បការនី ឬសិស្សរបាំក្បាច់បុរាណនៅកម្ពុជាឡើយ។
ទើបតែបញ្ចប់ការសម្ដែងរបាំក្បាច់បុរាណ នៅក្នុងពិធីបើកព្រឹត្តិការណ៍ “សិល្បៈខ្មែរ” ប្រារព្ធសាលសន្និសីទចតុម្មុខ ថ្មីៗនេះ តួអង្គអប្សរាស យុវតី លក្ខិណា មានសម្ដីស្រទន់និយាយភាសាខ្មែរតិចៗមិនសូវច្បាស់ ដោយស្នៀងសំឡេងដូចជនជាតិបារាំងនិយាយភាសាខ្មែរ បានឱ្យដឹងថា ឆ្នាំនេះនាងមានអាយុ ១៥ ឆ្នាំ នាងបានចាប់ផ្ដើមហាត់រៀនរបាំក្បាច់បុរាណ តាំងនាងមានអាយុ ៨ ឆ្នាំ។
លក្ខិណា ដែលអាចនិយាយភាសាខ្មែរបានច្រើនជាអ្នកដទៃនោះបានបញ្ជាក់ថា ការហាត់រៀនរបាំក្បាច់បុរាណនេះ មិនមែនដោយសារជំរុញ ឬបង្ខំពីឪពុកម្ដាយនោះទេ គឺកើតពីទឹកចិត្តរបស់នាងដែលស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។
យុវតី អេលែន អាយុ ១៤ ឆ្នាំ បានឱ្យដឹងថា នាងបានចាប់ផ្ដើមហាត់រៀនរបាំ ពេលនាងមានអាយុ ៩ ឆ្នាំ។ ការហាត់រៀនរបាំក្បាច់បុរាណរាងពិបាកដែរចំពោះនាង ពិសេសគឺរបាំអប្សរាដែលមានការពិបាករៀនមែនទែន។
អេលែន បានឱ្យដឹងថា នាងមានទឹកចិត្តសប្បាយរីករាយខ្លាំង ពេលបានមកហាត់រៀនបន្ថែម និងបានសម្ដែងនៅឆាកដ៏ធំនៅកម្ពុជាពេលនេះ ដែលជាទឹកដីកំណើតរបស់ឪពុកម្ដាយរបស់នាង ព្រមទាំងមានទស្សនិកជនជាច្រើនមកទស្សនា និងទះដៃគាំទ្រខ្លាំងបែបនេះ។
ចំណែកយុវតី រក្សា អាយុ ១៣ ឆ្នាំ លើកឡើងថា នាងមានអារម្មណ៍ភិតភ័យខ្លះដែរ ពេលឡើងរាំលើឆាក ដែលមានទស្សនិកជនទស្សនាច្រើនបែបនេះ។ នាងសប្បាយចិត្តពេលបានគ្រងសំលៀកបំពាក់តួអង្គអប្សរាបែបនេះ។
យុវតី រក្សា បានឱ្យដឹងថា ចំពោះការស្លៀកពាក់របាំបុរាណ និងពាក់ម្កុដអប្សរា មានការលំបាកខ្លះដែរ ព្រមទាំងត្រូវចំណាយពេលស្លៀកពាក់យូរ ប៉ុន្តែនាងពេញចិត្តខ្លាំងដែលបានស្លៀកសំលៀកបំពាក់នេះ ព្រោះមានភាពស្រស់ស្អាត ថ្លៃថ្នូរ អស្ចារ្យ។
គួរបញ្ជាក់ថា ដំបូងឡើយនៅឆ្នាំ ២០១៦ លោកស្រី រស់ ច័ន្ទម៉ូលី ដែលជាសាស្ត្រាចារ្យរបាំបុរាណ មានស្វាមី និងបានទៅរស់នៅប្រទេសបារាំង បានបង្កើតបង្ហាត់បង្រៀនរបាំក្បាច់បុរាណដល់កូនខ្មែរដែលកើតនៅបារាំង នៅផ្ទះលោកស្រីផ្ទាល់។ ក្រោមមក ដោយមានការជ្រោមជ្រែង ពីលោក គាត សាផាន់ ជាអតីត ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអង្គការ យូនីស្កូ ដែលបច្ចុប្បន្ន លោកជា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសបារាំង បានផ្ដល់ទីកន្លែងឱ្យ សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង បានហាត់របាំនៅ និវាសនដ្ឋានខ្មែរ នៅទីក្រុងបារីស ប្រទេសបារាំង។
ពួកគេមានឱកាសហ្វឹកតែថ្ងៃសៅរ៍ រយៈពេល ៤ ម៉ោង ពីម៉ោង ២ ដល់ម៉ោង ៦ល្ងាច។ មុនពេល មកសម្ដែងនេះ ពួកគេមានពេលរយៈមួយសប្ដាហ៍ប៉ុណ្ណោះ ដើម្បីហាត់រៀនជាមួយគ្រូធំ ឬសាស្ត្រាចារ្យរបាំក្បាច់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួររម្លឹកថា នៅក្នុងព្រឹត្តិការណ៍ “សិល្បៈខ្មែរ” នេះ មានការសម្ដែងរួមគ្នារវាងសិល្បករ សិល្បការិនីពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង នូវទម្រាំងរបាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនខោល សៀក របាំសហសម័យ និងតន្ត្រីសម័យជាដើម ដោយមានទស្សនិកជនទស្សនាលើសចំនួនកៅអី នៃសាលសន្និសីទចតុម្មុខ មុនម៉ោងកំណត់ បើទោះបីមានភ្លៀងតាំងពីក្បាលព្រលប់ក្ដី៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់